កីឡាជាតិ
ជាតិ
លោក Mirka អតីត​គ្រូ​ជម្រើស​ជាតិខ្មែរ ធ្លាប់​នាំ​យុវជន​ឆេ​កូ​ស្លូ​វ៉ា​គី ឈ្នះ​ពាន​អឺរ៉ុប​ជា​ប្រវត្តិសាស្ត្រ​
11, Nov 2017 , 8:39 pm        
រូបភាព
លោក Vladimir Mirka (ទី៤ឈររាប់ពី​ឆ្វេងទៅស្តាំ) អតីតគ្រូបង្វឹក​ជម្រើសជាតិកម្ពុជា។ រូបថត​ផ្តល់ដោយ លោក ប៉ែន ផាត
លោក Vladimir Mirka (ទី៤ឈររាប់ពី​ឆ្វេងទៅស្តាំ) អតីតគ្រូបង្វឹក​ជម្រើសជាតិកម្ពុជា។ រូបថត​ផ្តល់ដោយ លោក ប៉ែន ផាត
​លោក Vladimir Mirka កើត​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩២៨ ជា​អតីត​គ្រូបង្វឹក​កីឡាបាល់ទាត់​ជនជាតិ​ឆេ​កូ​ស្លូ​វ៉ា​គី ដែល​បានចាប់ផ្តើម​អាជីព​ជា​លើកដំបូង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៦៧ ។ ឈ្មោះ​របស់លោក Mirka ក៏​ត្រូវបាន​កត់ត្រា​ក្នុង​សៀវភៅ​ឥស្សរជន​ផ្នែក​កីឡាបាល់ទាត់ និង​ក្លិប​របស់​សាធារណរដ្ឋ​ឆេ​ក និង​ឆេ​កូ​ស្លូ​វា​គី ពី​ឆ្នាំ​១៩០៦-២០០៦ (Český a československý fotbal: lexikon osobností a klubů 1906-2006)​។ ទោះបីជា​យ៉ាងណាក៏ដោយ សារព័ត៌មាន​ថ្មីៗ រកឃើញ​ឯកសារ​តិចតួច​ប៉ុណ្ណោះ​ទាក់ទង​នឹង​ប្រវត្តិ​គ្រូបង្វឹក​រូបនេះ​។​



​លោក Vladimir Mirka បាន​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា​ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៦៧ ។ ក្រោយពី​ចាកចេញ​ពី​កម្ពុជា លោក​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​របស់ខ្លួន ដើម្បី​ដឹកនាំ​ឈុត U-18 (​ពី​ឆ្នាំ​១៩៦៧ ដល់​១៩៧១) ហើយ​នៅ​ឆ្នាំ​១៩៧៥ លោក​ដឹកនាំ​ឈុត U-23 របស់​ឆេ​កូ​ស្លូ​វ៉ា​គី ផងដែរ​។​



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក Mirka បាន​បង្កើត​កំណត់ត្រា​ដ៏​ពិសេស​បំផុត​សម្រាប់​កីឡាបាល់ទាត់​ឆេ​កូ​ស្លូ​វ៉ា​គី ដោយ​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​នៃ​ប្រទេស​នេះ ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប​(UEFA Youth Tournament Under 18)​ជា​លើកដំបូង ក្នុង​ឆ្នាំ​១៩៦៨ ។

​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ទីក្រុង Cannes ប្រទេស​បារាំង ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៦៨  ក្រុម u-18 ក្រោម​ការដឹកនាំ​របស់​លោក Vladimir Mirka បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ពូ​ល C បន្ទាប់ពី​ឈ្នះ​យូ​ហ្គោ​ស្លា​វី ២-០ ឈ្នះ​អាល្លឺម៉ង់​ខាងលិច ៣-១ និង​ចាញ់​អ៊ីតាលី ២-០ ។

​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ U-18 ឆេ​កូ​ស្លូ​វ៉ា​គី បាន​យកឈ្នះ​ព័រ​ទុយ​ហ្គា​ល់ ៣-១ ហើយ​បាន​បន្ត​បំបាក់​ម្ចាស់ផ្ទះ​បារាំង ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រោង​ដំណែង​ជើងឯក​យុវជន​អឺរ៉ុប​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ យោងតាម​ឯកសារ​ដែល​ផ្សាយ​ដោយ Rude Pravo កាសែត​ផ្លូវការ​របស់​បក្ស​កុំម្មុយនីស្ត​ឆេ​កូ​ស្លូ​វ៉ា​គី លោក Vladimir Mirka បាន​ប្រើប្រាស់​ប្រព័ន្ធ​ប្រយុទ្ធ ៤-២-៤ ។



​នៅ​ក្លិប​អាជីព លោក Vladimir Mirka បាន​ដឹកនាំ​ក្លិប Esperance de Tunis (​បច្ចុប្បន្ន Espérance Sportive de Tunis)  នៃ​ក្របខណ្ឌ Tunisian Ligue Professionnelle 1 របស់​ទុយ​ណេ​ស៊ី ពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៧៣ ។ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ លោក​គឺជា​គ្រូបង្វឹក​ទី​១២​របស់​ក្លិប Sklo Union Teplice បើ​គិត​ចាប់តាំងពី​ក្លិប​ត្រូវបាន​បង្កើត​លើកដំបូង​ក្នុង​ឆ្នាំ​១៩៤៥ ។ ពេលនោះ Sklo Union Teplice បាន​លេង​នៅក្នុង​ក្របខណ្ឌ​លំដាប់​ទី​ពីរ​របស់​ឆេ​កូ​ស្លូ​វ៉ា​គី (II.Liga)​។

