ជាតិ
ពលរដ្ឋ​ពី​ខេត្ត​នានា ដែល​ចាញ់បោក​ក្រុមហ៊ុន EBC និង​អង្គការ​ពីរ​ទៀត សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ចំនួន​បី​
08, May 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​រាប់រយ​នាក់ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ មកពី​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា បានដាក់​ញ្ញ​តិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ រដ្ឋសភា និង​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៨​ខែឧសភា​នេះ ដើម្បី​ទទួលបាន​ដំណោះស្រាយ​លើ​រឿង​ដែល​ពួកគាត់​ចោទថា ក្រុមហ៊ុន Empire Big Capital Limited (EBC) ឃុបឃិត​ជាមួយ​អង្គការ​ពីរ​ទៀត បាន​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​។



​បន្ទាប់ពី​ដាក់ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពលរដ្ឋ​រាប់រយ​នាក់​បានដាក់​ញ្ញត្តិ​ទៅ​រដ្ឋសភា និង​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ លើ​ករណី​ដែល​ពលរដ្ឋ​ទាំងនោះ​ចោទថា ក្រុមហ៊ុន EBC ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង និង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) និង​សមាគម​អ្នក​ប្រឹក្សា​យោបល​វិនិយោគ (ICA) បាន​ឃុបឃិត​ឆបោក​ប្រាក់​ដើមទុន​សរុប ៤៦​លាន​ដុល្លារ​របស់​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​។

​បើតាម​ពលរដ្ឋ​ដែល​ចូលរួម​ដាក់​ញ្ញត្តិ​លើ​ករណី​ខាងលើនេះ​បាន​ឲ្យ​ដឹង ពួកគាត់​បាន​ចាញ់បោក​ក្រុមហ៊ុន EBC ដែល​បាន​ប្រមូលប្រាក់​ដើមទុន​របស់​ពួកគាត់​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដោយ​សន្យាថា​នឹង​ផ្ដល់​ផលចំណេញ​ជា​ភាគលាភ ១០​ភាគរយ​ក្នុង​មួយខែ ហើយ​រយៈពេល ១៨​ខែ ក្រុមហ៊ុន​នឹង​ឲ្យ​ប្រាក់​ដើម​ត្រឡប់​ទៅ​ពលរដ្ឋ​ជា​អ្នកវិនិយោគ​វិញ​។ ហើយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​មានការ​សហការ​ជា​អង្គការ​ទាំងពី​ខាងលើ ដែល​ផ្ស​ព​ផ្សាយ​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ដាក់ទុន​លើ​ការវិនិយោគ​នេះ​។​

​លោក ជ័យ វឿន មកពី​ខេត្តកំពង់ស្ពឺ​ដែល​ចូលរួម​ដាក់​ញ្ញត្តិ​នេះដែរ បាន​ឲ្យ​ដឹងថា ការដែល​ពលរដ្ឋ​ហាន​ដាក់ទុន​ជាមួយ​ក្រុមហ៊ុន EBC ដោយសារតែ​ពលរដ្ឋ​ជឿ​លើ​អង្គការ AIF និង​សមាគម ICA ។ «​ពលរដ្ឋ​អត់​មាន​អ្នកណា​ស្គាល់​ក្រុមហ៊ុន EBC នៅ​ហុងកុង​នោះទេ គឺ AIF  និង ICA ជា​អ្នក​ឈរ​កណ្ដាល​។ អង្គការ​នេះ​ពីរ​នេះ​ប្រមូលប្រាក់​ពី​ពលរដ្ឋ ហើយ​រុញ​ចូល​គម្រោង​របស់​ក្រុមហ៊ុន EBC »​។ នេះ​ជាការ​បញ្ជាក់​របស់ លោក វឿន ដែល​លោក​អះអាងថា ក្រុមហ៊ុន​នេះ​បាន​ឆបោក​ប្រាក់​ពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​ឯណោះ គឺ​មិនមែន​តែ​អ្នក​ដែលមាន​ឈ្មោះ​ប្ដឹង​ជាង ៥​ពាន់​គ្រួសារ​ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ដើមទុន​នៅថ្ងៃនេះ​ប៉ុណ្ណោះ​ទេ​។​

