ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនផ្នែកឧស្សាហកម្មកាហ្វេជាង ៤០ នៅអាស៊ី ស្វែងរកដៃគូវិនិយោគនៅកម្ពុជា
× ភ្នំពេញ៖ តាមរយៈពិព័រណ៍កាហ្វេ និងកម្មសិទ្ធិអាជ្ញាបណ្ណកម្ពុជាឆ្នាំ២០១៧ (Café Cambodia 2017 និង Franchise & Licensing Cambodia 2017) ក្រុមហ៊ុនផ្នែកកាហ្វេ-តែ ភេសជ្ជៈផ្សេងៗ និងម្ហូបអាហារ រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារពាក់ព័ន្ធ ដែលមានម៉ាកយីហោល្បីៗពីតំបន់អាស៊ី ស្វែងរកដៃគូវិនិយោគនៅកម្ពុជា។
លោក EDWARD LIU នាយកគ្រប់គ្រងនៃក្រុមហ៊ុនសេវាកម្មរៀបចំពិព័រណ៍ (CEMS) ពីប្រទេសសិង្ហបុរី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីសម្ពោធបើកពិព័រណ៌នេះថា ការតាំងពិព័រណ៍រយៈពេលបីថ្ងៃ នឹងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋ និងវិនិយោគិនក្នុងស្រុកចំពោះផលិតផលម៉ាកល្បីៗពីតំបន់អាស៊ី។ លោកបន្ថែមថា នេះជាឱកាសល្អសម្រាប់វិនិយោគិនខ្មែរអាចចាប់ដៃគូជាមួយក្រុមហ៊ុនដែលដាក់តាំងផលិតផលកាហ្វេ-តែ ភេសជ្ជផ្សេងៗ និងម្ហូបអាហារទាំងនោះ ដើម្បីនាំយកម៉ាកយីហោល្បីៗរបស់ក្រុមហ៊ុនទាំងនោះមកកម្ពុជា។
លោក EDWARD LIU ឲ្យដឹងទៀតថា កម្ពុជានៅតែជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ផលិតផលល្បីៗ ពិសេសផ្នែកកាហ្វេ បើទោះបីទីផ្សារមួយនេះមានកាហ្វេយីហោល្បីៗមួយចំនួនហើយក៏ដោយ ដោយលោកអះអាងថាផលិផលយីហោនីមួយៗមានរស់ជាតិផ្សេងៗគ្នា ដែលជាកត្តាទាក់ទាញអតិថិជនផ្សេងៗគ្នា។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចូលរួមសម្ពោធពិព័រណ៍នេះបានមានប្រសាសន៍ជំរុញឲ្យសហគ្រិន អាជីវករដែលធ្វើអាជីវកម្មកាហ្វេឲ្យដកយកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ តាមរយៈពិព័រណ៍នេះ ដើម្បីពង្រឹងគុណភាពផលិតផលរបស់ខ្លួនឲ្យមានយីហោល្បីល្បាញទាំងក្នុងស្រុក និងអន្តរជាតិ។
ពិព័រណ៍កាហ្វេ និងកម្មសិទ្ធិអាជ្ញាបណ្ណកម្ពុជាឆ្នាំ២០១៧ លើកដំបូងនេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែឧសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com