ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ភរិយាលោក អ៊ឹម សំ៖ ខ្ញុំចង់ឃើញមុខប្តីខ្ញុំណាស់ គាត់ខានជួបកូនយូរហើយ!
10, May 2017 ,
3:48 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ក្រោយឮដំណឹងពីការបាត់បង់ជីវិតប្តី ភរិយា និងក្រុមគ្រួសារសពលោក អ៊ឹម សំ មានអារម្មណ៍សោកសៅ និងស្ទើរមិនជឿ។ យ៉ាងណាក្តី រហូតមកដល់ព្រឹកថ្ងៃទី១០ ឧសភា គេសង្កេតឃើញថាមិនទាន់មានការរៀបចំពិធីសាសនាអ្វីនៅឡើយ ដោយក្រុមគ្រួសារសព រង់ចាំសពមកដល់ផ្ទះសិន។ ភរិយាលោក អ៊ឹម សំ ទទូចសុំឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណា យកសាកសពប្តីរបស់ខ្លួនមកទាំងមូល ដើម្បីឲ្យគាត់បានឃើញមុខជាចុងក្រោយ។
«ពេលឮភ្លាម ខ្ញុំធ្វើអ៊ីអត់កើតទេ អង្គុយនឹកឃើញតែមុខប្តី...និយាយគ្នារាល់តែថ្ងៃ ទើបតែអត់ថ្ងៃចន្ទគាត់ប្រាប់ថា អត់បាននិយាយទេ គាត់ត្រូវផ្លាស់ទៅការដ្ឋានថ្មី ហើយថាបើមានសេវា ចាំគាត់តេមក...និយាយរាល់ថ្ងៃមើលមុខកូនរាល់ថ្ងៃ»។ នេះជាសំដីរបស់អ្នកស្រី តាន់ ភារ័ត្ន ភរិយារបស់លោក អ៊ឹម សំ ដែលនិយាយទាំងអួលដើមក និងហូរទឹកភ្នែករហាម។
អ្នកស្រី តាន់ ភារ័ត្ន មិនបានឆ្លើយសំណួរអ្នកសារព័ត៌មាន ថាចង់ឲ្យរដ្ឋាភិបាលជួយអ្វីខ្លះនោះទេ គ្រាន់តែអ្នកស្រីបញ្ជាក់ថា ចង់ឲ្យបញ្ជូនសាកសពប្តីមកឲ្យឆាប់ និងទាំងមូល ដោយពុំមែនធាតុឡើយ។ អ្នកស្រីបន្ថែមថា៖« ខ្ញុំចង់ឲ្យគេយកសពប្តីខ្ញុំមកទាំងមូល ខ្ញុំចង់ឃើញមុខប្តីខ្ញុំណាស់»។
តាមការរៀបរាប់របស់ភរិយាលោក អ៊ឹម សំ លោកធ្លាប់តេប្រាប់ខ្លួនថា នឹងបញ្ចប់បេសកកម្មនៅអាហ្វ្រិកខាងកណ្តាលនៅខែវិច្ឆិកាខាងមុខ។ តែអ្នកស្រីថា៖« ខ្ញុំឲ្យគាត់មកវិញ មេគាត់ប្រាប់ថាឲ្យនៅត តែខ្ញុំថាអត់ឲ្យនៅទេ ខ្ញុំថាឲ្យគាត់មកវិញ ឈប់ឲ្យទៅវិញ ឲ្យនៅជាមួយកូនសិន ព្រោះគាត់មិនដែលនៅជាមួយកូនយូរទេ»។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសចុងក្រោយដែលលោក អ៊ឹម សំ ទៅបំពេញបេសកកម្មជាទាហានមួកខៀវ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ រយៈពេល៦ខែហើយ ដែលលោកបានបំពេញការងារនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោយបញ្ចប់បេសកកម្មនៅប្រទេសម៉ាលីអស់រយៈពេល២ឆ្នាំ។
