ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ​លោក ឈាន ពិសិដ្ឋ ផ្លាស់ប្តូរ​ទីតាំង​លាក់ខ្លួន ក្រោយពី​សមត្ថកិច្ច​ស៊ើប​ដឹង​
28, Apr 2017 , 1:40 pm        
រូបភាព

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា សមត្ថកិច្ច​មិនទាន់​អាច​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ មក​ដាក់ទោស​តាមច្បាប់​ឡើយ ដោយសារតែ​ជន​ប្រព្រឹត្ត​កំហុស​រូបនេះ បាន​ផ្លាស់ប្តូរ​ទីតាំង​លាក់ខ្លួន​។​



​សមត្ថកិច្ច ធ្លាប់​អះអាងថា បាន​ស្គាល់​កន្លែង​លាក់ខ្លួន​លោក ឈាន ពិសិដ្ឋ ដែល​បាន​បាញ់​គំរាម​ទៅលើ​មន្ត្រី​អន្តោប្រវេសន៍​ក្នុង​អង្គភាព​ជាមួយគ្នា​នោះ​ម្ដង​ហើយ​។ ប៉ុន្តែ​នៅពេលនេះ​សមត្ថកិច្ច នៅតែ​មិនទាន់​អាច​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ បានទេ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា មូល​ហេតុដែល​សមត្ថកិច្ច​មិនទាន់​អាច​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ បាន​នោះ គឺ​ដោយសារតែ​បុគ្គល​រូបនេះ បាន​ផ្លាស់ប្ដូរ​ទីតាំង​លាក់ខ្លួន ក្រោយពី​សមត្ថកិច្ច​ស៊ើប​ដឹង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជនល្មើស​រត់គេចខ្លួន​ហើយ មិនមែន​នៅតែ​មួយកន្លែង​ទេ​។ ឥឡូវ​សមត្ថកិច្ច​យើង​កំពុង​ប្រតិបត្តិ​ការតាមរក​ជន​ល្មើស​នេះ​»​។​

​តែ​យ៉ាងណា លោក ខៀវ សុភ័គ ពុំ​អាច​បង្ហើប​ពី​ទីតាំង​ដែល​លោក ឈាន ពិសិដ្ឋ កំពុង​លាក់ខ្លួន​នោះទេ ដោយ​លោក​បាន​លើក​ហេតុផល​ថា វា​ជា​រឿង ស៊ើបអង្កេត​សម្ងាត់​របស់​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់ថា លោក ឈាន ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ដែល​ធ្លាប់មាន​ជម្លោះ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៦ កន្លងមក នៅ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នោះ បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា នេះ​។ មួយថ្ងៃ​ក្រោយ​ករណី​ផ្ទុះអាវុធ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានសម្រេច​ដក​ឋានន្តរស័ក្តិ និង​បណ្តេញ​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​ភ្លាមៗ​ផងដែរ កាលពី​ថ្ងៃទី​១០ មេសា តាម​សំណើ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ៕


Tag:
 ឈាន ពិសិដ្ឋ​
 ​ខៀវ សុភ័គ
© រក្សាសិទ្ធិដោយ thmeythmey.com