ជាតិ
សង្គមជាតិ
អ្នក​បឹងកក់ សុំ​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី​
08, May 2017 , 10:53 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ និង​សកម្មជន​ក្នុង​តំបន់​បឹងកក់ ប្រមាណ​ជា​២០​នាក់ បាននាំគ្នា​យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៧​នេះ ដើម្បី​សុំ​អន្តរាគមន៍ លើ​ករណី​លោកស្រី ទេព វ​ន្នី ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។



​គោលបំណង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​ចង់​ឲ្យ​ក្រសួងយុត្តិធម៌ ធ្វើយ៉ាងណា ដើម្បី​ជំរុញ​ឲ្យ​មាន​ការសើរើ​សំណុំរឿង​ឡើងវិញ ហើយ​អាចឈាន​ទៅដល់​ដោះលែង​លោកស្រី ទេព វ​ន្នី ជា​សកម្មជន​បឹងកក់​មួយរូប ដែល​តែងតែ​តវ៉ា​រឿង​ដីធ្លី​ក្នុង​តំបន់​បឹងកក់​។ ពួកគេ នៅតែ​យល់ថា ការចាប់​លោកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ ដោយសារតែ​តវ៉ា​រឿង​ដី​ធ្លឺ គឺជា​រឿង​អយុត្តិធម៌​។

«​ដោះលែង​ទៅ​! ដោះលែង​លោកស្រី ទេព វ​ន្នី ទៅ​! អយុត្តិធម៌​ណាស់​! លោកស្រី ទេព វ​ន្នី អត់​មានទោស​កំហុស​ទេ​!​    ​»​។ ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ បាននាំគ្នា​ស្រែក​ដូច្នេះ​ដដែលៗ ដោយ​ដៃ​របស់​ពួកគេ កាន់​រូប​របស់​លោកស្រី ទេព វ​ន្នី នៅមុខ​ក្រសួងយុត្តិធម៌​។​



​លោកស្រី សុង ស្រី​លាភ សកម្មជន​បឹងកក់​មួយរូប បាន​និយាយ​បែបនេះ​ថា​៖«​លោកស្រី ទេព វ​ន្នី អត់​មានទោស​កំហុស​អ្វី​ទេ​។ ពួកយើង នៅតែ​ចង់​បញ្ជាក់ថា លោកស្រី ទេព វ​ន្នី គឺជា​មនុស្ស​ស្អាតស្អំ​។ ដូច្នេះ យើង​សុំ​ឲ្យ​ក្រសួងយុត្តិធម៌ ជួយ​ធ្វើ​យ៉ាងម៉េច ឲ្យ​មានការ​ដោះលែង​លោកស្រី ទេព វ​ន្នី​»​។

​បើតាម​លោកស្រី សុង ស្រី​លាភ ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ សង្ឃឹមថា ក្រសួងយុត្តិធម៌ នឹង​យកចិត្តទុកដាក់​ចំពោះ​សំណើ​របស់​ពួកគេ ហើយ​ពិចារណា​ក្នុងការ​ដោះលែង​លោកស្រី ទេព វ​ន្នី នៅក្នុង​ពិធីបុណ្យ​វិសាខបូជា ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​យ៉ាងណា ក្រ​សួយ​យុត្តិធម៌ បានសម្រេច​រួចហើយ ទាក់ទង​នឹង​សំណើសុំ​លើកលែង​និង​បន្ធូរ​បន្ថយទោស​ដល់​អ្ន​ក​ទោស​។ កិច្ចប្រជុំ​នោះ បានសម្រេច​ថា ឈ្មោះ​អ្នកទោស​ចំនួន​៣៥​នាក់ នឹងត្រូវ​ថ្វាយទៅ​កាន់​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះ​ហត្ថ បន្ធូរ​បន្ថយទោស ក្នុង​ពិធីបុណ្យ​វិសាខបូជា​។ ចំណែកឯ ឈ្មោះ​អ្នកទោស ដែល​នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន ឲ្យ​ដោះលែង​នោះ គឺ​ពុំមាន​ឡើយ​។ 



​សូមបញ្ជាក់ថា  លោកស្រី ទេព វ​ន្នី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពីបទ «​ប្រមាថ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​» ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅមុខ​ផ្ទះ​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០១៣​។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ចាប់ផ្តើម​សើរើ​សំណុំ​រឿងនេះ ឡើងវិញ ចុងឆ្នាំ​២០១៦​។ ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១៦ លោកស្រី ទេព វ​ន្នី និង​សកម្មជន​ដីធ្លី​៣​នាក់​ទៀត ក៏ត្រូវ​បាន​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ខែ​។ ប៉ុន្តែ សកម្មជន​បឹងកក​៣​នាក់​ទៀត ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ចំណែកឯ លោកស្រី ទេព វ​ន្នី នៅតែ​ជាប់ឃុំ រហូតដល់​បច្ចុប្បន្ន​៕


Tag:
 ​បឹងកក់​
  ទេព វ​ន្នី​
  ក្រសួងយុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com