ជាតិ
ក្រោយក្រសួងសម្រេចពិន័យ១ឆ្នាំ ឈ្មោះ ដេនី ក្វាន់ ល្បីពេញបណ្តាព័ត៌មានអន្តរជាតិ
× កន្លងមក រូបថតស៊ិចស៊ីរបស់តារាសម្តែង ដេនី ក្វាន់ ល្បីល្បាញតែតាមបណ្តាសារព័ត៌មានក្នុងស្រុក ឬទាក់ទាញអ្នកលេងហ្វេសប៊ុកកម្ពុជាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ឈ្មោះរបស់តារាស៊ីចស៊ីរូបនេះ កំពុងខ្ទរខ្ទាពេញបណ្តាព័ត៌មានអន្តរជាតិ ជាពិសេសទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមអានព័ត៌មានតារា។
គ្រាន់តែចូលទៅកាន់ Google ហើយសរសេរឈ្មោះ «Denny Kwan» និងចុច Search លោកអ្នកនឹងបានឃើញព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ទាក់ទងនឹងតារាស៊ិចស៊ីកម្ពុជា ដេនី ក្វាន់។ ព័ត៌មានដែលមានសរសេរជាច្រើនភាសា រៀបរាប់ពីបម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឲ្យតារាវ័យ២៤ឆ្នាំរូបនេះ សម្តែងគ្រប់ទម្រង់សិល្បៈរយៈពេលពេញ១ឆ្នាំ។
ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យឃើញថា ស្លៀកពាក់ស៊ិចស៊ីហួសហេតុ និងធ្លាប់បានណែនាំម្តងរួចទៅហើយ។ ប៉ុន្តែតារាស្រស់ស្អាតរូបនេះ នៅតែបន្តសកម្មភាពរបស់ខ្លួន ជាពិសេសតាមរយៈការ Live Video នៅលើបណ្តាញសង្គមហ្វេសប៊ុកពីគណនីផ្លូវការរបស់ខ្លួន។
នាសេចក្តីសម្រេចកាលពីថ្ងៃទី២៥ ខែមេសា លោក ចំរើន វ៉ាន់ដា ទីប្រឹក្សាក្រសួងវប្បធម៌ និងជាអនុប្រធានលេខាធិការក្រុមប្រឹក្សាវិន័យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងពីចំណុចសំខាន់ៗ រួមមាន ការសម្រេចដាក់ពិន័យ ដេនី ក្វាន់ ១ឆ្នាំមិនឲ្យសម្តែងគ្រប់សកម្មភាពសិល្បៈទាំងអស់។
បន្ថែមពីលើនេះ ទីប្រឹក្សាក្រសួងវប្បធម៌ បានក្រើនរំលឹកដល់សមាគមសិល្បៈទាំងអស់រៀបចំឲ្យមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់មកក្រសួងពីសមាជិករបស់ខ្លួន ដើម្បីជៀសវាងករណីដូច ដេនី ក្វាន់ ហើយការជ្រើសរើសតារាសម្តែងគួរជ្រើសរើសតាមសមាគមសិល្បៈនីមួយៗដែលមានស្រាប់។ ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សាវិន័យសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធឲ្យគោរពតាមការសម្រេចរបស់ខ្លួន ដោយបដិសេធផ្តល់ទិដ្ឋាការក្នុងការថតផ្សព្វផ្សាយគ្រប់ទម្រង់សិល្បៈដែលទាក់ទងនឹងដេនី ក្វាន់។
កាសែត The Sun និង Daily Mail ដ៏ល្បីល្បាញ បានសរសេរថា តារាសម្តែងម្នាក់របស់កម្ពុជា ត្រូវបានហាមឃាត់មិនឲ្យថតភាពយន្តពេញ១ឆ្នាំ បន្ទាប់ពីថ្នាក់ដឹកនាំផ្នែកវប្បធម៌មើលឃើញថា នាងមានភាពស៊ិចស៊ីខ្លាំងពេក។
សារព័ត៌មាន indy100 ដែលជាផ្នែករបស់ The Independent បានដាក់រូបធំៗពីរសន្លឹករបស់ ដេនី ក្វាន់ ដោយសរសេរចំណងជើងថា «តារាកម្ពុជារូបនេះ ត្រូវបានហាមឃាត់ថតភាពយន្ត ដោយសារតែស៊ិចស៊ីជ្រុលពេក»។ អត្ថបទមួយនេះ ស្ថិតនៅលំដាប់ទី៤១ក្នុងចំណោមអត្ថបទចំនួន១០០របស់ indy100។
សារព័ត៌មាន RT របស់រុស្ស៊ី ក៏ចាប់អារម្មណ៍លើប្រធានបទមួយនេះផងដែរ។ ក្រៅពីនោះ មានវែបសាយជាច្រើនទៀត ដែលសរសេរជាភាសាផ្សេងគ្នានាំគ្នាផ្តោតលើព័ត៌មានដែលទាក់ទងនឹង Denny Kwan ដោយដកស្រង់ប្រភពពីកាសែតភ្នំពេញ ប៉ុស្តិ៍ និងខាំបូឌៀដេលី។ វែបសាយទាំងនោះមានដូចជា Daily Bhaskar, Daily Star, Information Nigeria, NextShark, Samayam Telugu, CNN Greece, Meydyanhaber, Vatan, Haber Veli, AS Chile, Diario de Noticias, Huffington Post, VnExpress, Tempo ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com