ជាតិ
ទូតអាមេរិក ផ្ញើសាររំលែកទុក្ខគ្រួសារសពកងទ័ពមួកខៀវ ដែលត្រូវបានពួកឧទ្ទាមវាយប្រហារនៅអាហ្វ្រិកកណ្ដាល
× ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើសាររំលែកទុក្ខគ្រួសារសពកងទ័ពថែរក្សាសន្តិភាពកម្ពុជា ដែលបានបាត់បង់ជីវិតនៅក្នុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដោយសាររងការវាយប្រហារពីសំណាក់ក្រុមពួកឧទ្ទាម កាលពីថ្ងៃ៨ ឧសភា។
តាមរយៈហ្វេសប៊ុកស្ថានទូតសហរដ្ឋអាមេរិក បានសរសេរដូច្នេះថា៖« យើងថែមទាំងបានឮថា ទាហានថែរក្សាសន្តិភាពកម្ពុជាមួយចំនួនទៀតប្រហែលជាបានបាត់ខ្លួន។ យើងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារ មិត្តភក្តិ និងសហការីនៃទាហានដ៏ក្លាហានទាំងនេះ»។
កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានចេញទៅបំពេញបេសកកម្មនៅប្រទេសអាហ្វ្រិកកណ្ដាល បានរងការវាយប្រហារពីក្រុមពួកឧទ្ទាម ដែលបណ្ដាលឲ្យកងទ័ពមួកខៀវកម្ពុជាម្នាក់ស្លាប់ និងបាត់ខ្លួនចំនួន៣នាក់។ កងទ័ពមួកខៀវកម្ពុជា ដែលបានបាត់បង់ជីវិតនេះ ជាអនុសេនីយ៍ឯក អ៊ឹម សំ មានស្រុកកំណើតនៅខេត្តសៀមរាប។ នេះបើតាមសម្ដេច ហ៊ុន សែន។
សម្ដេច ហ៊ុន សែន បន្ថែមថា កងទ័ពមួកខៀវកម្ពុជា ដែលបាត់ខ្លួននេះ ក៏មិនទាន់ដឹងថាស្លាប់ ឫត្រូវក្រុមពួកឧទ្ទាមចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងនោះទេ។ តែយ៉ាងណាសម្ដេច ហ៊ុន សែន អំពាវនាវឲ្យអង្គការសហប្រជាជាតិ (UN) ជួយអន្តរាគមន៍ធានាការពារអាយុជីវិតកងទ័ពកម្ពុជា ដែលកំពុងជួបប្រទះការវាយប្រហារពីក្រុមពួកឧទ្ទាមនេះ។
សម្ដេច ហ៊ុន សែន ដែលទទួលបានព័ត៌មានខាងលើនេះ បានឲ្យដឹងថា ក្រៅពីកងទ័ពកម្ពុជា ក៏មានកងទ័ពម៉ារុករបួសធ្ងន់ ស្រាល៥នាក់ និងបាត់ខ្លួនម្នាក់ផងដែរ៕
Tag:
អាមេរិក
កងទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com