ជាតិ
សង្គមជាតិ
លោក ម៉ក់ ជីតូ៖ «ខ្ញុំស្គាល់បងហ៊ុន សាន ៣០ឆ្នាំហើយ ខ្ញុំឯណា ទៅមានរឿងដីធ្លីជាមួយគាត់»
× ភ្នំពេញ៖ លោក ហ៊ុន សាន ដែលជាបងប្រុសរបស់សម្តេច ហ៊ុន សែន បានចោទលោក ម៉ក់ ជីតូ ថាបានប្រើអំណាច ក្នុងការរំលោភបំពានលើដីធ្លីរបស់លោក។ ប៉ុន្តែ លោក ម៉ក់ ជីតូ បែរជាអះអាងថា លោក មិនមានជម្លោះក្នុងរឿងដីធ្លីជាមួយលោក ហ៊ុន សាន ឡើយ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ ថា លោក ពុំបានប្រើអំណាច ដើម្បីគំរាមកំហែង ឬរំលោភបំពានលើដីធ្លីរបស់លោក ហ៊ុន សាន ដែលជាបងប្រុសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ លោក ម៉ក់ ជីតូ បញ្ជាក់ថា កន្លងមក លោក មិនដែលពាក់ព័ន្ធ ឬក៏មានជម្លោះជាមួយលោក ហ៊ុន សាន ក្នុងរឿងដីធ្លី ទាល់តែសោះ។
លោក និយាយដូច្នេះថា៖«ខ្ញុំធ្វើការនៅតែភ្នំពេញ។ ខ្ញុំមិនស្គាល់ មិនដែលទៅដល់តំបន់ដីរបស់គាត់ (ហ៊ុន សាន) ផងហ្នឹង។ ខ្ញុំស្គាល់គាត់ រាប់អានជាមួយគាត់ ៣០ឆ្នាំហើយ ខ្ញុំឯណា ទៅធ្វើអ៊ីចឹងដាក់គាត់។ ហើយពីដើមមក ក៏យើង មិនដែលមានរឿងអ្វីជាមួយគ្នាដែរ»។
ដោយយល់ថារឿងខាងលើ មិនមែនជាការពិត លោក ម៉ក់ ជីតូ ក៏បានហៅទូរសព្ទទៅកាន់លោក ហ៊ុន សាន ដើម្បីសួរនាំ និងដោះស្រាយជាមួយគ្នា។ ពេលនិយាយជាមួយគ្នាតាមទូរសព្ទ លោក ហ៊ុន សាន បានប្រាប់លោក ម៉ក់ ជីតូថា «អ្នកធ្វើការនៅលើដីរបស់លោក ហ៊ុន សាន ដែលមានដីទំហំជាង១០០ហិចតា ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅរាយការណ៍ប្រាប់លោក ហ៊ុន សាន ថាទទួលរងការគំរាមកំហែងពីសំណាក់លោកម៉ក់ ជីតូ»។ ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានលោក ម៉ក់ ជីតូ ពន្យល់ប្រាប់លោក ហ៊ុន សាន ថាមិនមែនជាការពិត នោះទេ។ ក្រោយសន្ទនាគ្នាតាមទូរសព្ទរួចហើយ បញ្ហានេះ ក៏ត្រូវបានបញ្ចប់។ ទាំងនេះ គឺជាការរៀបរាប់របស់លោក ម៉ក់ ជីតូ ដដែល។
លោក បកស្រាយបែបនេះថា៖«ពេលខ្ញុំ ហៅទូរសព្ទទៅសួរគាត់ (លោក ហ៊ុន សាន) គាត់ ក៏ប្រាប់ខ្ញុំថា មានសហការីរបស់គាត់ ប្រាប់ថា ខ្ញុំហ្នឹងជាអ្នកគំរាមកំហែង។ ហើយខ្ញុំសួរ ថា តើសហការីរបស់បងមួយណា ដែលថាខ្ញុំ គំរាមកំហែង? ហើយខ្ញុំ ឲ្យគាត់នាំសហការីនោះមកជួបខ្ញុំ ឲ្យស្បថជាមួយខ្ញុំតែម្តង បើខ្ញុំពិតជាគំរាមកំហែងមែន។ ខ្ញុំប្រាប់គាត់ថា ខ្ញុំមិនដែលស្គាល់សហការីរបស់បងទេ។ ខ្ញុំនៅតែភ្នំពេញ ខ្ញុំណា ទៅស្គាល់សហការីរបស់បង»។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ហ៊ុន សាន បានដើម្បីសុំការបំភ្លឺបន្ថែម ចំពោះការលើកឡើងរបស់លោក ម៉ក់ ជីតូ នោះទេ។
ថ្មីៗនេះ លោក ហ៊ុន សាន បានដាក់លិខិតទៅកាន់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ រឿងដីធ្លីរបស់លោក។ នៅក្នុងលិខិតនោះ លោក ហ៊ុន សាន បានចោទ លោក ម៉ក់ ជីតូ ថាបានប្រើអំណាច ដើម្បីរំលោភបំពានលើដីធ្លីរបស់លោក។
លោក ហ៊ុន សាន បានប្រាប់សម្តេច ស ខេង តាមរយៈលិខិតនោះថា៖«ដោយកន្លងមកថ្មីៗនេះ មន្ត្រីរបស់សម្តេច ចេះតែមកគំរាមកំហែងលើរូបខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ និងសហការីរបស់ខ្ញុំ ដែលបានចុះទៅរៀបចំអភិវឌ្ឍលើដីខ្ញុំ ដែលមានទំហំ ១១៩ហិចតា នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងស្ថានភាពបែបនេះ សូមសម្តេច មេត្តាណែនាំទៅឯកឧត្តម ម៉ក់ ជីតូ ដែលតែងតែការពារជនល្មើសក្នុងការរំលោភយកដីរបស់ខ្ញុំ និងកូនខ្ញុំ ធ្វើឲ្យបាត់បង់ភាពកក់ក្តៅ ធ្លាក់ចុះនូវប្រជាប្រិយភាព បាត់បង់សាមគ្គីផ្ទៃក្នុង ជំនឿទុកចិត្តក្នុងជួរគណបក្សប្រជាជនកម្ពុជា ជាពិសេសគ្រួសារថ្នាក់ដឹកនាំប្រទេស»។
សារព័ត៌មានថ្មីៗ ក៏មិនអាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានដែរ ដើម្បីសាកសួរពីលិខិតដែលលោក ហ៊ុន សាន ដាក់ទៅកាន់សម្តេច ស ខេង៕
Tag:
ហ៊ុន សាន
ម៉ក់ ជីតូ
© រក្សាសិទ្ធិដោយ thmeythmey.com