ជាតិ
បទវិភាគ
សង្គមជាតិ
រឿងដែលស្វាមីមិនគួរធ្វើចំពោះភរិយាជាទីស្រឡាញ់…
× លោក តែ ភក្តី អ្នកទីក្រុងភ្នំពេញ
«ផាច់!»។ នេះ គឺជាសំឡេងដៃស្តាំរបស់បុរសម្នាក់ទះកំផ្លៀងភរិយានៅទីសាធាណៈនៅចំកណ្តាលទីក្រុងភ្នំពេញ។
នៅវេលាម៉ោងប្រមាណជា៧និង៣០នាទីយប់ កាលពីថ្ងៃអាទិត្យទី៧ខែឧសភាឆ្នាំ២០១៧ ស្វាមី ភរិយា កូនស្រីជំទង់ និងកូនប្រុសអាយុប្រមាណជា១០ឆ្នាំ កំពុងបណ្តើរគ្នានៅតាមដងផ្លូវ មើលទៅគួរឲ្យមានសុមង្គល ស្រាប់តែរំពេចនោះ ស្វាមីដែលដើរខាងមុខប្រពន្ធ បានងាកមកក្រោយ ហើយលើកដៃទះកំផ្លៀងលើថ្ពាល់ស្តាំរបស់ភរិយាខ្លួនឯងលាន់សូតែ«ផាច់!»។
ប្រពន្ធឈឺខ្លាំង តែនាងស្រែកតមាត់តែបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកទាំងពីររួមទាំងកូន បន្តដំណើរទៅមុខជាមួយនឹងការជជែកខ្វែងគំនិតគ្នា។ ជាទង្វើដែលគេពិបាកនឹងជឿ តែជារឿងពិត។
អ្នកបានឃើញសកម្មភាពនោះ មានចំនួនតិចតួច ព្រោះ វាកើតឡើងនៅពេលយប់។ អ្នកធ្វើដំណើរឆ្លងកាត់ខ្លះដែលបានឃើញសកម្មភាពនោះ បាននាំគ្នានិយាយខ្សឹបខ្សាវថា៖«មានរឿងរ៉ាវអី គួរដោះស្រាយគ្នានៅផ្ទះទៅ មិនគួរមកវាយដំគ្នានៅទីសាធារណៈធ្វើអីនាំឲ្យខ្មាសគេ?»
អ្នកធ្វើដំណើរដដែលនិយាយទៀតថា មិនគួរធ្វើសកម្មភាពដូច្នេះទេ សកម្មភាពនេះវាបង្ហាញពីហិង្សាលើស្ត្រី។ វាធ្វើឲ្យភរិយាខ្មាសគេ។ ហើយអ្វីដែលមិនល្អទៀតនោះ គឺស្វាមីបានធ្វើសកម្មភាពនៅចំពោះមុខកូនស្រី និងកូនប្រុសនៅទីសាធារណៈ។ តើកូនមានអារម្មណ៍យ៉ាងដូចម្តេចពីទង្វើរបស់ឪពុកចំពោះម្តាយរបស់គេ? តើគេខ្លោចផ្សាយ៉ាងណានៅពេលឃើញឪពុកខ្លួនលើកដៃទះកំផ្លៀងម្តាយទៅទីសាធារណៈនោះ?
នេះ គឺជាទង្វើដែលស្វាមីមិនគួរធ្វើចំពោះភរិយាជាទីស្រឡាញ់នៅសតវត្សរ៍ទី២១នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com