កីឡាអន្តរជាតិ
អន្តរជាតិ
ទៅប្រាប់អាជ្ញាកណ្ដាលថា មានការរើសអើងខ្លួន ប៉ុន្តែបែរជាទទួលបានកាតលឿង
× ខ្សែបម្រើក្រុម Pescara កីឡាករ Sulley Muntari បានដើរចេញពីទីលានបាល់ទាត់តែម្តង ក្រោយពីអាជ្ញាកណ្ដាលបានផ្តល់កាតលឿងដល់ខ្លួន ខណៈកីឡាករស្បែកខ្មៅរូបនេះបានរាយការណ៍ប្រាប់អាជ្ញាកណ្ដាល ពីការរើសអើងជាតិសាសន៍ពីសំណាក់ក្រុមអ្នកគាំទ្រគូបដិបក្ខមកលើរូបគេនាអំឡុងការប្រកួតលីកអ៊ីតាលី Serie A កាលពីថ្ងៃអាទិត្យកន្លងទៅ។
អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិហ្គាណាវ័យ៣២ឆ្នាំរូបនេះ បានសុំឲ្យអាជ្ញាកណ្ដាលលោក Daniele Minelli បញ្ឈប់ការប្រកួតរវាងក្រុម Cagliari និង Pescara នៃការប្រកួតលីកកំពូលអ៊ីតាលី Serie A បន្ទាប់ពីមានការរើសអើងជាតិសាសន៍មកលើខ្លួន។ ប៉ុន្តែការស្នើរបស់អតីតខ្សែបម្រើរបស់ក្រុម Portsmouth និង Sunderland ត្រូវបានលោកអាជ្ញាកណ្ដាលសញ្ជាតិអ៊ីតាលីផ្តល់កាតលឿងទៅឲ្យរួបគេទៅវិញ ដែលធ្វើឲ្យ Sulley Muntari សម្រេចចិត្តដើរចេញពីទីលានប្រកួតភ្លាមៗតែម្តង។ Muntari បានស្រែកទាំងកំហឹងខ្លាំងៗទៅកាន់អ្នកគាំទ្ររបស់ក្រុម Cagliari ដោយបង្ហាញថា«នេះជាសម្បុររបស់ខ្ញុំ»។
«អាជ្ញាកណ្ដាលមិនមែនគ្រាន់តែជាអ្នកផ្លុំកញ្ចែនៅលើទីលានប៉ុណ្ណោះទេ គាត់ត្រូវតែធ្វើអ្វីគ្រប់យ៉ាងលើសពីនេះ»។ នេះជាការអះអាងរបស់អតីតសមាជិកក្រុម Inter Milan និង AC Milan ក្រោយចប់ការប្រកួតនេះ។ Muntari បន្ថែមថា៖«ខ្ញុំបានសួរគាត់ថាតើគាត់បានលឺពាក្យជេរប្រមាថ និងរើសអើងដែលឬទេ? ខ្ញុំបានទទូចថាគាត់ត្រូវតែមានភាពក្លាហានដើម្បីបញ្ឈប់ការប្រកួតនេះ»។
ចំណែកឯគ្រូបង្វឹកក្រុម Pescara លោក Zdenek Zeman យល់ឃើញថា Muntari គ្រាន់ចែចង់ប្រាប់អាជ្ញាកណ្ដាលដើម្បីឲ្យធ្វើការអន្តរាគមន៍ប៉ុណ្ណោះ។ Muntari ធ្វើត្រូវហើយ ប៉ុន្តែរូបគេមិនគួរដើរចេញពីទីលានខណៈការប្រកួតមិនទាន់បានបញ្ចប់នោះឡើយ៕
Tag:
បាល់ទាត់
រើសអើងជាតិសាសន៍
Sulley Muntari
© រក្សាសិទ្ធិដោយ thmeythmey.com