ជាតិ
សង្គមជាតិ
ទណ្ឌិត​៣៥​នាក់​នឹងត្រូវ​បន្ធូរ​បន្ថយទោស នៅ​ថ្ងៃបុណ្យ​វិសាខបូជា​
04, May 2017 , 7:39 pm        
រូបភាព
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌
ដោយ:
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ទណ្ឌិត​៣៥​នាក់​នឹងត្រូវ​បន្ធូរ​បន្ថយទោស ហើយ​មិនមាន​ទណ្ឌិត​ណា​ម្នាក់ ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​ការលើកលែង​ទោស​ឡើយ នៅក្នុង​ពិធីបុណ្យ​វិសាខបូជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧​។ នេះ​បើតាម លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។



​លោក គឹម សន្តិភាព បញ្ជាក់ថា នៅក្នុង​ពិធីបុណ្យ​វិសាខបូជា នា​ឆ្នាំនេះ ទណ្ឌិត​ចំនួន ៣៥​នាក់ នឹងត្រូវ​ស្នើ​ឲ្យ​បន្ធូរ​បន្ថយទោស ប៉ុន្តែ ពុំមាន​ទណ្ឌិត​ណា​ម្នាក់ នឹងត្រូវ​ស្នើ​ឲ្យ​លើកលែងទោស​នោះទេ​។ លោក គឹម សន្តិភាព អះអាង​ដូច្នេះ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​នៅក្នុង «​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ស្នើសុំ​លើកលែង​និង​បន្ធូរ​បន្ថយទោស​» នៅ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៧​។​

​បើតាម​លោក គឹម សន្តិភាព ដដែល ពន្ធនាគារ​ចំនួន​១៥ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ បាន​បញ្ជូន​ឈ្មោះ​ទណ្ឌិត​ចំនួន​២៧៤​នាក់ ទៅកាន់​ក្រសួងយុត្តិធម៌ ដើម្បី​សុំ​ឲ្យ​ពិនិត្យ​ពី​លទ្ធភាព ក្នុងការ​លើកលែង​និង​ការបន្ធូរបន្ថយ​ទោស​។ ជា​លទ្ធផល ក្នុងចំណោម​ទណ្ឌិត​ទាំង​២៧៤​នាក់​នោះ  មាន​ទណ្ឌិត​តែ ៣៥​នាក់​ប៉ុណ្ណោះ ដែល​នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ទោស​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជិន ម៉ា​លីន ដែលជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែរនោះ បាន​និយាយថា ក្រោយ​ពិនិត្យ​ចប់សព្វគ្រប់​ហើយ សំណើសុំ​ឲ្យ​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត​ខាងលើ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះ​ហ​ស្ថ​។

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា តែង​លើកលែង​និង​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត នៅក្នុង​ពិធីបុណ្យ​ធំៗ​ចំនួន​បី គឺ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​វិសាខបូជា​៕

Tag:
 ​វិសាខបូជា​
  ដោះលែង​អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com