ប្រធានគណៈកម្មការអឺរ៉ុបលោកហ្សង់ ក្លូតចាំងកឺ (Jean Claude Juncker) បានថ្លែងផ្លែផ្កាដាក់ឲ្យអង់គ្លេសដែលកំពុងចាកចេញពីសហភាពអឺរ៉ុបថា លោកត្រូវថ្លែងសុន្ទរកថាជាភាសាបារាំង ដោយសារភាសាអង់គ្លេសកាន់តែអស់សំខាន់ហើយ។ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះនិយាយបែបនេះ ក្រោយពេលសង្គ្រាមពាក្យសម្តីរវាងសហភាពអឺរ៉ុបនិងអង់គ្លេសផ្ទុះឡើងខ្លាំងជុំវិញការចរចាចាកចេញរបស់ចក្រភពអង់គ្លេសនិងការបោះឆ្នោតមុនអាណត្តិខាងមុខ។
«ភាសាអង់គ្លេសកំពុងបាត់បង់សារសំខាន់ហើយ»។ នេះជាសម្តីរបស់ប្រមុខគណៈកម្មការអឺរ៉ុបលោក ហ្សង់ ក្លូតចាំងកឺ មុនពេលលោកថ្លែងសុន្ទរកថាមួយជាភាសាបារាំងនៅប្រទេសអ៊ីតាលីពាក់ព័ន្ធបញ្ហាសហភាពអឺរ៉ុប។ លោកលើកឡើងបែបនេះ បន្ទាប់ពីមានការទិតៀននិងចោទប្រកាន់គ្នាទៅវិញទៅមករវាងសហភាពអឺរ៉ុបនិងអង់គ្លេសពាក់ព័ន្ធការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបតែម្តង។
យោងតាមសារព័ត៌មាន BBC លោក ចាំងកឺ បានពន្យល់ពីមូលហេតុដែលលោកត្រូវជ្រើសរើសយកភាសាបារាំងពេលថ្លែងសុន្ទរកដោយនិយាយដូច្នេះថា៖«យឺតៗប៉ុន្តែប្រាកដណាស់ថា ភាសាអង់គ្លេសកំពុងតែបាត់បង់សារសំខាន់របស់ខ្លួននៅអឺរ៉ុប ហើយណាមួយវាក៏ដោយសារបារាំងកំពុងត្រៀមបោះឆ្នោតផង»។
បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អឺរ៉ុបរូបនេះនិយាយឌឺដងឲ្យអង់គ្លេសរឿងភាសាអង់គ្លេសនេះ អ្នកចូលរួមបានសើចហ៊ោរ ហើយនាំគ្នាទះដៃគាំទ្រលោកខ្លាំងថែមទៀត។ បន្ទាប់មកលោកបានបញ្ជាក់ផងដែរពីដំណើរការនៃការចរចាជាមួយអង់គ្លេស ហើយលោកសង្កត់ធ្ងន់ជាថ្មីថាអឺរ៉ុបមិនមែនជាអ្នកបោះបង់អង់គ្លេសឡើយ។
«យើងនឹងបន្តចរចាជាមួយមិត្តអង់គ្លេសរបស់យើងឲ្យបានត្រឹមត្រូវបំផុត ប៉ុន្តែយើងកុំភ្លេចថា វាមិនមែនសហភាពអឺរ៉ុបកំពុងបោះបង់អង់គ្លេសចោលឡើយ។ អង់គ្លេសឯណោះទេដែលកំពុងបោះបង់សហភាពអឺរ៉ុប។ វាធ្វើឲ្យគ្រប់យ៉ាងខុសប្លែកពីគ្នា»។
តាមពិតទៅការឌឺដងផ្លែផ្ការឿងភាសាអង់គ្លេសនេះកើតឡើងស្របពេលដែលអឺរ៉ុបនិងអង់គ្លេសកំពុងជះកំហឹងដាក់គ្នាដោយប្រើប្រាស់សង្គ្រាមពាក្យសម្តីរួចទៅហើយ។ អង់គ្លេសបានចោទប្រកាន់អឺរ៉ុបម្តងជាពីរដងថា មន្ត្រីជាន់ខ្ពស់អឺរ៉ុបនេះកំពុង លូកលាន់ចូលក្នុងកិច្ចការអង់គ្លេសជាពិសេសការបោះឆ្នោតមុនអាណត្តិដែលនឹងមកដល់នៅខែមិថុនាខាងមុខនេះ។ លោកស្រីនាយកដ្ឋមន្ត្រី Theresa May ចោទសហភាពអឺរ៉ុបដោយសារតែកិច្ចសន្ទនាជាលក្ខណៈឯកជនរបស់លោកស្រីជាមួយលោក ចាំងកឺ ត្រូវបានគេទម្លាយចេញទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ។ លោកស្រីកត់សម្គាល់ថា ការទម្លាយព័ត៌មាននេះ ធ្វើឲ្យគូបដិបក្ខនយោបាយដែលត្រូវប្រកួតជាមួយលោកស្រីនៅខែមិថុនាកើនឡើងប្រជាប្រិយភាពថែមទៀត។
បើតាមព័ត៌មានបែកធ្លាយចេញផ្សាយដោយទស្សនាវដ្តីអាល្លឺម៉ង់ Frankfurter Allgemeine កិច្ចសន្ទនារវាងលោក ចាំងកី និងលោកស្រី May ផ្តោតលើបញ្ហាច្រើនប៉ុន្តែអ្វីដែលសំខាន់លោកស្រី May ចង់ពន្លឿនការសម្រេចកិច្ចព្រមព្រៀងមួយស្តីពីសិទ្ធិប្រជាជននៅត្រឹមខែមិថុនានេះ។ ប៉ុន្តែទោះជាបែបណាក្តី លោកចាំងកឺ បានបដិសេធសំណើរនេះដោយលោកបានយកឯកសារថតចម្លងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបជាមួយកាណាដានិង កិច្ចព្រមព្រៀងចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសក្រូអាស៊ីឲ្យលោកស្រី May មើលដើម្បីឲ្យលោកស្រីដឹងថា ការសម្រេចបានកិច្ចព្រមព្រៀងមួយៗវាលំបាកយ៉ាងណា។
ចំណែក ការចរចាផ្លូវការពាក់ព័ន្ធការចាកចេញពីសហភាពអឺរ៉ុបនេះនឹងត្រូវចាប់ផ្តើមឡើងនៅក្រោយការបោះឆ្នោតអង់គ្លេសថ្ងៃ៨ ខែមិថុនាខាងមុខ។ លោកស្រី May សង្ឃឹមថា ការបោះឆ្នោតមុនអាណត្តិនេះនឹងជួយគណបក្សអភិរក្សរបស់លោកស្រី ឲ្យទទួលបានអាសនៈបន្ថែមនៅក្នុងសភា។ នេះ វាអាចអំណោយផលដល់ដំណើរការនៃការចរចាចាកចេញពីសហភាពអឺរ៉ុបផងដែរ៕