កីឡាអន្តរជាតិ
អន្តរជាតិ
UN គាំទ្រ Muntari ដែល​ដើរ​ចេញពី​ទីលាន ដោយសារតែ​មានការ​រើសអើង​ជាតិ​សាស​សន៍​
02, May 2017 , 8:19 pm        
រូបភាព
​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ (UN) បាន​សាទរ​ចំពោះ​ខ្សែបម្រើ Sulley Muntari ដែល​ដើរ​ចេញពី​ទីលាន​បាល់ទាត់ ដោយសារ​អាជ្ញាកណ្ដាល​បានផ្តល់​កាត​លឿង​ដល់​រូបគេ ខណៈ​កីឡាករ​ស្បែក​ខ្មៅ​រូបនេះ​បាន​រាយការណ៍​ប្រាប់​អាជ្ញាកណ្ដាល ពី​ការរើសអើង​ជាតិ​សាសន៍​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​គូបដិបក្ខ អំឡុង​ការប្រកួត​លី​ក​អ៊ីតាលី Serie A កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​



​អតីត​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​សុំ​ឲ្យ​អាជ្ញាកណ្ដាល​លោក Daniele Minelli បញ្ឈប់​ការប្រកួត​រវាង​ក្រុម Cagliari និង Pescara នៃ​ការប្រកួត​លី​ក​កំពូល​អ៊ីតាលី Serie A បន្ទាប់ពី​មានការ​រើសអើង​ជាតិ​សាសន៍​មកលើ​ខ្លួន​។ ប៉ុន្តែ​ការស្នើ​របស់​អតីត​ខ្សែបម្រើ​របស់​ក្រុម Portsmouth និង Inter Milan​រូបនេះ ត្រូវបាន​លោក​អាជ្ញាកណ្ដាល​សញ្ជាតិ​អ៊ីតាលី​ផ្តល់​កាត​លឿង​មក​ឲ្យ​ខ្លួន​ទៅវិញ ដែល​ធ្វើ​ឲ្យ Sulley Muntari សម្រេចចិត្ត​ដើរចេញ​ពី​ទីលាន​ប្រកួត​ភ្លាមៗ​តែម្តង​។​

​ជុំវិញ​ករណី​ខាងលើនេះ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក Zeid Ra'ad al-Hussein បាន​សាទរ​ចំពោះ​ទង្វើ​របស់ Muntari ហើយ​បាន​ហៅ​កីឡាករ​ស្បែក​ខ្មៅ​នេះ​ថា ជា​អ្នក​បំផុសគំនិត​មួយ​ដើម្បី​យើងទាំងអស់គ្នា​នៅទីនេះ កុំ​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​បន្តទៀត ហើយ​យើង​នឹង​គាំទ្រ និង​ទទួលយក​ជំហរ​មួយ​នេះ​ជានិច្ច​។​

​ជាមួយគ្នានេះ​លោក Zeid ក៏បាន​និយាយ​ទៅកាន់ FIFA​ផងដែរ​ថា ត្រូវតែមាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​បញ្ហា​រើសអើង​ជាតិ​សាសន៍​នៅក្នុង​ការប្រកួត ហើយ​ស្ថាប័ន​លោក​ក៏មាន​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​កីឡាបាល់ទាត់​នេះ​ផងដែរ​នៅពេល​មាន​ករណីនេះ​កើតឡើង​៕


Tag:
 បាល់ទាត់​
  រើសអើង​ជាតិ​សាសន៍​
  UN
  Sulley Muntari
© រក្សាសិទ្ធិដោយ thmeythmey.com