ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ចង់ឃើញការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានហិង្សា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ (គ.ស.អ) ស្តីពីកិច្ចការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ សម្តេច ស ខេង ចង់ឃើញការបោះឆ្នោតនាពេលខាងមុខ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ គ្មានការគំរាមកំហែង អំពើហិង្សា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង លោក លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុក និងមន្ត្រីពាក់ព័ន្ធ បានជួបប្រជុំគ្នា ដើម្បីរៀបចំផែនការពារសន្តិសុខ សុវត្ថិនិងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើស រើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ។ ក្នុងកិច្ចប្រជុំនៅថ្ងៃទី ៤ ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេច ស ខេង ដែលជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ដឹកនាំក្នុងកិច្ចប្រជុំ បានលើកឡើងថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវការបោះឆ្នោតមួយប្រកបដោយបរិយាកាសស្ងប់ស្ងាត់ គ្មានការគំរាមកំហែង អំពើហិង្សា ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
សម្តេចបានបញ្ជាក់ទៀតថា ការបោះឆ្នោតជាច្រើនលើកកន្លមក និងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺជាប្រព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារប្រយោជន៍សម្រាប់កម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចក៏បានជំរុញឲ្យក្រសួងការពារជាតិរួមសហការជាមួយ គជប រៀបចំផែនការអន្តរស្ថាប័ន ស្ដីកិច្ចការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតខាងមុខ។ « ផែនការនេះ ក្នុងគោលបំណងសម្រេចបានគោលដៅ គឺការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលពិសពុល ការប៉ុនប៉ង បំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតតាមគ្រប់រូបភាព។ ទន្ទឹមនឹងនេះ ត្រូវផ្ដល់សេវាសន្តិសុខ ដោយស្មើភាពគ្នាចំពោះមុខច្បាប់ ជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត»។ សម្តេចលើកឡើងដូច្នេះហើយ រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ក៏សង្កត់ធ្ងន់យ៉ាងនេះថា៖«យើងត្រូវខិតខំទប់ស្កាត់ឲ្យបានរាល់អំពើកេងចំណេញនានា ពីការប្រគួតប្រជែងខាងនយោបាយមុនពេលបោះឆ្នោត ហើយបញ្ចៀសឲ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថេរភាពសង្គមនៅក្នុងដំណាក់កាលឆ្ពោះទៅកាន់ការបោះឆ្នោត»៕
Tag:
ស ខេង
ទៀ បាញ់
គ.ជ.ប
ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com