ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទង្វើរ​ដែល​កំពុងតែ​ប្រាប់ថា អ្នក​ជិត​មាន​ជំងឺ​គាំងបេះដូង​ហើយ​
28, Apr 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​គិតថា បេះដូង​នឹងមាន​សុខ​ភាពល្អ​កាលណា​អ្នក​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​មានរឿង​ដ៏​ស្ងៀម​ស្ងា​ត​ជាច្រើន​ដែល​វា​ជា​កត្តា​នាំ​ឲ្យ​អ្នក​កាន់តែ​ងាយ​កើត​ជំងឺ​បេះដូង និង​គាំងបេះដូង​បាន​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន ដែល​កំពុងតែ​ប្រាប់​អ្នក​ថា បេះដូង​ជិត​មាន​បញ្ហា និង​ត្រូវការ​ការយកចិត្តទុកដាក់​ហើយ​៖



​ចូលចិត្ត​ចំណាយពេល​នៅមុខ​កញ្ចក​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ពេក​
​កាលណា​អ្នកចំណាយ​ពេលវេលា​ច្រើន​នៅមុខ​ម៉ាស៊ីន​ទាំងអស់នោះ ឬ​ចាប់ពី​បួន​ម៉ោង​ឡើងទៅ​ក្នុង​មួយថ្ងៃ អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​រហូតដល់ ១២៥​ភាគរយ​។​

​គេង​តិចជាង ៦​ម៉ោង​ក្នុង​មួយថ្ងៃ​

​ការ​គេង​មិនបាន​គ្រប់គ្រាន់​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​។ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅពេល​យប់ និង​ព្យាយាម​គេង​យ៉ាងហោចណាស់ ៧​ម៉ោង​ឡើងទៅ​ក្នុង​មួយ​យប់​។​

​ប៉ះពាល់​ទៅនឹង​សីតុណ្ហភាព​ខ្ពស់​ពេក​
​អ្នកជំនាញ​និយាយថា អ្នក​ដែល​រស់នៅក្នុង​តំបន់​ដែល​ក្តៅ​ពេក ឬ​ត្រជាក់​ពេក គឺមាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា ជំងឺ​គាំងបេះដូង​ជាដើម​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​ឲ្យ​ខ្លួនឯង​មាន​ភាពកកក្តៅ​គ្រប់គ្រាន់​សម្រាប់​រដូវរ​ងារ និង​ត្រជាក់​គ្រប់គ្រាន់​សម្រាប់​រដូវក្តៅ​។ ចូរ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ផង​។​

​កន្លែង​ដែលមាន​ផ្សែង​បំពុលបរិយាកាស
​អ្នក​ប្រហែលជា​គិតថា ផ្សែង​បំពុលបរិយាកាស​គ្រាន់តែ​ប៉ះពាល់​ទៅលើ​សួត​ប៉ុន្តែ ប៉ុន្តែ​វា​ក៏​ផ្តល់​គ្រោះ​ថ្នាក់លើ​បេះដូង​ដូចគ្នា​ដែរ​។ ការសិក្សា​បាន​រកឃើញថា ការប៉ះពាល់​នឹង​កន្លែង​ដែលមាន​ការបំពុល​បរិយាកាស​ខ្លាំង អាច​បណ្តាល​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង ហើយ​ភាគច្រើន​នឹង​កើត​ឡើងលើ​មនុស្ស​ចាស់​តែម្តង​។ ផ្សែង​បំពុលបរិយាកាស​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​ហេតុ​នាំ​ឲ្យ​កើតជា​កំណក​ក្នុង​សរសៃឈាម និង​បង្ក​ការ​រលាក​ដល់​បេះដូង​។​

​លែងលះគ្នា​
​ការសិក្សា​បង្ហាញថា អ្នក​ដែល​ឆ្លងកាត់​ភាព​ស្ត្រេ​ស និង​ឈឺក្បាល​ដោយសារ​ការលេង​លះ​គ្នា​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​។ ស្ត្រី​ដែល​លែងលះគ្នា​ប្រឈម​នឹង​ការ​គាំងបេះដូង​រហូតដល់ ២៥​ភាគរយ និង​បុរស ៣០​ភាគរយ​។​

​ឆាប់​ខឹង​
​ការ​ដែលមាន​កំហឹងរ​ហូត​ដល់​បោក​ចាន​បោក​ឆ្នាំ​មិនមែនជា​កត្តា​ជំរុញ​ឲ្យ​មាន​សុខ​ភាពល្អ​នោះទេ​។ ប៉ុន្តែ​ការដែល​ឆាប់​ខឹង​ពេក​នឹងធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង ដែល​វា​ទំនងជា​ដើមហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់ជាង​អ្នក​ធម្មតា​រហូតដល់ ៩​ដង​។​

​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅៗ​
​បើសិនជា​អ្នកមាន​ទម្លាប់​ញ៉ាំ​អាហារ​ពេលយប់ៗ​ពេក យក​ល្អ​គួរតែ​ឈប់​ទៅ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​។ ហើយ​កាលណា​លើស​សម្ពាធ​ឈាម​បែបនេះ វា​ប្រឈម​ខ្ពស់​នឹង​ការ​គាំងបេះដូង​ណាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com