ជាតិ
សិល្បះ
លោក ខៀវ កាញារីទ្ធ ចង់បានភស្តុតាងបន្ថែមជុំវិញការពិន័យ ដេនី ក្វាន់ រូបថត កញ្ញា ដេនី ក្វាន់ ដែលបង្ហោះលើហ្វេសប៊ុក
× លោក ខៀវ កាញារីទ្ធ ត្រូវការភស្តុតាងបន្ថែម ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញការហាមឃាត់ឃាត់ តារាសម្តែង ដេនី ក្វាន់។ ការឆ្លើយតបបែបនេះ គឺបន្ទាប់ពីក្រសួងវប្បធម៌ បានស្នើសុំកិច្ចសហការពីក្រសួងព័ត៌មាន ឲ្យហាមឃាត់ស្ថានីយ៍ទូរទស្សន៍ ឬអាជីវករដែលមានមុខរបរពាក់ព័ន្ធនឹងវិស័យសិល្បៈ ផ្អាកទទួលយក កញ្ញា ដេនី ក្វាន់ ចូលរួមសម្តែង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមភស្តុតាងជុំវិញសំណើសុំកិច្ចសហការពីក្រសួងព័ត៌មាន រឿងហាមឃាត់ស្ថានីយ៍ទូរទស្សន៍ ឬអាជីវករដែលមានមុខរបរពាក់ព័ន្ធនឹងវិស័យសិល្បៈ ផ្អាកទទួលយក កញ្ញា ដេនី ក្វាន់ ចូលរួមសម្តែង។
លោក ខៀវ កាញ៉ារីទ្ធ បានបង្ហោះលិខិតមួយច្បាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន អមនឹងសំណេរដែលមានខ្លឹមសារដូច្នេះ ៖«ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់នៅក្រៅឆាកដែរ តែការហាមឃាត់ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)»។
ដោយឡែកនៅក្នុងលិខិតមួយច្បាប់នោះ ក៏មានចំណាររបស់លោក រដ្ឋមន្ត្រីដែរ ដែលបានចោទសួរទៅក្រសួងវប្បធម៌ថា៖ «តើរឿងណាខ្លះ ឬឆាកណាខ្លះ ដែលនាងបានរំលោភលើការណែនាំរបស់ក្រសួងវប្បធម៌?»។
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រមសីលធម៌អ្នកសិល្បៈ កាលពីថ្ងៃទី២៥ ខែមេសា បានសម្រេចពិន័យតារាសម្តែង ដេនី ក្វាន់ មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យសិល្បៈគ្រប់រូបភាពរាប់ទាំងការ សម្តែង ថតភាពយន្ត ខារ៉ាអូខេ ស្ព៉ត ការច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើម រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ ។ ការហាមឃាត់នេះ គឺដោយសារក្រសួងវប្បធម៌ ចាត់ទុកការស្លៀកពាក់ និងឥរិយាបថ នៅតាមព័ត៌មាន ឬទីសាធារណៈ របស់តារាសម្តែងរូបនេះ បានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់របស់ជាតិ។
យ៉ាងណាក៏ដោយការពិន័យរបស់ក្រសួងវប្បធម៌ តារាស្រីស៊ិចស៊ីរូបនេះ មិនត្រឹមតែចុះផ្សាយដោយបណ្តាសារព័ត៌មានក្នុងស្រុក ឬទាក់ទាញអ្នកលេងហ្វេសប៊ុកកម្ពុជាប៉ុណ្ណោះ ប៉ុន្តែ ឈ្មោះ ដេនី ក្វាន់ ល្បីពេញបណ្តាព័ត៌មានអន្តរជាតិ ផង ជាពិសេសទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមអានព័ត៌មានតារា៕
Tag:
ខៀវ កាញ៉ារីទ្ធ
ដេនី ក្វាន់
ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com