អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង ដង្ហោយ​រកការ​គាំទ្រ​ពី​រដ្ឋ​អាស៊ាន​ដើម្បី​បញ្ចៀស​សង្គ្រាម​ជាមួយ​អាមេរិក​
28, Apr 2017 , 11:28 am        
រូបភាព
 
 
​កូរ៉េខាងជើង បាន​ដង្ហោយ​រក​ការគាំទ្រ​ពីរ​ដ្ឋ​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន (ASEAN) ក្នុង​ជម្លោះ​ជាមួយ​អាមេរិក ដែល​កំពុងស្ថិត​លើផ្លូវ​ដ៏​គ្រោះថ្នាក់​។ ដោយ​ទម្លាក់កំហុស​លើ​អាមេរិក កូរ៉េខាងជើង ចាត់ទុក​ការប្រឈមមុខគ្នា​នៅពេលនេះ កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ឈានទៅរក​សង្គ្រាម​នុយក្លេអ៊ែ​រ​ដ៏​មហន្តរាយ និង​បានស្នើ​ឲ្យ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស ជួយ​បញ្ចៀស​គ្រោះកាច​នេះ​ផង​។  

 
​អាច​ចាត់ទុកជា​រឿង​មិនធម្មតា​ឬ​កម្រ​មួយ ដែល​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong-ho បាន​សរសេរ​សំបុត្រ​មួយ​ទៅកាន់​អគ្គលេខាធិការ​អាស៊ាន ដោយបាន​រ៉ាយរ៉ាប់​ពី​ទង្វើ​មិន​សមគួរ​របស់​អាមេរិក ដែល​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង​។ តាមរយៈ​សំបុត្រ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​កូរ៉េខាងជើង ក៏បាន​ព្រមាន​ពី​គ្រោះថ្នាក់​ការ​ផ្ទុះឡើង​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​ដើមចម​នៃ​សង្គ្រាម​នេះ គឺ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​តែម្ដង​។ 
 
​ក្នុង​សំបុត្រ​ដ៏​កម្រ​នេះ ប្រមុខ​ការទូត​កូរ៉េខាងជើង ក៏​ទទូច​ឲ្យ​អគ្គលេខាធិការ​អាស៊ាន ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ស្ថានការណ៍​គ្រោះថ្នាក់​នៅ​ឧបទ្វីប​កូរ៉េ និង​លើក​ជា​សំណើ​សមស្រប​សម្រាប់​ដោះស្រាយ​បញ្ហា​នេះដែរ​។ ឆ្លៀត​ពេលនោះ កូរ៉េខាងជើង ក៏​មិន​ភ្លេច​រិះគន់​សមយុទ្ធ​ប្រចាំឆ្នាំ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែលជា​មូលហេតុ​ដ៏​សំខាន់​នាំ​ឲ្យ​កូរ៉េខាងជើង​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ទុក​ការពារ​ខ្លួន​នោះ​។​
 
​បើតាម​សំបុត្រ​ដដែល រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រំពឹងថា​៖ «​អាស៊ាន ដែលមាន​តួនាទី​សំខាន់​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​តំបន់ នឹង​អធិប្បាយ​លើ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ក្នុងជំនួប​ប្រចាំឆ្នាំ​របស់ខ្លួន ដោយ​ឈរលើ​ជំហរ​យុត្តិធម៌ ក៏ដូចជា​បន្ត​ការពារ​សន្តិភាព និង​សុវត្ថិភាព​ឧបទ្វីប​កូរ៉េ​ផងដែរ​»​។​
 
​បើ​ទោះ​មានឈ្មោះ​ជា​រដ្ឋ​ក្រីក្រ ហើយ​មិនសូវមាន​អ្នក​រាប់​រកក្ដី កូរ៉េខាងជើង ក៏​នៅមាន​មិត្តភក្ដិ​ច្រើន​នៅ​អាស៊ាន​ដែរ​។ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម អាចនិយាយបាន​ជា​មិត្ត​ល្អ​របស់​កូរ៉េខាងជើង ហើយ​បើ​និយាយ​ពី​អាស៊ាន​ទៀត កូរ៉េខាងជើង ក៏​ជា​ដៃគូ​សន្ទនា​របស់​អង្គការ​តំបន់​មួយ​នេះដែរ​។ យ៉ាងណាក្ដី នាពេល​កន្លងមក អាស៊ាន ក៏បាន​រិះគន់​ខ្លាំងៗ​លើ​កូរ៉េខាងជើង ដែល​ចិញ្ចឹមចិត្ត​បន្ត​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដែរ​។​
 
​ស្ទើរ​រាល់​ពេលដែល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល រដ្ឋ​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស តែង​ចេញ​សេចក្ដីថ្លែងការណ៍​រួម ថ្កោលទោស​ដៃគូ​សន្ទនា​របស់ខ្លួន​។ អាស៊ាន ក៏​ស្នើ​ឲ្យ​កូរ៉េខាងជើង គោរព​តាម​សេចក្ដីសម្រេច​ទាំងឡាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​សំដៅ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ បន្ថែម​ពីនេះ អាស៊ាន ក៏​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ រក្សា​ការអត់ធ្មត់​ខ្ពស់​ដើម្បី​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​៕  
 
 

Tag:
 កូរ៉េខាងជើង​
  អាស៊ាន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com