ជាតិ
សង្គមជាតិ
ខែមេសា ពលករ​ខ្មែរ​៣២​នាក់​ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​
03, May 2017 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ដោយ​គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន ៣២​នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​។ នេះ​បើតាម ការបូកបញ្ចូល​គ្នា​នូវ​តួលេខ​នីមួយៗ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចំនួន​៥ ដែល​ក្រសួងការបរទេស បានចេញ​ផ្សាយ​ជា​បន្តបន្ទាប់ ក្នុង​ខែមេសា ឆ្នាំ​២០១៧ កន្លងមក​។



​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​ឲ្យ​ដឹងថា នៅក្នុង​ខែមេសា ឆ្នាំ​២០១៧ ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន  ៣២​នាក់ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួមទាំង​ស្ថានទូត​កម្ពុជា​នៅតាម​ប្រទេស​នានា ជួយ​ជ្រោមជ្រែង​ឲ្យ​បានមក​កម្ពុជា​វិញ​។ ក្រសួង​ការបទេស និង​ស្ថានទូត​កម្ពុជា បាន​ជួយសង្គ្រោះ​ពលករ ពល​ការិនី​ទាំងនោះ ពី​បណ្តា​ប្រទេស​ចំនួន​២ ដោយ​ក្នុងនោះ រួមមាន ប្រទេស​ម៉ាឡេស៊ី​ចំនួន ៣១​នាក់ និង​ប្រទេស​ចិន​ចំនួន ១​នាក់​។

​បើ​ផ្នែក​លើ​សេចក្តីប្រកាស​ព័ត៌មាន​នោះ មុខរបរ ដែល​ពលករ​-​ពលក​រិ​នី​ខ្មែរ ទទួលបាន​ពេលទៅដល់​ប្រទេស​ម៉ា​ឡេង​ស៊ី មានដូចជា ការងារ​ខាង​បោសសម្អាត​, ការងារ​តាម​ផ្ទះ​, ការងារ​តាម​រោងចក្រ​, ការងារ​ជា​អ្នកបើករថយន្ត និង ការងារ​ជា​អ្នកលក់ដូរ ជាដើម​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុង​នៃ​ការបម្រើ​ការងារ​ក្នុងប្រទេស​ម៉ាឡេស៊ី ពលករ​-​ពល​ការិនី​ខ្មែរ​ខាងលើ បាន​ជួប​ការលំបាក និង​រងគ្រោះ​ដោយសារតែ​ការធ្វើ​បាប ពី​សំណាក់​ថៅកែ និង​និយោជក​។

​ក្នុងចំណោម​ពលករ​-​ពល​ការិនី​ទាំងនោះ អ្នកខ្លះ មាន​លិខិតឆ្លងដែន​និង​ទិដ្ឋាការ​ត្រឹមត្រូវ ប៉ុន្តែ អ្នក​ខ្លះទៀត បាន​ទៅ​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​ម៉ា​ឡេង​ស៊ី ដោយ​ខុសច្បាប់​តែម្តង​។ ដោយឡែក ពល​ការិនី​ខ្នែ​រ​១​នាក់ បានសម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដោយសារតែ​មេខ្យល់ លួងលោម​ថា នាំទៅ​រៀបការ​ជាមួយនឹង​បុរស​ជា​ជន​ជាតិចិន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស ដដែល​។

​កន្លងមក ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ ពល​ការិនី​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ដើម្បី​ចៀសវាង ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​។​

​សូម​រម្លឹកថា ពលករ​-​ពល​ការិនី​ខ្មែរ ចំនួន​ជិត​១​ពាន់​នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ ក្នុង​ឆ្នាំ ២០១៦​។ ចំណែកឯ កាលពី​ឆ្នាំ​២០១៥ អាជ្ញាធរ​កម្ពុជា បាន​ជួយសង្គ្រោះ​ពលករ​-​ពល​ការិនី ប្រមាណ​៦០០​នាក់ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​។​

​បើតាម​របាយការណ៍​ស​រុ​ប ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរា​គម​ជួយ​ដោះស្រាយ​បញ្ហា និង​រៀបចំ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៦០​នាក់ មក​កម្ពុជា​វិញ ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៧​នេះ​។ សេចក្តី​ជូន​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា បាន​ភ្ជាប់​នឹង​ការបញ្ជូន​មកដល់​កម្ពុ​ជា​វិញ របស់​ពលរដ្ឋ​ខ្មែរ​២​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​។  ក្រសួង​បញ្ជាក់ថា ក្នុងចំណោម​ពួកគេ មាន​ម្នាក់​ជា​អ្នកធ្វើការ​នៅតាម​ផ្ទះ បាន​ចាក​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​២០១៤ និង​ម្នាក់ទៀត​ជា​អ្នកធ្វើការ​នៅក្នុង​ភោជនីយដ្ឋាន បាន​ចាក​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ៕


Tag:
 ពលករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com