​លោក ជ័យ វឿន អះអាងថា​លោក​បាន​ចាញ់បោក​ក្នុង​គម្រោង​វិនិយោគ​នេះ​សរុប​ជាង ៣​ម៉ឺន​ដុល្លារ​។ លោក​ប្រាប់ថា លោក​ដាក់​ប្រាក់​ក្នុង​គម្រោង​នេះ​ក្នុងដំណាក់កាល​ដំបូង​នៅ​ចុងឆ្នាំ​២០១៤ លោក​បាន​ភាគលាភ​ជាធម្មតា លុះ​ដាក់​ប្រាក់​ក្នុងដំណាក់កាល​បន្ទាប់​នៅ​ឆ្នាំ​២០១៥ លោក​មិន​ទទួលបាន​ភាគលាភ​នោះទេ ហើយ​ប្រាក់​ដើម​ក៏​ក្រុមហ៊ុន​មិន​សង​ត្រឡប​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។

​ការដែល​ក្រុមហ៊ុន​បានផ្ដល់​ភាគលាភ​ក្នុង​គ្រា​ដំបូងៗ​ជូន​ដល់​អ្នកវិនិយោគ បាន​ទាក់ទាញ​ឲ្យ​អ្នកផ្សេងៗ​ទៀត​ច្រើនឡើងៗ​ចូលរួម​ក្នុង​គម្រោង​វិនិយោគ​នេះ​។ អ្នកស្រី គង់ ណា មកពី​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ដោយសារតែ​អ្នកស្រី​ឃើញ​អ្នក​ក្នុងស្រុក​ភូមិ​របស់​អ្នកស្រី​គេ​ដាក់​ប្រាក់​ក្នុង​គម្រោង​នេះ​ទទួលបាន​ភាគលាភ ទើប​អ្នកស្រី​សម្រេចចិត្ត​ដាក់​ប្រាក់​តាម​គេ​ដែរ​។ អ្នកស្រី​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្រាប់​ស្រាល​តាម​គេ អ្នក​នៅ​ស្រុក ឃើញ​គេ​ដាក់​បាន ខ្ញុំ​ដាក់​តាម​គេ​ដែរ​»​។

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋសភា​នឹង​ដោះស្រាយ​ញ្ញត្តិ​របស់​ពលរ​ដ្ឋ​តាម​នីតិវិធី ដោយ​លោក​បញ្ជាក់ថា​៖«​សភា​នឹង​សរសេរ​លិខិត​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ដោះស្រាយ​»​។

​សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ រួមទាំង​ក្រសួងមហាផ្ទៃ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅថ្ងៃនេះ​។​

​បើតាម លោក ជ័យ វឿន ក្រុមហ៊ុន​ឈប់​ផ្ដល់​ភាគលាភ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៥ ដល់​អ្នកវិនិយោគ​។ លោក​បន្ថែមថា ក្រុមហ៊ុន តាមរយៈ​អង្គការ​ទាំងពីរ​ខាងលើ​បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀតថា​នឹង​បង្វិលប្រាក់​ត្រឡប់​ជូន​អ្នកវិនិយោគ​វិញ​។ ទន្ទឹមនឹង​រង់ចាំ​ការសន្យា​នេះ អ្នកមួយ​ចំនួន​បាន​ចង​ជា​ក្រុម​ហើយ​ធ្លាប់​ប្ដឹងទៅ​ស្ថាប័ន​របស់​រដ្ឋាភិបាល ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​។ នេះ​បើតាម លោក ជ័យ វឿន ។​

​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦ ក្រសួង​ម​ហ​ផ្ទៃ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​ដែល​បញ្ជាក់ថា ប្រតិបត្តិការ​ប្រមូលប្រាក់​ទុន​ពី​ពលរដ្ឋ​របស់​ក្រុមហ៊ុន EBC តាមរយៈ​អង្គការ AIF  និង ICA នេះ មិន​ស្របច្បាប់​នោះទេ ដោយសារ​ក្រុមហ៊ុន​នេះ​មិនមាន​គម្រោង​វិនិយោគ​ជាក់ស្ដែង​អាច​កំណត់​បាន​នោះទេ​។ ស្ថាប័ន​ទាំងនេះ​ថា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​បោកប្រាស់​នេះ និង​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្ដឹងទៅ​តុលាការ​៕


Tag:
 EBC
  AIF
  ICA
© រក្សាសិទ្ធិដោយ thmeythmey.com