ជាតិ
ពីនេះ ពីនោះ
៤​ចំណុច​ដែល​ត្រូវ​ស្វែងយល់​អំពី​ការចូលរួម​ជួយ​ដល់​ល្ខោនខោល​!
28, Apr 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
លិខិតមិត្តអ្នកអាន៖ មួយរយៈ​មកនេះ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​នានា ជាពិសេស​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រជាជន​កម្ពុជា​មួយចំនួន បាន​សម្តែង​ប្រតិកម្ម​យ៉ាងខ្លាំង​តាមរយៈ​មតិ​ផ្សេងៗ​គ្នា លើ “​បញ្ហា​ដែល​ព្រះរាជាណាចក្រ​ថៃ បាន​កំពុង​រៀបចំ​ឯកសារ​សំណើ​ដើម្បី​ដាក់បញ្ចូល​ទម្រង់​សិល្បៈ ល្ខោន​ខូ​ន របស់ខ្លួន ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​” ថា​៖ ទម្រង់ ល្ខោន​ខូ​ន ដែល​ខ្មែរ​ហៅថា ល្ខោនខោល នេះ មិនមែនជា​របស់​ថៃ​ទេ វា​ជា​របស់​ខ្មែរ​។ តាំង​នាម​ខ្ញុំ​ជា​អ្នកនិពន្ធ​ម្នាក់ ខ្ញុំ​សូម​ចូលរួមចំណែក​ជា​មតិយោបល់​ខ្លះ ក្នុងស្ថានភាព​នេះ​។



​ទីមួយ ខ្ញុំ​គិតថា ប្រទេសជាតិ​មួយ មាន​សិទ្ធិ​ស្របច្បាប់ ក្នុងការ​ដាក់សំណើ​ទៅ​អង្គការ​យូណេស្កូ ដើម្បី​ចុះបញ្ជី​ទម្រង់​សិល្បៈ ឬ​វប្បធម៌​របស់ខ្លួន​ណាមួយ ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​។ ដូចនេះ បើ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​មាន​សិទ្ធិ​នោះ ព្រះរាជាណាចក្រ​ថៃ​ក៏មាន​ដូចគ្នា​ដែរ​។

​ទី​ពីរ បើ​យើង​សិក្សា​ពី​គោលបំណង នៃ​អនុសញ្ញា​ឆ្នាំ ២០០៣ ស្តីពី ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី បាន​យល់ច្បាស់ នោះ​ប្រហែលជា​មិនមាន​ការមិនសប្បាយចិត្ត​នោះទេ​។ មាត្រា​ទី ១ នៃ​អនុសញ្ញា​ខាងលើ មាន​គោលបំណង​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់ រួមសហការ​គ្នា ដើម្បី​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ទាំងអស់ មិន​ថា​ជា​របស់​ប្រទេស​ណា​ឡើយ គឺ​យើង​ត្រូវគោរព​បេតិកភណ្ឌ​វប្បធម៌​របស់​គ្នា​ទៅវិញទៅមក​។ ចំណុច​នេះ រឹតតែ​បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​មាត្រា​ទី ១៩ ចំណុច​ទី​ពីរ ដែល​គេ​បាន​ចែងថា ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​ឈរលើ​ផលប្រយោជន៍​រួម​នៃ​មនុស្សជាតិ​។ ដូចនេះ ការ​បានដាក់​បញ្ជី​នូវ​ទម្រង់​សិល្បៈ វប្បធម៌ របស់​ប្រទេសជាតិ​ណាមួយ គឺ​ផ្តល់​ផល​ប្រ​យា​ជន៍​ជារួម ដល់​ប្រជាជាតិ​នៅក្នុង​ពិភពលោក​ទាំងមូល​។​

