កីឡាអន្តរជាតិ
អន្តរជាតិ
Bailly, Pogba និង Mata អាច​ត្រឡប់​មកជួយ Man Utd បាន​នៅ​យប់​នេះ​
04, May 2017 , 9:59 pm        
រូបភាព
Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United  បញ្ជាក់ថា Paul Pogba , Eric Bailly, Chris Smalling និង​Juan Mata សុទ្ធតែ​អាច​ចូល​លេង​វិញ​បាន នា​ការប្រកួត​ពាន European League វគ្គ​៤​ក្រុម​ចុងក្រោយ​ជើង​ទី​១ ជាមួយ​ក្រុម Celta Vigo នៅវេលា​ម៉ោង​២:០៥​នាទី​រំលង​អា​ធ្រា​ត [​ម៉ោង​នៅ​កម្ពុជា​]​។​



​កូនក្រុម​របស់លោក Mourinho មាន​បញ្ហា​របួស​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ Man Utd ពិបាក​នឹង​រក​កីឡាករ​មក​ជំនួស​បាន​។ ប៉ុន្តែ​ក្រោយពី​ខ្សែការពារ​កូដ​ឌី​វ័រ Eric Bailly និង​ខ្សែបម្រើ​បារាំង Paul Pogba រួម​ជាមួយនឹង​កីឡាករ​ផ្សេងទៀត​ដែល​រងរបួស​កន្លងមក បាន​ត្រឡប់មកវិញ​នោះ ធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មិនសូវ​ខ្វល់ខ្វាយ​ខ្លាំង​នា​ជំនួប​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន European League នេះ​ទេ​។​



​កីឡាករ​របស់​បិសាច​ក្រហម​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អេ​ស្ប៉ា​ញ​ហើយ និង​កំពុងធ្វើការ​ហ្វឹកហាត់​នៅ​ទីនោះ​ដើម្បី​ត្រៀម​ប៉ះ Celta Vigo នៅ​កីឡដ្ឋាន Balaídos​។​



​រីឯ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត កាលពី​យប់​ថ្ងៃ​ពុធ ក្រុម Ajax របស់​ហូ​ឡង់ រំពឹង​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លំដាប់​អឺរ៉ុប​ជា​លើកដំបូង​នា​រយៈពេល​២១​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ពី​បារាំង Lyon ក្នុង​លទ្ធផល ៤-១ នៅ​ជើង​ទីមួយ​។ Bertrand Traore ខ្សែប្រយុទ្ធ​ខ្ចី​ពី Chelsea បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ Kasper Dolberg និង Amin Younes បន្ថែម​ម្នាក់​១​គ្រាប់​សម្រាប់​ម្ចាសផ្ទះ ខណៈ Mathieu Valbuena រកបាន​មួយ​គ្រាប់​ឲ្យ Lyon៕

Tag:
 បាល់ទាត់​
  European League
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com