ជាតិ
នៅ​សម័យ​សង្គមរាស្ត្រនិយម ថ្នាក់ដឹកនាំ​កាសែត​ឯកជនតម្រូវ​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​
03, May 2021 , 10:08 am        
រូបភាព
ដោយ: រួបរួម
​ដើម្បី​បង្ហាញ​ភក្តីភាព​ចំពោះ​ជាតិ សាសនា និង​រាជបល្ល័ង្គ ថ្នាក់ដឹកនាំ​សារព័ត៌មាន​ឯកជន​ដែល​សរសេរ​ជា​ភាសា​ខ្មែរ កាលពី​សម័យ​សង្គមរាស្ត្រនិយម  ​តម្រូវ​ឲ្យ​ធ្វើ​សច្ចាប្រណិធាន​ នៅ​ព្រះវិហារ​ព្រះ​កែវ​មរកត​ ក្នុង​ព្រះបរមរាជវាំង នៅ​ចំពោះ​ព្រះ​បរម​រូប ព្រះករុណា​ព្រះ​សុវណ្ណកោដ្ឋ ព្រះបាទ នរោត្តម​ទី​១​។ នេះ​បើតាម​ឯកសារ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AKP និង​ចុះផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ជា​ភាសា​បារាំង Cambodge, Quotidien national កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៦៨ ។​



​នា​ពិធី​ដែល​រៀបចំ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៦៨ ថ្នាក់ដឹកនាំ​កាសែត​ឯកជន​ជា​ភាសា​ខ្មែរ រួមមាន កាសែត​សុជីវធម៌ កាសែត​សុវណ្ណ​ភូមិ កាសែត​សូរិយា កាសែត​ប្រយោជន៍​ខ្មែរ កាសែត​កោះសន្តិភាព កាសែត​ខ្មែរ​សាមគ្គី និង​ទស្សនា​វ​ដ្តី​កម្រងផ្កា បានធ្វើ​សច្ចាប្រណិធាន ក្រោម​ការដឹកនាំ​របស់​សម្តេច ចៅសែន កុសល ឈុំ ប្រធានរដ្ឋសភា​ ហើយ​លោក ស្មាន ឈឿ​ម មន្ត្រី ពិធីការ​នៃ​ព្រះបរមរាជវាំង ជា​អ្នកដឹកនាំ​ការធ្វើ​សច្ចាប្រណិធាន​។​

​ថ្នាក់ដឹកនាំ​កាសែត​ដែល​បាន​ស្បថ​កាលពី​ឆ្នាំ​១៩៦៨ រួមមាន​មកពី កាសែត​សុជីវធម៌ កាសែត​សុវណ្ណ​ភូមិ កាសែត​សូរិយា កាសែត​ប្រយោជន៍​ខ្មែរ កាសែត​កោះសន្តិភាព កាសែត​ខ្មែរ​សាមគ្គី និង​ទស្សនា​វ​ដ្តី​កម្រងផ្កា​។​

​នៅមុខ ព្រះ​បរ​ម​រូប ព្រះបាទ​សុវណ្ណកោដ្ឋ ថ្នាក់ដឹកនាំ​សារព័ត៌មាន​ឯកជន​ដែល​សរសេរ​ជា​ភាសា​ខ្មែរ បាន​សច្ចា​យ៉ាង​ម៉ឺងម៉ាត់ ​ក្នុងការ​បំពេញ​ភក្តីភាព​ចំពោះ​ជាតិ សាសនា និង​រាជបល្ល័ង្គ ដោយ​ប្រកាន់​គោលការណ៍​ឯករាជ្យ អ​ព្យា​ក្រឹត្យ និង​សង្គម​ពុទ្ធសាសនា​។​

​ខ្លឹមសារ​សំខាន់​ផ្សេងទៀត​រួមមាន ការប្តេជ្ញា​មិន​ឃុបឃិត​ជាមួយ​ជន​ក្បត់ ការមិន​លក់ខ្លួន​ឲ្យ​បរទេស និង​តាំងចិត្ត​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ប្រយោជន៍​ជាតិ​ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​    សម្តេចព្រះ​ប្រមុខរដ្ឋ ព្រះបាទ នរោត្តម សីហនុ​។ ពិធី​សច្ចាប្រណិធាន​នៅពេលនោះ បាន​ប្រព្រឹត្តទៅ​រយៈពេល​២​ម៉ោង​។​





​តាម​ឯកសារ លោក ជា សាន ចាងហ្វាង​ការផ្សាយ​កាសែត Cambodge បាន​បញ្ជាក់ថា កាសែត​ឯកជន​ដែល​សរសេរ​ជា​ភាសាជាតិ បាន​រស់​ឡើងវិញ ដូច្នេះ​វា​ជា​ឱកាស​មាស​របស់​ថ្នាក់ដឹកនាំ​កាសែត​ទាំងនោះ ក្នុងការ​បង្ហាញ​ភក្តីភាព​ចំពោះ​ជាតិ សាសនា និង​ព្រះរាជបល្ល័ង្គ ជាពិសេស​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេចព្រះ​ប្រមុខរដ្ឋ ព្រះបាទ នរោត្តម សីហនុ​៕


Tag:
 ឯកសារ​
  សារព័ត៌មាន​ខ្មែរ​
  សង្គមរាស្ត្រនិយម
© រក្សាសិទ្ធិដោយ thmeythmey.com