អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​៖ អ្នក​ហ៊ាន​ផ្សាយ​អ៊ី​ម៉ែ​ល​សម្ងាត់​ក្រុម​ឃោសនា​លោក ម៉ា​ក្រុង ដែល​ត្រូវគេ Hack ត្រូវ​ប្រឈម​ទោស​ព្រហ្មទណ្ឌ​
08, May 2017 , 12:39 am        
រូបភាព
ដោយ: ថ្មីៗ
 អ្នកណាក៏ដោយ ដែលហ៊ានបោះពុម្ភផ្សាយអ៊ីម៉ែលសម្ងាត់ក្រុមឃោសនារបស់បេក្ខជនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលត្រូវគេលួចនិងទម្លាយចេញពីថ្ងៃសុក្រនឹងប្រឈមមុខការចោទប្រកាន់ព្រហ្មទណ្ឌថែមទៀត។ នេះជាវិធានការក្តៅរបស់អាជ្ញាធរបារាំងដែលដាក់ចេញដើម្បីធានាថា ការបែកធ្លាយព័ត៌មាននេះមិនមានប៉ះពាល់លទ្ធផលបោះឆ្នោតទេ។

អាជ្ញាធរបារាំងបានដុតដៃដុតជើងប្រឹងធ្វើយ៉ាងណាទប់ស្កាត់ការបោះពុម្ភផ្សាយនិងចែកចាយព័ត៌មានផ្ទៃក្នុងរបស់ក្រុមឃោសនារបស់បេក្ខជនប្រធានាធិបតីកណ្តាលនិយម អេម៉ានុយអែល ម៉ាក្រុង ដែលត្រូវបានគេលួចនិងទម្លាយចេញតាមអ៊ីនធឺណិតនោះ។  អ្នកណាហ៊ានបោះពុម្ភផ្សាយនឹងត្រូវជាប់ពិរុទ្ធនិងទទួលទោសទណ្ឌតាមបទព្រហ្មទណ្ឌថែមទៀត។
 
គណៈកម្មការរៀបចំការបោះឆ្នោតបារាំង បានចេញសេចក្តីថ្លែងការណ៍និង រៀបចំការប្រជុំមួយដើម្បីពិភាក្សាគ្នាពីបញ្ហនេះដោយសារវាមានជាប់ពាក់ព័ន្ធការចូលលួចទិន្នន័យនេះភ្លាមកាលពីថ្ងៃសុក្រ។ ស្ថាប័នបាននេះក៏បានអំពាវនាវឲ្យរាល់ប្រព័ន្ធផ្សព្វផ្សាយនានាប្រុងប្រយ័ត្នមុនចុះផ្សាយព័ត៌មានលម្អិតដែលគេទាញចេញពីអ៊ីម៉ែលនោះព្រោះថា ការឃោសនានយោបាយចប់ ហើយអ្នកចុះផ្សាយអាចនឹងប្រឈមមុខការចោទប្រកាន់បទព្រហ្មទណ្ឌ។
 
ក្រោយមានការណែនាំ សារព័ត៌មានឆ្វេងនិយម Liberation បានសន្យាថាខ្លួនមិនចុះផ្សាយព័ត៌មានពាក់ព័ន្ធការលេចធ្លាយឯកសារផ្ទៃក្នុងនេះទេ ហើយកាសែត Le Monde ក៏បានសន្យាដូចគ្នា។
 
ទោះជាមានវិធានការតឹងរ៉ឹងក្តី គណៈកម្មការនេះយល់ថា វាលំបាកខ្លាំងក្នុងការអនុវត្តតាមបទបញ្ជាព្រោះថាប្រជាជនបច្ចុប្បន្នមានលទ្ធភាពទទួលព័ត៌មានតាមអ៊ីនធឺណិត ហើយព័ត៌មានត្រូវគេចែកចាយដោយសេរីគ្មានព្រំដែននិងដោយជនអនាមិកទៀត។
 
 
នៅថ្ងៃសុក្រទី ៤ ឧសភា ក្រុមចោរបច្ចេកវិទ្យា ឬHacker  បានលួចចូលយក និង ទម្លាយទិន្នន័យព័ត៌មានផ្ទៃក្នុងនៃចលនានយោបាយ En Marche របស់លោក អេម៉ានុយអែល ម៉ាក្រុង។ 
យោងតាមទីភ្នាកងារព័ត៌មាន AFP ឯកសារដែលមានទំហំ ៩ជីហ្កាបៃត្រូវបានគេទម្លាយនៅតាមគេហទំព័រមួយដែលមានឈ្មោះថា«EMLEAKS»ដែលជាកន្លែងដែលគេតែងតែចុះផ្សាយឯកសារអនាមិក។ ប៉ុន្តែគេមិនទាន់អាចកំណត់បានទេថា អ្នកណាជាអ្នកដែលទទួលខុសត្រូវចំពោះការចុះផ្សាយឯកសាររបៀបនេះទេ។
 
ការទម្លាយឯកសារនេះកើតឡើងស្របពេលដែលការឃោនាបោះឆ្នោតជិតចប់ ហើយគេមិនអនុញ្ញាតឲ្យអ្នកនយោបាយណាមួយមានមតិយោបល់លើបញ្ហាបែកធ្លាយនេះទេ។ ការលួចនិងទម្លាយឯកសារផ្ទៃក្នុងនេះ ក៏កើតឡើងស្របពេលរបាយការណ៍ស្ទង់មតិបង្ហាញថា អតីតរដ្ឋមន្រី្តសេដ្ឋកិច្ច លោក ម៉ាក្រុង នឹងឈានទៅដណ្តើមជ័យជម្នះផ្តួលមេបក្សរណសិរ្សជាតិលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) នៅក្នុងការបោះឆ្នោតជុំទីពីរនេះដែរ។
 
 
មកដល់ពេលនេះ គេមិនអាចដឹងច្បាស់ថាទេថា ការលួចយក និងទម្លាយព័ត៌មានផ្ទៃក្នុងនេះនឹងមានផលប៉ះពាល់បែបណាខ្លះចំពោះការបោះឆ្នោតថ្ងៃអាទិត្យនេះទេ។ ប៉ុន្តែ រុស្ស៊ីត្រូវគេចោទប្រកាន់ម្តងទៀតពាក់ព័ន្ធការលួចយកនិងទម្លាយទិន្នន័យពាកព័ន្ធការបោះឆ្នោតនេះដើម្បីជួយឲ្យបេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុល ម៉ារីន ឡឺប៉ែន ឈ្នះឆ្នោត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com