ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នៃ​ការអាន​សៀវភៅ​មុន​ចូល​គេង​
27, Dec 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យើង​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​គេង​គឺជា​រឿង​សំខាន់​។ ប៉ុន្តែ​អ្វីដែល​អ្នកធ្វើ​មុនពេល​ចូល​គេង​ក៏​សំខាន់​ដែរ​។ ទម្លាប់​ជាច្រើន​អាចបង្កើត​បាន​នូវ​ឥទ្ធិពល​ដ៏​ធំ​មួយ​ចំពោះ​ការ​គេង និង​សុខភាព​។ មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​អាន​សៀវភៅ​មុនពេល​ចូល​គេង​។



បើសិនជា​រឿងនេះ​អ្នក​ចូលចិត្ត​ស្រាប់​ហើយ វា​ពិតជា​ល្អ​ខ្លាំងណាស់ ព្រោះថា​ការអាន​សៀវភៅ​មុនពេល​ចូល​គេង​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ដែល​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​។​

​បំបាត់​ភាព​តានតឹង​
​ការអាន​សៀវភៅ​មុនពេល​ចូល​គេង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទម្រ​ង​នៃ​ការព្យាបាល​មួយ​ប្រភេទ​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​មាន​ភាព​ធូរស្រាល​។ កាលណា​មនុ​ស្សមានភាព​ស្ត្រេ​ស​កាន់តែច្រើន វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដែលជា​ហេតុ​នាំ​ឲ្យ​ងាយ​កើតជា​ជំងឺ​ណាស់​។ ដូច្នេះ​បើសិនជា​អ្នក​អាច​គ្រប់គ្រង​ស្ត្រេ​សបាន​តាមរយៈ​ការអាន​សៀវភៅ អ្នកនឹង​ទទួលបាន​ការព្យាបាល​ដោយ​ខ្លួនឯង​។​

​ជំរុញ​ដល់​ការ​គេង​

​បើសិនជា​អ្នក​ចង់​គេង​លក់​កាន់តែ​ស្រួល ចូរ​សាង​ទម្លាប់​អាន​សៀវភៅ​មុនពេល​ចូល​គេង​ទៅ​។ វា​នឹង​ជួយ​បន្ធូរ​ដល់​ភាព​តានតឹង​ក្នុង​រាងកាយ និង​ត្រៀមខ្លួន​សម្រាប់​ការ​គេង​លក់​កាន់តែ​ស្រួល​។ នៅពេល​អ្នក​អាច​ទទួលបាន​ទម្លាប់​នេះហើយ អ្នកនឹង​គេង​បាន​កាន់តែ​ទៀងទាត់​។ យក​ល្អ​គួរតែ​អាន​សៀវភៅ​កាន់​នឹង​ដៃ កុំ​អាន​សៀវភៅ​អេឡិចត្រូនិក​ព្រោះ​វា​អាច​រំខាន​ដល់​ចង្វាក់​នៃ​ការ​ងងុយគេង​បាន​។​

​ពង្រឹង​ដល់​ភាព​ឆ្លាត​វ៉ៃ​
​ចូរ​ចាប់ផ្តើម​អាន​សៀវភៅ​មុន​ចូល​គេង​ទៅ​ទោះបី​ជាមាន​ពេល​តែ ១៥​នាទី​ក៏ដោយ ព្រោះ​វា​នឹង​ជួយ​ជំរុញ​ដល់​សកម្មភាព​របស់​ខួរក្បាល និង​កោសិកា​ក្នុង​ខួរក្បាល​កាន់​តែមាន​សុខភាព​ល្អ​។ អ្វីដែល​កាន់តែ​ល្អ​នោះ​គឺថា​ការអាន​សៀវភៅ​នឹង​បង្កើន​កោសិកា​ខួរក្បាល​ថ្មីៗ​។​

​បង្ការ​ភាព​ភ្លេចភ្លាំង​
​ការអាន​សៀវភៅ​មុន​ចូល​គេង​នឹង​ជួយ​ជំរុញ​ដល់​ឱកាស​នៃ​ការប្រឆាំង​ភាព​ភ្លេចភ្លាំង​បាន​។ រឿងនេះ​គួរតែ​អរគុណ​ដល់​អត្ថប្រយោជន៍​ខាងលើ​ដោយសារ​វា​ពង្រឹង​ដល់​ភាព​ឆ្លាត​វ៉ៃ​។ អ្វីដែល​សំខាន់​នោះ​គឺថា ការអាន​សៀវភៅ​ក៏​បន្ថយ​ភាព​ខូចខាត​ខាង​បញ្ញា​ស្មារតី​ដែរ​។​

​បង្កើន​ជំនាញ​ក្នុងសង្គម​
​តាម​ការសិក្សា​មួយ​បាន​រកឃើញថា ការអាន​សៀវភៅ​នឹង​ជួយ​ឲ្យ​អ្នក​យល់ដឹង​អំពី​អារម្មណ៍​របស់​អ្នកដទៃ​។ វា​ក៏​ជួយ​ឲ្យ​អ្នកចេះ​យល់ចិត្ត​អ្នកដទៃ​បានដែរ ដូច្នេះ​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញខ្លួន​កាន់តែ​ងាយស្រួល​។ ការអាន​សៀវភៅ​មុនពេល​ចូល​គេង​នឹង​ជួយ​ជម្រុញ​ដល់​ជំនាញ​បត់​បែប​តាម​កាលៈទេសៈ​ក្នុងសង្គម​រស់នៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com