អន្តរជាតិ
ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន និង កិច្ចព្រមព្រៀង RCEP នឹង​ដណ្តប់​របៀបវារៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​
26, Apr 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ​អាស៊ាន​ទាំង ១០ ចូល​ជជែក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០ នៅក្នុង​ហ្វីលីពីន​នៅ​ថ្ងៃ ២៩ ខែមេសា​ខាងមុខ​។  ប្រធានបទ​សំខាន់​ដែល​នឹង​គ្របដណ្តប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​គឺ ការ​ឈានទៅ​បញ្ចប់​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP)​។​



​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០​នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង​ម៉ានីល​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ដោយមាន​ការចូលរួម​ពី​បណ្តា​មេដឹកនាំ​អាស៊ាន​ទាំងអស់​ក្នុងនោះ​មាន​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​សមាជិក​អាស៊ាន​ចំនួន ៩ (​រាប់ទាំង​ប្រធាន​អាស៊ាន​) និង​រដ្ឋមន្ត្រី​កាបរទេស​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ផងដែរ​។​

​មេដឹកនាំ​អាស៊ាន​នឹង​ចំណាយ​ពេលវេលា​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រឈម​និង​ឱកាស​ក្នុង​ដំណើរ​ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ស្រប​ពេលដែល​អាស៊ាន​មាន​រយៈពេល ៥០​ឆ្នាំ​ល្មម​នៅ​ឆ្នាំនេះ​។ គួរ​ឲ្យ​ដឹង​ដែរ​ថា ពាក្យស្លោក​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​ក្នុងពេលដែល​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន​គឺ « ភាពជា​ដៃគូ​សម្រាប់​ការផ្លាស់ប្តូរ​, ផ្សាភ្ជាប់​ជាមួយ​ពិភពលោក​»​។​

​គេ​ដឹង​ច្បាស់​ថា ក្នុង​វេទិកា​កំពូល​ថ្នាក់​តំបន់​នេះ មេដឹកនាំ​ទាំង​១០ នឹង​ស្វះ​ស្វែងរក​យុទ្ធសាស្ត្រ​បន្ថែម​ដើម្បី​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​នៃ​តំបន់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ផ្អែកលើ​ការអភិវឌ្ឍ​ថ្នាក់មូលដ្ឋាន (People Centered Development) និង​ធ្វើយ៉ាងណា​ជំរុញ​កំណើនសេដ្ឋកិច្ច​តំបន់​ជាដើម​។ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នឹង​ជួប​ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន (APA), តំណាង​យុវជន​អាស៊ាន និង​បណ្តា​តំណាង​សង្គម​ស៊ីវិល​អាស៊ាន​ផងដែរ​ដើម្បី​ស្តាប់​យោបល់​និង​ធានាថា​គំនិត​យោបល់​និង​អនុសាសន៍​ភាគី​ពាក់ព័ន្ធ​មកពី​វិស័យ​ផ្សេងៗ​នេះ​នឹងត្រូវ​បញ្ចូល​ក្នុង​គោលនយោបាយ​អាស៊ាន​។ ការធ្វើ​បែបនេះ វា​នឹង​អាច​ធានាបាន​នូវ​ប្រយោជន៍​សហគមន៍​ទាំងមូល​។​

​ក្រៅពី​បញ្ហា​ផ្ទៃក្នុង​របស់​អាស៊ាន​ផ្ទាល់​បញ្ហា​កូរ៉េខាងជើង​ក៏​ជា​ប្រធានបទ​ក្តី​ផងដែរ​ព្រោះ​ឧបទ្វីប​កូរ៉េ​កំពុងស្ថិត​ក្នុងស្ថានភាព​តានតឹង​ខ្លាំង​។ ប៉ុន្តែ​ប្រធាន​សំខាន់​ដែល​នឹង​គ្របដណ្តប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ការ​ឈានទៅ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​និង ការ​ព​ន្លឿ​ន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP​។​

១.​មេដឹកនាំ​អាស៊ាន​បន្ត​ជជែក​ពី​ការបញ្ចប់​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​

​រឿង​ដែល​ចៀស​មិន​ផុត​ឡើយ ដែល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ប្រធានបទ​សំខាន់​ក្នុង កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខ ទោះបីជា​រយៈពេល​ចុងក្រោយ​នេះ​បញ្ហា​ជម្លោះដែនសមុទ្រ​នេះ​មិនសូវ​ក្តៅ​ក៏ដោយ​។​

​យោងតាម​សា្មរ​តី​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​នៅ Boracay កាលពី​ចុងខែ​កុម្ភៈ រដ្ឋមន្ត្រី​ការ​បរ​តេស​នៃ​បណ្តា​ភាគី​ពាក់ព័ន្ធ​អាស៊ាន​និង​ចិន​រំពឹងថា ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​អាច​នឹងត្រូវ​ចងក្រង​ច​ប់​សព្វគ្រប់​នៅក្នុង​ខែមិថុនា​ខាងមុខ​។

