អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ី​ម៉ែ​លចលនា «En Marche»របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​ត្រូវគេ Hack ហើយ​រុស្ស៊ី​ត្រូវគេ​ចោទ​ជាថ្មីទៀត
06, May 2017 , 9:39 pm        
រូបភាព
 
​ក្រុមឃោសនា​របស់បេក្ខជន​ប្រធានាធិបតី​នាំមុខ​របស់​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា អ៊ី​ម៉ែ​ល​ខ្លួនត្រូវបាន​គេ hack ហើយ​ឯកសារ​ស្តីពី​ព័ត៌មាន​ផ្ទៃក្នុង​នៃ​ចលនានយោបាយ «En Marche» ក៏ត្រូវ​គេ​ទម្លាយ​ចេញ​ដែរ​។ ការចូល​លួច​ទិន្នន័យ​នេះ​កើតឡើង​ប្រហែល  មួយថ្ងៃ​កន្លះ​មុន​ការបោះឆ្នោត​ជុំ​ទី​មកដល់​ប៉ុណ្ណោះ ហើយ​គេ​បារម្ភ​ការ​លួច​ទម្លាយ​ទិន្នន័យ​នេះ​អាច​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​ផងដែរ​។

 
​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​ពីរ​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី ៧ ឧសភា​ស្អែក​នេះ​។ ប៉ុន្តែ​រឿងចម្រូងចម្រាស​កើតឡើង ក្រោយ​ពេលដែល​ជនអនាមិក​លួច​ចូល​យក និង ទម្លាយ​ទិន្នន័យ​ព័ត៌មាន​ផ្ទៃ​ក្នុងនៃ​ចលនានយោបាយ En Marche ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ រុស្ស៊ី​ក្លាយជា​មុខសញ្ញា​នៃ​ការចោទប្រកាន់​របស់​បារាំង​ទៀត នៅពេលដែល​មានការ​លួច​យក​ទិន្នន័យ​សម្ងាត់​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​នេះ​។​
 
​យោងតាម​ទីភ្នាកងារ​ព័ត៌មាន AFP ឯកសារ​ដែលមាន​ទំហំ ៩​ជី​ហ្កា​បៃ​ត្រូវបាន​គេ​ទម្លាយ​នៅតាម​គេហទំព័រ​មួយ​ដែលមាន​ឈ្មោះថា​«EMLEAKS»​ដែលជា​កន្លែង​ដែល​គេ​តែងតែ​ចុះផ្សាយ​ឯកសារ​អនាមិក​។ ប៉ុន្តែ​គេ​មិនទាន់​អាច​កំណត់​បានទេ​ថា អ្នកណា​ជា​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការចុះផ្សាយ​ឯកសារ​របៀប​នេះនោះ​។​
 
​ចំណែក​ក្រុមឃោសនា​របស់ចលនា​នយោនបាយ En Marche របស់លោក ម៉ា​ក្រុង បាន​ប្រកាស​ទទួលស្គាល់ថា អ៊ីម៉ែល​ផ្ទៃក្នងខ្លួនពិតជា​ត្រូវគេ​លួច​ចូល​មើល​មែន​។ សេកចក្តីថ្ឡែងការណ៍​នៃចលនា​នយោបាយនេះបញ្ជាក់​ដូ​ច្នះ​ថា​៖« ចលនា En Marche បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​សកម្មភាព​ចូល​លួច​ទិន្ន័យ​ដែលមាន​ទ្រង់ទ្រាយ​ធំ​និង​មានការ​សហការគ្នា​ផង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​មានការ​បែកធ្លាយ​ព័ត៌មាន​ផ្ទៃក្នុង​របស់​យើង​ជាច្រើន​ផងដែរ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​»​។​
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ប្រធានាធិបតី​បារាំង បានចេញ​សេចក្តីថ្លែងការណ៍​ដោយ​បញ្ជាក់ថា ខ្លួន​នឹង​រៀបចំ​ការប្រជុំ​មួយ​ដើម្បី​ពិភាក្សាគ្នា​ពី​ប​ញ្ហ​នេះ​ដោយសារ​វា​មាន​ជាប់​ពាក់ព័ន្ធ​ការចូល​លួច​ទិន្នន័យ​នេះ​។​ស្ថាប័ន​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ប្រុងប្រយ័ត្ន​មុន​ចុះផ្សាយ​ព័ត៌មាន​លម្អិត​ដែល​គេ​ទាញ​ចេញពី​អ៊ី​ម៉ែ​ល​នោះ​ព្រោះថា ការឃោសនា​នយោបាយ​ចប់​ហើយ​។​ហើយ​អ្នក​ចុះផ្សាយ​អាច​នឹង​ប្រឈមមុខ​ការចោទប្រកាន់​ពី​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ថែម​ទៀតផង​។​
 