​បច្ចុប្បន្ន Sklo Union Teplice មានឈ្មោះ FK Teplice ដែល​កំពុង​លេង​នៅ​ក្របខណ្ឌ​កំពូល​សាធារណរដ្ឋ​ឆេ​ក Czech First League​។ ខ្សែប្រយុទ្ធ​អន្តរជាតិ​បូ​ស្នី Edin Dzenko ដែល​លេង​នៅ​ក្លិប Roma របស់​អ៊ីតាលី ក៏​ធ្លាប់​ឆ្លងកាត់​អាជីព​នៅ​ក្លិប FK Teplice ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៧ ផងដែរ​។​



​ពី​ឆ្នាំ​១៩៨៣ ដល់​ឆ្នាំ​១៩៨៤ លោក​បាន​ធ្វើជា​គ្រូបង្វឹក​ក្លិប VTZ Chomutov ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា FC Chomutov និង​កំពុង​លេង​នៅ​ក្របខណ្ឌ​លំដាប់​ទី​បួន​របស់​សាធារណរដ្ឋ​ឆេ​ក​។ នៅ​រដូវ​កាល ១៩៨៦-១៩៨៧ លោក Vladimir Mirka ក៏បាន​ដឹកនាំ​ក្រុមយុវជន​នៃ​ក្លិប Sparta [​ឈ្មោះ​ពេញ​បច្ចុប្បន្ន AC Sparta Praha] ឈ្នះ​ជើងឯក​នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ផងដែរ​។​

​សារព័ត៌មាន​ថ្មីៗ រក​មិនឃើញ​ព័ត៌មាន​អ្វី​បន្ថែម​ទៀតឡើយ ពាក់ព័ន្ធ​លោក Mirka បន្ទាប់ពី​មាន​ចលនា​បដិវត្តន៍ Velvet នៅ​ឆ្នាំ​១៩៨៩ រហូតដល់​មានការ​រំលាយ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ដោយ​ចែក​ទឹកដី​ជា​ពីរ គឺ​សាធារណរដ្ឋ​ឆេ​ក និង​ស្លូ​វ៉ា​គី នៅ​ដើមខែ​មករា ឆ្នាំ​១៩៩៣ ។​

​មិនមាន​ឯកសារ​គ្រប់គ្រង​ទាក់ទង​នឹង​កំណត់ត្រា​ប្រកួត​ដែល​លោក Mirka ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះឡើយ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក​បាន​បាន​ដឹកនាំ​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង​អូស្ត្រាលី កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​១៩៦៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​



​យោងតាម​គេហទំព័រ Ozfootball ជំនួប​មិត្តភាព​អន្តរជាតិ នាពេលនោះ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ដោយមាន​អ្នកទស្សនា​២​ម៉ឺន​នាក់​។ នាពេលនោះ អូស្ត្រាលី ស្ថិតក្រោម​ការដឹកនាំរ​បស់​គ្រូបង្វឹក​ជនជាតិ​ស្លូ​វ៉ា​គី លោក Tiko Jelisavčić​។​

​កីឡាករ​ដែល​បាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​អូស្ត្រាលី រួមមាន អ្នកចាំទី Lim Sak, Tol Kim Chi, Y Leang, Yang Tramon, Va Sum (Huy Chamrong), Van Roeun (Pen Phat), Doeur Sokhom, Hun Savuth, Duong Duc, Neou Kandien (Chaet Bong), Kaem San [​រក្សា​ឈ្មោះ​ជា​ឡាតាំង​តាម​ប្រភពដើម​] ។​

​ព្រឹទ្ធាចារ្យ ប៉ែន ផាត អាយុ​៦៩​ឆ្នាំ ដែលជា​អតីត​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា កាលពីមុន​របប​ខ្មែរក្រហម បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក Vladimir Mirka គឺជា​គ្រូបង្វឹក​ដ៏​ហ្មត់ចត់ និង​តឹងរ៉ឹង​ម្នាក់​។ លោក​បាន​បញ្ជាក់ថា លោក Mirka ជា​គ្រូបង្វឹក​ជនជាតិ​ឆេ​កូ​ស្លូ​វ៉ា​គី​ទី​ពីរ បន្ទាប់ពី​លោក Colman​។

«​បើតាម​ខ្ញុំ​ចាំ Mr.Colman [​ភ្លេចឈ្មោះ​ពេញ​] បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​១៩៦៣​។ គាត់​ជា​អ្នក​ដែល​នាំ​ខ្ញុំ​ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់​ព្រឹទ្ធាចារ្យ ប៉ែន ផាត ដោយ​ចងចាំ​ត្រួសៗ​ថា ក្រុម​កម្ពុជា​ក៏បាន​ដូរ​គ្រូបង្វឹក​ញឹកញាប់​ផងដែរ ដោយ​ធ្លាប់មាន​គ្រូ​កូរ៉េខាងជើង គ្រូខ្មែរ លោក ប្រាក់ កំសាន្ត និង​លោក ស្លា​ម៉ាន់ ហា​ស្មា​ត់ ជាដើម​៕

រូបថតឯកសារ ផ្តល់ដោយលោក ប៉ែន ផាត



Tag:
 ឯកសារ​
  បាល់ទាត់​
  Vladimir Mirka
  ប៉ែន ផាត
© រក្សាសិទ្ធិដោយ thmeythmey.com