​យោងតាម​សារព័ត៌មាន Channel News Asia ប្រធាន​កម្មវិធី​នយោបាយ​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​នៃ​ប្រទេស​សិង្ហ​បុរី Lee Chen Chen បាន​លើកឡើងថា ការ​ចងក្រង​ក្រម​ប្រតិបត្តិ​នេះ​នឹង​ក្លាយជា​រឿង​សំខាន់បំផុត​សម្រាប់​មេដឹកនាំ​អាស៊ាន​ព្រោះ​ពួកគេ​រំពឹង​បញ្ចប់​ការ​ច្រង​ក្រង​ក្របខណ្ឌ​ក្រម​ប្រតិបត្តិ​នេះ​នៅត្រឹម​ខែមិថុនា​។​

​អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា​៖«​យើង​នៅតែ​មើលឃើញថា ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ជា​យន្តការ​មួយ​ដ៏​សំខាន់​សម្រាប់​អាស៊ាន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ក៏ដោយ​សារ​យុទ្ធសាស្ត្រ​របស់​ចិន​គឺ​ការចរចា​ទ្វេភាគី​»​។​

​អ្នកជំនាញ​រូបនេះ​បាន​ពន្យល់​បន្ថែមថា ៖«​អាស៊ាន នៅពេលដែល​សម្រេចបាន​ក្រម​ប្រតិបត្តិ​នេះ​នឹង​អាចដាក់​សម្ពាធ​លើ​ចិន​ឲ្យ​បន្ត​ចរចា​លើ​ន​បញ្ហាសំខាន់​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ភាគី​ជម្លោះ​ជាមួយ​អាស៊ាន​ជា​ក្រុម​តែម្តង​។ ខ្ញុំ​គិតថា​វា​ជួយ​ឲ្យ​អាស៊ាន​ស្ថិតក្នុង​ជំហរ​មួយ​ដែល​រឹងមាំ​ទល់មុខ​ជាមួយ​ចិន​តែម្តង​»​។​

​ហ្វីលីពីន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ហាក់​កំពុង​ប្រឹងប្រែង​ខ្លាំង​ដើម្បី​បង្រួបបង្រួម​អាស៊ាន​ជា​ធ្លុង​មួយ​និង​រក្សាបាន​គោលការណ៍​ជា ឯក​ច្ឆ័​ន​ដើម្បី​តតាំង​ជាមួយ​មហា​យក្ស​ចិន​ក្នុង​ការចរចា​គ្នា​លើ​បញ្ហា​ជម្លោះដែនសមុទ្រ​នេះ​។ រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​សមាជិក អាស៊ាន​នៅ​បែកខ្ញែក​គ្នា​ខ្លាំង​នៅពេលដែល​និយាយ ការ​តតាំង​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។

​កន្លងមក សូម្បីតែ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ថា សិង្ហ​បុរី​សង្ឃឹម​ដូចគ្នា​ចំពោះ​ការបញ្ចប់​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​នេះ​។ លោក​ពន្យល់ថា វា​ជា​កិច្ចការ​លំបាក​បំផុត​មួយ​សម្រាប់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ ប៉ុន្តែ​វា​ជា​លិខិតបទដ្ឋាន​សំខាន់បំផុត​មួយ​ដែល​មិនអាច​ខ្វះ​បានឡើយ​។​

២.​អាស៊ាន​ផ្តោតលើ ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP


​ក្រៅពី​បញ្ហា​ជម្លោះដែនសមុទ្រ ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្នាក់​តំបន់​ក៏​ជា​ប្រធានបទ​សំខាន់​ខ្លាំង​ដែរ​សម្រាប់​កិច្ចប្រជុំ​នេះ​។ កន្លងមក​ហ្វីលីពីន​រំពឹងថា ការចរចា​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) នេះ​នឹងត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៧​នេះ ស្រប​ពេលដែល​បរិបទ​សេដ្ឋកិច្ចពិភពលោក​និង​តំបន់​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​។​

