ជាតិ
សេដ្ឋកិច្ច
លោក ប៉ា សុជាតិ​វង្ស ចង់​ដក​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ ចេញទៅ​ជាយក្រុង​
06, May 2017 , 4:21 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ឆន្ទៈ​ចង់​ដក​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ​ចេញទៅ​ជ្រាយ​ក្រុង ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ផលប៉ះពាល់​ផ្សេងៗ​។ នេះ​បើតាម លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ស្រង់​ខ្លឹមសារ​ដែល លោក ប៉ា សុជាតិ​វង្ស បានលើកឡើង​នាឱកាស​លោក​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​រង្វង់​មូល​កួរស្រូវ ឬ​ស្ត្រី​ទូល​ក្អម​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦​ខែឧសភា ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​។​




​បើតាម លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​បញ្ចេញ​គំនិត​តម្រង់ទិស​មួយ ដោយ​ចង់​ឲ្យ​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ ដែល​នៅក្នុង​ក្រុងភ្នំពេញ ត្រូវ​ប្ដូរ​ចេញទៅ​ជ្រាយ​ក្រុង​។ លោក មាស​ភក្ដី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ការលើកឡើង​របស់លោក ប៉ា សុជាតិ​វង្ស គ្រាន់តែ​ជា​គោលបំណង​នៃ​ការតម្រង់ទិស​សម្រាប់​ថ្ងៃក្រោយ គឺ​មិនមែនជា​បទបញ្ជា​ដែល​ត្រូវតែ​អនុវត្ត​ភ្លាមៗ​នោះទេ​»​។ 
 
​លោក ម៉េ​ត មាស​ភក្ដី បន្តថា លោក ប៉ា សុជាតិ​វង្ស ចង់​ដក​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​ជាយក្រុង ព្រោះ​ការសង់​ឃ្លាំង​ទាំងនោះ​ត្រូវការ​ដី​ធំ និង​បានធ្វើ​ឲ្យ​រថយន្ត​ដឹកទំនិញ​ធំៗ​ត្រូវ​បើក​ចូលក្នុង​ក្រុង ដែលជា​កត្តា​មួយផ្នែក​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​។​
 
​ចំពោះ​យានដ្ឋាន​ជួសជុល​រថយន្ត ត្រូវបាន លោក ម៉េ​ត មាស​ភក្ដី ពន្យល់ថា សកម្មភាព​ជួសជុល​រថយន្ត​របស់​យានដ្ឋាន​មួយចំនួន​នៅក្នុង​ក្រុង​បាន​រំខាន​ជា​សំឡេង និង​មាន​បញ្ចេញ​ជាតិពុល បង្ក​ការរំខាន​ដល់​អ្នក​នៅ​ជិតខាង​យានដ្ឋាន ដែល​អភិបាល​រាជធានី​ចង់​ជំរុញ​ឲ្យ​ដក​ចេញទៅ​ជាយក្រុង​។ លោក​បន្ថែមថា យានដ្ឋាន​មួយចំនួន ដោយសារតែ​កន្លែង​តូច​បានធ្វើ​ឲ្យ​រថយន្ត​ដែល​ត្រូវ​យកមក​ជួសជុល​ត្រូវ​ចត​នៅ​ផ្លូវ​សាធារណៈ ដែលជា​ផ្នែក​មួយ​នៃ​បញ្ហា​កកស្ទះ​ចរាចរណ៍​។​
 
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ​បញ្ជាក់ថា ការលើកឡើង​របស់ លោក ប៉ា សុជាតិ​វង្ស គឺជា​ការតម្រង់ទិស ដែល​អាច​នាំទៅដល់​ការអនុវត្ត​ដូច​ការលើកឡើង​នេះ​ជា​បន្តបន្ទាប់​។ «​ក្រុមហ៊ុន​ណា​ដែល​គាត់​មានលទ្ធភាព​ធ្វើ​ភ្លាម គាត់​ចាប់ផ្ដើម​អនុវត្ត​ទៅ ព្រោះ​ថ្ងៃក្រោយ​ទៅ​យើង​តម្រង់ទិស​ទៅ​បែបនេះហើយ​»​។ លោក មាស​ភក្ដី ថ្លែង​ដូច្នេះ មុននឹង​លោក​បន្តថា​៖«​ដំបូង​យើង​លើកទឹកចិត្ត ស្នើ ហើយ​ថ្ងៃ​ក្រោយមក​យើង​អនុវត្តបាន​ច្រើន នៅសល់​តិចតួច (​យានដ្ឋាន និង​ឃ្លាំង​ដែល​មិនបាន​ប្ដូរ​ចេញ​) ជំហាន​របស់​យើង​គឺ​ចាត់វិធានការ ដើម្បី​ឲ្យ​គាត់​អនុវត្តតាម​»​។ 
 
​ទោះយ៉ាងណា​សាលាក្រុង​មិនទាន់មាន​ផែនការ​ជាក់លាក់​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​។ នេះ​បើតាម លោក ម៉េ​ត មាស​ភក្ដី ៕  
 

Tag:
 ឃ្លាំង​ស្តុក​ទំនិញ​
 ​ យានដ្ឋាន​ជួសជុល​រថយន្ត​
  ប៉ា សុជាតិ​វង្ស​
© រក្សាសិទ្ធិដោយ thmeythmey.com