អន្តរជាតិ
បុរស​ឥណ្ឌូណេស៊ី​ដែល​អះអាងថា​មាន​អាយុ​វែង​ជាងគេ បាន​ស្លាប់​ក្នុង​អាយុ​១៤៦​ឆ្នាំ​
02, May 2017 , 9:45 am        
រូបភាព
ដោយ: ធីតា
​លោក Saparman Sodimejo ដែល​គេ​ស្គាល់ឈ្មោះ​ជាទូទៅ​ថា Mbah Gotho បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែមេសា ក្នុង​អាយុ​១៤៦​ឆ្នាំ​។ បុរស​ដែល​រស់នៅ​កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី​រូបនេះ ត្រូវបាន​ចាត់ទុក​ជាម​នុស្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក ប៉ុន្តែ​ឈ្មោះ​របស់លោក​មិន​ត្រូវបាន​កត់ចូល​ក្នុង​កំណត់ត្រា​ឡើយ ដោយសារតែ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ទាក់ទង​នឹង​ថ្ងៃខែ​ឆ្នាំ​កំណើត​។​



​លោកតា Gotho ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​១២ ខែមេសា ដោយសារ​សុខភាព​រប​ស់​គាត់​មាន​សភាព​ចុះ​ទ្រុឌទ្រោម​ខ្លាំង​។ ៦​ថ្ងៃក្រោយ​សម្រាក​ព្យាបាល គាត់​បាន​សុំ​ឲ្យ​គេ​បញ្ជូន​គាត់​ទៅផ្ទះ​វិញ​។ «​ចាប់តាំងពី​គាត់​ចេញពី​ពេទ្យ គាត់​ពិសារ​បានតែ​បបរ និង​ផឹក​ទឹកបាន​តិចតួច​ប៉ុណ្ណោះ​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក Suyanto ដែលជា​ចៅប្រុស ទៅកាន់​សារព័ត៌មាន BBC​។​

​បើតាម​លិខិតស្នាម លោកតា Gotho បានកើត​នៅ​ខែធ្នូ ឆ្នាំ​១៨៧០ ប៉ុន្តែ​ឥណ្ឌូណេស៊ី ចាប់ផ្តើម​ចុះ​លិខិត​កំណើត​ទូទៅ​នៅ​ឆ្នាំ​១៩០០ ហេតុ​ដូច្នេះហើយ ទើប​បណ្តាល​ឲ្យ​មានការ​សង្ស័យ​លើ​ភាពមិន​ត្រឹមត្រូវ​ទាក់ទង​នឹង​ថ្ងៃខែ​ឆ្នាំ​កំណើត​។​



​បើតាម BBC អាជ្ញាធរ​មូលដ្ឋាន បាន​អះអាងថា ថ្ងៃកំណើត​ខែធ្នូ ឆ្នាំ​១៨៧០ ពិតជា​ត្រឹមត្រូវ ប៉ុន្តែ​ក្រុមការងារ​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ពឹងផ្អែក​តែ​លើ​ឯកសារ​ដែល​ពិតប្រាកដ និង​គ្មាន​មន្ទិល​ប៉ុណ្ណោះ​។ លោកតា Gotho ធ្លាប់បាន​បញ្ជាក់ថា គាត់​ចងចាំ​ច្បាស់​ទាក់ទង​នឹង​ការសាងសង់​រោងចក្រ​ស្ករ​នៅ​តំបន់ Sragen កាលពី​ឆ្នាំ​១៨៨០ ។​

​លោក Gotho ឆ្លងកាត់​ជីវិត ដោយបាន​មើលឃើញ​បងប្អូន​បង្កើត​១០​នាក់ ភរិយា​៤​នាក់ និង​កូន​ទាំងអស់​របស់ខ្លួន​ស្លាប់​ជា​បន្តបន្ទាប់​។ នា​បទ​សម្ភាស​មួយ​កាលពី​ឆ្នាំ​១៩៩២ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​អ្វីដែល​លោក​ចង់បាន​បំផុត​នោះ គឺ​ការស្លាប់​»​។​

​លោកតា Gotho ក៏​ជា​អ្នកញៀន​បារី​ម្នាក់​ផងដែរ​។ នៅក្នុង​ភូមិ គាត់​ជាម​នុស្ស​ដ៏​មាន​ប្រជាប្រិយភាព​បំផុត ជាពិសេស​អ្នកភូមិ​ចូលចិត្ត​ស្តាប់​គាត់​និទានរឿង​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​សង្គ្រាម​ប្រឆាំង​ជប៉ុន និង​អាណានិគម​ហូ​ឡង់​។​

​ដោយ​ផ្អែកលើ​ឯកសារ​ច្បាស់លាស់ Guinness World Records បាន​ចុះឈ្មោះ​លោកយាយ​ជនជាតិ​បារាំង ឈ្មោះ Jeanne Louise Calment ជា​មនុស្ស​ដែលមាន​អាយុ​វែង​ជាងគេ​លើ​លោក ហើយ​បានទទួល​មរណភាព​ក្នុង​អាយុ​១២២​ឆ្នាំ កាលពី​ឆ្នាំ​១៩៩៧ ។​

​ក្រៅពី​លោកតា Gotho មនុស្ស​ជាច្រើន​ទៀត បាន​ខកខាន​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក​ដោយសារតែ​ពួកគាត់​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ដែល​ក្នុងនោះ​មាន James Olofintuyi ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​អះអាងថា មាន​អាយុ​១៧១​ឆ្នាំ និង Dhaqabo Ebba ពី​អេ​ក្យូ​ពី ដែល​អះអាងថា មាន​អាយុ​១៦៣​ឆ្នាំ​៕

Tag:
 ឥណ្ឌូណេស៊ី​
  អាយុ​វែង​ជាងគេ​
  Mbah Gotho
© រក្សាសិទ្ធិដោយ thmeythmey.com