កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសអាហ្សង់ទីន Maradona ក្លាយជាគ្រូបង្វឹកក្លិបលំដាប់ទី២ នៅអារ៉ាប់រួម
×
វីរបុរសរបស់ក្រុមបាល់ទាត់អាហ្សង់ទីន Diego Maradona ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Al-Fujairah FC នៃក្របខណ្ឌបាល់ទាត់លីកលំដាប់ទី២ របស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
នេះជាការងារដំបូងហើយរបស់អ្នកចាត់ការវ័យ៥៦ឆ្នាំ ក្រោយពីក្រុមនៅលីកកំពូលអារ៉ាប់រួមអេមេរាត Al Wasl បញ្ឈប់ពីតំណែងកាលពីឆ្នាំ២០១២។ រហូតមកដល់ពេលនេះទើបក្រុម Al-Fujairah FC បានចុះកិច្ចសន្យារយៈពេល១ឆ្នាំសម្រាប់ការងារថ្មីរបស់ Maradona ក្នុងនាមជាគ្រូបង្វឹក។
អតីតខ្សែប្រយុទ្ធមុតស្រួចដែលធ្លាប់ជួយឲ្យអាហ្សង់ទីនឈ្នះពាន World Cup កាលពីឆ្នាំ១៩៨៦ រូបនេះបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖«ខ្ញុំចង់ប្រាប់អ្នកថាខ្ញុំជាគ្រូបង្វឹកថ្មីនៃក្រុម Al-Fujairah ក្លិបនៃលីកទីពីររបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត។ ទីនេះជាផ្ទះថ្មីរបស់ខ្ញុំ»។
Maradona ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនបានរយៈពេល២ឆ្នាំផងដែរ ពោលគឺចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ និងជួយក្រុមដែលស្ថិតនៅតំបន់អាមេរិកឡាទីននេះឡើងទៅវគ្គ៨ក្រុមចុងក្រោយពាន World Cup ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូងថែមទៀតផង៕
Tag:
បាល់ទាត់
Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com