 បន្ទាប់ពី​អាមេរិក​បញ្ចប់ សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) កាលពី​ប៉ុន្មាន​ខែ​មុន គ្រប់គ្នា​ចាប់ផ្តើម​ព្រួយបារម្ភ​ខ្លះ​ពី​អនាគត​ពាណិជ្ជកម្ម​សេរី និង បម្លាស់ប្តូរ​សេដ្ឋកិច្ច​សកល​ផងដែរ​។ ប៉ុន្តែ​ប្រទេស​ជាច្រើន​រួមទាំង​សមាជិក TPP ផង​នោះ​ហាក់​មើលឃើញថា កិច្ចព្រមព្រៀង RCEP នេះ​អាចមាន​តួនាទី​សំខាន់​ជំនួស​កិច្ចព្រមព្រៀង​ដែល​ស្នើឡើង​ដោយ​អាមេរិក TPP បាន​នាពេល​អនាគត​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​ត្រូវបាន​គេ​ស្នើឡើង​ដំបូង​នៅ​ឆ្នាំ ២០១២ នាទី​ក្រុងភ្នំពេញ​ដោយមាន​សមាជិក​សរុប ១៦ ហើយ​ក្នុងនោះ​មាន​ប្រទេស​អាស៊ាន​ទាំង ១០ រួមជាមួយ​ដៃគូ​សន្ទនា​ចំនួន ៦​ផ្សេង​ទៀតផង​។ កាលបរិច្ឆេទ​នៃ​ការបញ្ចប់​ការចរចា​ដើម​ឡើង​គឺ​ចុងឆ្នាំ ២០១៥ ប៉ុន្តែ​ការចរចា​មិនអាច​បញ្ចប់​តាម​ការគ្រោងទុក​នោះឡើយ​។ មកដល់​បច្ចុប្បន្ន​សមា​ជិ​ក​កំពុង​ព​ន្លឿ​ន​ការចរចា ហើយ​គេ​សង្ឃឹមថា​កិច្ចចរចា​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៧ នេះ​។​មាន​សមាជិក​សរុប ១៦ បើ​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ វា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំ​ដែលមាន​ប្រជាជន​រហូតដល់ ៣,៥​ពាន់​លាន​នាក់​ឯណោះ​។

​យ៉ាងណាមិញ គេ​នៅតែ​ពិបាក​រំពឹង​ដែរ​ចំពោះ​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ តាម​ការរំពឹងទុក​។ អ្នកជំនាញ​មើលឃើញថា មហាអំណាច​ដែលជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​ទំនងជា​មិន​ងាយ​ឯកភាពគ្នា​បញ្ចប់​ការចរចា​ឆាប់ៗ​ឡើយ​។​

​យោងតាម​សារព័ត៌មាន Channel News Asia  អ្នកស្រាវជ្រាវ​ប្រចាំ​នៅ​សាលា​គោលនយោបាយ​សាធារណៈ​លី ក្វាន់​យូ លោក James Crabtree បាន​ពន្យល់​ដូច្នេះ​ថា​៖« វា​ជា​រឿង​លំបាក​បំផុត​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បានអនុម័ត​ព្រោះ​វា​ត្រូវការ​ការឯកភាព​គ្នារ​វាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ពីរ​នៅក្នុង​តំបន់​។ ចិន​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ដែល​ពឹង​លើ​ការផលិត ខណៈដែល​ឥណ្ឌា​មាន​សេដ្ឋកិច្ច​ធំ​ដែល​ពឹង​ផ្អែកលើ​សេវា​។ ដូច្នេះ​ង​ហើយ​ចង់​ឲ្យ​មហាអំណាច​ទាំងពីរ​នេះ​ឯកភាពគ្នា ហើយ​ឯកភាពគ្នា​ជាមួយ​ប្រទេស​ផ្សេងទៀត​ជា​សមាជិក​នោះ​គឺជា​រឿង​លំបាក​បំផុត​»​។​

​ក្រៅពី​ការលំបាក​ដែល​បាន​រៀបរាប់​ខាងលើ អ្នកជំនាញ​ខ្លះទៀត​យល់ឃើញថា កិច្ចព្រមព្រៀង RCEP ទំនង​ចេញ​ជា​ពិបាក​ចេញរួច ព្រោះ​ប្រទេស​មួយចំនួន​ដែលជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ចង់​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ចាស់​ឡើងវិញ​ដោយ​គ្មាន​អាមេរិក​។

​យ៉ាងណាក៏ដោយ ការ​ឈានទៅ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ​ជា​រឿង​លំបាក​បំផុត​មួយ​។ វា​ចាំបាច់​ត្រូវមាន​ការចរចា​គ្នា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​។ នេះ​ក៏ដោយ​សារ តាម​បទបញ្ញត្តិ វា​តម្រូវ​ឲ្យ​សមាជិក​ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​យ៉ាងហោចណាស់​ស្មើ ៨៥​ភាគរយ​នៃ​ផលិតផល​ក្នុង​សរុប​នៃ​សមាជិក​កិច្ចព្រមព្រៀង​ទាំងមូល​នោះ ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះហើយ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​នៅពេលដែល​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះនោះ​។​


Tag:
 អាស៊ាន​
  ហ្វីលីពីន​
  RCEP
  COC
  ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com