កីឡាអន្តរជាតិ
អន្តរជាតិ
FIFA សម្រេច​ឲ្យ​ប្រើប្រាស់​វីដេអូ​ជា​ជំនួយការ​កាត់ក្តី​ការប្រកួត World Cup នៅ​រុស្ស៊ី​
28, Apr 2017 , 4:31 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិFIFA
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិFIFA
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួយការ​អាជ្ញាកណ្ដាល​ជា​វីដេអូ (Video Assistant Referees) ទៅក្នុង​ការប្រកួត​ពាន​រង្វាន់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​



«​យើង​នឹង​ប្រើប្រាស់ Video Assistant Referees នៅក្នុង​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឆ្នាំក្រោយ ពីព្រោះ​យើង​បាន​ទទួលផល​វិជ្ជមាន​ច្រើន​ពី​ការដាក់​សាកល្បង​ជំនួយការ​ជា​វីដេអូ​នេះ​នាពេល​កន្លងមក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Infantino នា​សន្និបាត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ក្នុង​រដ្ឋធានី Santiago ប្រទេស​ស៊ី​លី កាលពី​ថ្ងៃទី​២៥ ខែមេសា​កន្លងទៅ​។​

​ប្រធាន FIFA សញ្ជាតិ​ស្វី​សវ័យ​៤៧​រូបនេះ​បាន​បន្តទៀតថា​៖«​ការដាក់​ជំនួយការ​អាជ្ញាកណ្ដាល​ជា​វីដេអូ​នេះ គឺ​វា​មាន​ប្រយោជន៍​ត្រង់​ថា​អ្នកទស្សនា​នៅ​កីឡដ្ឋាន​ផ្ទាល់ ឬ​នៅ​គេហដ្ឋាន​អាច​ពិនិត្យមើល​ម្តងទៀត​ជាមួយនឹង​វីដេអូ​នេះ ប្រសិនបើ​អាជ្ញាកណ្ដាល​មាន​កំហុស​ក្នុង​ការពិន័យ​នៅក្នុង​ទីលាន​នោះ​ភ្លាមៗ​តែម្តង​»​។​

​ជំនួយការ​អាជ្ញាកណ្ដាល​ជា​វីដេអូ​នេះ​ធ្លាប់បាន​ប្រើប្រាស់​លើកដំបូង​ក្នុងការ​ប្រកួត​ពាន FIFA Club World Cup កាលពី​ខែធ្នូ​នៅ​ប្រទេស​ជប៉ុន​ផងដែរ ហើយ Video Assistant Referees នឹងត្រូវ​ដាក់​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​(Replay) លើ​ករណី​សំខាន់ៗ​៤​កន្លែង​ដូចជា គ្រាប់​បាល់​បញ្ចូល​ទី ការពិន័យ​កាត​ក្រហម ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ និង​ករណី​សំខាន់ៗ​ផ្សេងទៀត ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​៕


Tag:
 FIFA World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com