​រុស្ស៊ី​ត្រូវគេ​បន្ទោស​ទៀតហើយ​!!!
 
​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ចូលដល់​ជុំ​ទី​២​នៅ​ថ្ងៃអាទិត្យ​ខាងមុខ ប៉ុន្តែ​ម្នាក់ៗ​បារម្ភ​ថា បេក្ខជន​ស្តាំនិយម​ជ្រុល​និង​ជា​អ្នកប្រឆាំង​សកលភាវូបនីយកម្ម​និង​ប្រឆាំង​អឺរ៉ុប​លោកស្រី ម៉ា​រី​ន ឡឺ​បែន (Marine Le Pen) អាច​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​បារាំង​ផង​។  ប៉ុន្តែ​ដល់​ត្រឹម​ថ្ងៃ​សុក្រ​បេក្ខជន​ប្រធានាធិបតី​បារាំង​មាន​និន្នាការ​កណ្តាល​និយម​និង​ជា​ក្តី​រំពឹង​តែមួយគត់​របស់​បារាំង​និង​អឺរ៉ុប​លោក ម៉ា​ក្រុង នៅតែ​នាំមុខគេ​ក្នុង​ការស្ទង់មតិ​មុន​បោះឆ្នោត​ដដែល​។ 
 
​គេ​មិនអាច​ដឹង​ច្បាស់​ថា​ទេ​ថា ការ​លួច​យក និង​ទម្លាយ​ព័ត៌មាន​ផ្ទៃ​ក្នុងនេះ​នឹងមាន​ផលប៉ះពាល់​បែបណាខ្លះ​ចំពោះ​ការបោះឆ្នោត​ថ្ងៃអាទិត្យ​ស្អែក​នេះ​ទេ​។ ប៉ុន្តែ​គេ​ឃើញ​មានការ​ចោទប្រកាន់​រុស្ស៊ី​ម្តងទៀត​ពាក់ព័ន្ធ​ការ​លួច​យក​ទិន្នន័យ​នេះ​។ 
 
​កាលពី​ចុងខែ​មេសា អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ជា​បេក្ខជន​ប្រធានាធិបតី​កណ្តាល​និយម​ម៉ា​ក្រុង នេះ​បាន​ត្អូញត្អែរ​និង​បន្ទោស​រុស្ស៊ី​ផងដែរ​ពាក់ព័ន្ធ​ការប៉ុនប៉ង​ចូល​លួច​ទិ​ន្និ​ន័យ​នេះ​។   អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ភ្នាក់ងារ​ចារកម្ម អាមេរិក​កាលពី​ខែមករា​បាន​ព្រមាន​ថា ក្រេ​ម​ឡាំង​បញ្ជា​ឲ្យ​ក្រុមចោរ​អ៊ីនធឺណិត​ចូល​លូកលាន់​ក្នុងការ​បោះឆ្នោត​នៅ​អឺរ៉ុប ដូច​អ្វីដែល​រុស្ស៊ី​ធ្លាប់ធ្វើ​ក្នុងពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដូច្នេះ​ដែរ​៕ 
  
 
 
 

Tag:
 Emmanuel Macron
  En Marche
  អាមេរិក​
  រុស្ស៊ី​
  Marine Le Pen
© រក្សាសិទ្ធិដោយ thmeythmey.com