​ទី​បី ជាការ​ធម្មតា ដែល​ប្រទេសជិតខាង និង​ក្នុង​តំបន់​រួមមួយ ជះ​និង​រង​ឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក ដោយ​ចៀស​មិន​រួច ដែលជា​ហេតុ​ធ្វើឱ្យ​សិល្បៈ​និង​វប្បធម៌​របស់​អាស៊ីអាគ្នេយ៍ មាន​លក្ខណៈ​ស្រដៀងៗ​គ្នា​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ទម្រង់​សិល្បៈ​ទាំងនោះ តែងតែមាន​លក្ខណៈពិសេស​របស់ខ្លួន អាស្រ័យ​លើ​បរិបទ​សេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​ជាដើម​។ ដូចនេះ ខ្មែរ​មាន​ទម្រង់​សិល្បៈ "​ល្ខោនខោល​" ប្រទេស​ថៃ​ក៏មាន​ទម្រង់​សិល្បៈ "​ល្ខោន​ខូ​ន​" ដែរ​។ អ្វីដែល​គួរតែ​ស្រាវជ្រាវ​ឱ្យ​ជាក់ច្បាស់​នោះ​គឺ តើ​ទម្រង់​សិល្បៈ​ទាំងពីរ​នេះ ជា​ប្រភេទ​ទម្រង់​តែមួយ​ឬ​ផ្សេងគ្នា​? តើ​មាន​លក្ខណៈ​ដូចគ្នា​និង​ខុសគ្នា​ត្រង់ណា​? យើង​ក៏ត្រូវ​ស្វែងយល់​បន្ថែមទៀត នៅ​កម្រិត​អង្គការ​យូណេស្កូ​ផងដែរ​ថា បើ​ប្រទេស​ថៃ​បាន​ទទួលបាន​ជោគជ័យ​ក្នុងការ​ចុះបញ្ជី ទម្រង់​សិល្បៈ “​ល្ខោន​ខូ​ន​” របស់ខ្លួន​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នោះ តើ​ប្រការនេះ​បង្កើតជា​ឧបសគ្គ​អ្វីខ្លះ ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ដាក់សំណើ​ដែរនោះ​សម្រាប់​ទម្រង់​សិល្បៈ "​ល្ខោនខោល​" របស់ខ្លួន​? ទោះ​មាន​ឧបសគ្គ​ឬ​គ្មាន តើ​កម្ពុជា​គួរ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​តស៊ូ​មតិ​ក្នុង​លក្ខណៈ​ជា​ភាតរភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ដទៃ​?

​ទី​បួន ប្រសិនបើ​ទម្រង់​សិល្បៈ​ណាមួយ ទាំង​ទម្រង់​សិល្បៈ ល្ខោន​ខូ​ន និង ល្ខោនខោល ឬ​ទាំងពីរ មិនអាច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​បាន ដោយសារ​ប្រតិកម្ម​បែប​ជម្លោះ​នេះ នោះ​តម្លៃ​ដែល​យើង​ថា យើង​ជា​អ្នក​ស្រឡាញ់​ទម្រង់​សិល្បៈ​បុរាណ ទាំង​ប្រជាជន​កម្ពុជា ទាំង​ប្រជាជន​ថៃ នឹង​បាត់បង់​។ ព្រោះ​យើង​មិន​បានឱ្យ​តម្លៃ​ឬ​គោរព​បេតិកភណ្ឌ​របស់​គ្នា​ទៅវិញទៅមក ដែលជា​អំពើ​ផ្ទុយ​ឆ​ន្ទៈ​របស់​អនុសញ្ញា ឆ្នាំ ២០០៣​។

​ខ្ញុំ​យល់ថា ការយក​ចំណុច​ទាំង​បួន​នេះ​មក​ធ្វើការ​វិភាគ វា​អាចជួយ​ឱ្យ​យើង​យល់​កាន់តែច្បាស់​អំពី​មាគ៌ា​ដ៏​ត្រឹមត្រូវ​មួយ ក្នុងការ​ចូលរួម​ជួយ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ទាំង​រូបី និង​អរូបី​។ ហើយ​នៅមាន​សកម្មភាព​ជាច្រើន​ទៀត ដែល​យើងទាំងអស់គ្នា អាច​ចូលរួម​ធ្វើបាន ដូចជា​ការសិក្សា​ស្វែងយល់​ពី​ទម្រង់​សិល្បៈ​របស់​កម្ពុជា​យើង​ឱ្យបាន​ច្រើន ចូលរួម​សរសេរ ចងក្រង​អំពី​ប្រវត្តិ ការចូលរួម​ទស្សនា ការជួយ​ផ្សាយ​បន្ត ។ ការសម្តែង​ប្រតិកម្ម​ជាតិនិយម ដែល​មិន​បានគិត​ឲ្យ​ទូលំទូលាយ មិនបាន​ជួយ​អ្វី ដល់​សហគមន៍​សិល្បៈ​ឡើយ ជាពិសេស ទម្រង់​សិល្បៈ​ល្ខោនខោល ដែល​សព្វថ្ងៃ កំពុងតែ​ដង្ហោយ​រក​ការជួយ​ថែរក្សា និង​ការយកចិត្តទុកដាក់​៕


ដោយ សូ ភី​ណា
​អ្នកនិពន្ធ​



© រក្សាសិទ្ធិដោយ thmeythmey.com