អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ធ្លាប់​គិតថា ធ្វើ​ប្រធានាធិបតី​ស្រួល​ជាង​ធ្វើ​ជំនួញ តែ​តាមពិត​ខុសស្រឡះ​
29, Apr 2017 , 12:03 pm        
រូបភាព
ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ សារភាព​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ថា លោក​ធ្លាប់​គិតថា ធ្វើជា​ប្រធានាធិបតី​ជា​រឿង​ងាយស្រួល​។ ប៉ុន្តែ​វា​ខុសពី​ការគិត​របស់លោក​ទាំង​ស្រុង ព្រោះ​ការងារ​ជា​មេដឹកនាំ​កំពូល​អាមេរិក​លំបាក​បំផុត ហើយ​លោក​នឹករលឹក​ជីវិត​អតីតកាល​ជា​អ្នកជំនួញ​អចលនទ្រព្យ​នោះ​។ តើ​លោក ដូ​ណា​ល់ ត្រាំ ពិតជា​មិនបាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើជា​ប្រធានាធិបតី​មែន​ទេ​?



​ស្រប​ពេលដែល គម្រប់​ពេល ១០០ ថ្ងៃ​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​មកដល់ លោក ដូ​ណា​ល់ ត្រាំ ដែលមាន​ប្រវត្តិ​ជា​អ្នកជំនួញ​នោះបាន​ផ្តល់​បទសម្ភាសន៍​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​រម្លឹក​ពី​ការប្រែប្រួល​នៃ​ជីវិត​របស់លោក​ក្រោយ​ឈាន​ជើង​ចូល​ឆាកនយោបាយ​។ អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អែក​នោះ​គឺ លោក​សារភាពថា លោក​នឹក​ជិវិត​និង​សកម្មភាព​លោក​ធ្លាប់ធ្វើ​កាលពីមុន​។​

​សេដ្ឋី​អចលនទ្រព្យ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នេះ​ហាក់ជា​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញថា លោក​មិនបាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ធ្វើជា​បុរស​រដ្ឋ​ដែល​ដឹកនាំ​មហាអំណាច​ទីមួយ​របស់​ពិភពលោក​នោះឡើយ​។​

​ក្នុង​បទ​សម្ភាស​នោះ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹករលឹក​ពេល​បើកឡាន​ខ្លួនឯង ហើយ​បច្ចុប្បន្ន​លោក​មាន​អារម្មណ៍​ដូចជា​ខ្លួន​ស្ថិតក្រោម​ការឃុំ​ឃាំង ថែមទាំង​មាន​អារម្មណ៍​ថា ការងារ​ថ្មី​ជា​ប្រធានាធិបតី​នេះ​លំបាក​ខ្លាំង​ខុសពី​ការគិត​របស់លោក​កាល​មុន​។​

«​ខ្ញុំ​ស្រលាញ់​ជីវិត​ពីមុន​។ ខ្ញុំ​មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ​។ ឥឡូវនេះ​ការងារ​មាន​ច្រើនជាង​ជីវិត​ពីមុន​ទៅទៀត​។ ខ្ញុំ​ធ្លាប់​គិតថា ធ្វើជា​ប្រធានាធិបតី​ដូចជា​ស្រួល​ជាង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សារភាព​ប្រាប់ថា លោក​ហាក់​មិនទាន់​ទម្លាប់​នឹង​ជីវិត​ជា​ប្រធានាធិបតី​ដែល​ត្រូវ​ទទួលបាន​ការការពា​រ​យ៉ាង​តឹងតែង​ក្នុងពេល ២៤​ម៉ោង ដោយ​វា​មិន​ខុសពី​នៅក្នុង​សំបុក​ឡើយ​។​

«​ខ្ញុំ​ចូលចិត្ត​បើកឡាន​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​បើកឡាន​ដោយ​ខ្លួនឯងបាន​ទៀតឡើយ​។ អ្នក​ប្រៀបដូចជា​កំពុងស្ថិត​នៅក្នុង​សំបុ​ក្រ​តូច​មួយ ព្រោះ​អ្នកទទួលបាន​ការងារ​តឹងរ៉ឹង​បំផុត​រហូតដល់​អ្នក​មិនអាច​ទៅណា​បាន​ទាំងអស់​»​។​

​ដូ​ណា​ល់ ត្រាំ មិន​ធ្លាប់​កាន់កាប់​តំណែង​សាធារណៈ​កាលពីមុន​មក​ឡើយ​។ តួនាទី​ជា​ប្រធានាធិបតី​ជា​តំណែង​សាធារណៈ​ដំបូង​បំផុត​ដែល​លោក​កាន់កាប់​ក្រោយ​ឈ្នះឆ្នោត​កាលពី​ថ្ងៃ ៨​វិច្ឆិកា​ឆ្នាំ ២០១៦​កន្លងមក​៕


Tag:
 ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com