លោក អ៊ឹម សំ រៀបការជាមួយអ្នកស្រី តាន់ ភារ័ត្ន នៅឆ្នាំ២០១៣ នៅភូមិកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងមានកូនប្រុសម្នាក់ឈ្មោះ សំ រិទ្ធិ អាយុ៣ឆ្នាំ។ តាមការរៀបរាប់របស់ភរិយា តាំងពីរៀបការមក លោក អ៊ឹម សំ ធ្លាប់មកលេងផ្ទះតែ៣លើកប៉ុណ្ណោះ ហើយពេលកូនកើត លោកជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។ លើកទី១ដែលលោកមកលេងផ្ទះ គឺពេលកូនអាយុ៣ខែ ទី២ ពេលកូនអាយុ៧ខែ ទី៣ កូនអាយុជាង១ខួប និងចុងក្រោយពេលកូនអាយុជាង២ខួប។
«ខ្ញុំអាណិតកូនណាស់ អត់ដឹងអ៊ីទេ ល្ងាចមិញ (ថ្ងៃទី៩ ឧសភា) ទារខ្ញុំឲ្យចុចទៅប៉ា ព្រោះធ្លាប់តែប៉ាតេមកម៉ោង៧»។ នេះជាសំដីអ្នកស្រី តាន់ ភារ័ត្ន។
លោក អ៊ឹម សំ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ដែលមានស្រុកកំណើតនៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ លោក ជួន ជន់ ជាឪពុករម្លឹកថា កូនរបស់គាត់រៀនត្រឹមថ្នាក់ទី៩ និងបានចូលធ្វើទាហានប្រមាណ១០ឆ្នាំមកហើយ ដែលដំបូងជាទាហាននៅភូមិភាគ៤។ គាត់បន្តថា៖« កាលថ្ងៃអាទិត្យតេមកសួរសុខទុក្ខម្តាយ សួរថាឈឺទៅពេទ្យនោះម៉េចហើយ និយាយគ្នាឡើងយូរ។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ តែមិនដឹងថាម៉េច នេះជាគ្រោះថ្នាក់ទៅហើយ។ ការបាត់បង់កូនរបស់ខ្ញុំ គឺជាការពលីដើម្បីប្រទេសជាតិ»
តាមការរៀបរាប់របស់អ្នកស្រី ឈឺន ឈន់ ដែលជាម្តាយ លោក អ៊ឹម សំ អាយុ៣៧ឆ្នាំ គឺជាកូនតែម្នាក់ប៉ុណ្ណោះ ដែលចិញ្ចឹម និងតែងផ្ញើថវិកាជួនអ្នកស្រីជាប្រចាំ។ អ្នកស្រីថា អត់ពីកូនទៅ ខ្លួនមិនដឹងរំពឹងអ្វីទៀតទេ។ អ្នកស្រី សុំឲ្យរាជរដ្ឋាភិបាលគិតគូរ និងជួយចិញ្ចឹមចៅ (សំ រិទ្ធិ) ឲ្យបានធំធាត់ និងរៀនសូត្របានខ្ពង់ខ្ពស់នឹងគេ។
រហូតមកដល់ព្រឹកថ្ងៃទី១០ ឧសភា គ្រួសារលោក អ៊ឹម សំ មិនទាន់ទទួលបានព័ត៌មានថ្មីថ្នាក់លើរបស់ប្តីនៅឡើយ ប៉ុន្តែគ្រួសារកំពុងរៀបចំដីមួយកន្លែងដើម្បីរៀបធ្វើផ្នូរ។
គួររម្លឹកថា លោកអនុសេនីយ៍ទោ អ៊ឹម សំ ជាអ្នកបើកបរ ទទួលមរណភាពដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាពេលបំពេញបេសកកម្មក្នុងនាមជាកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នៅថ្ងៃចន្ទទី ៨ ខែ ឧសភា ក្រុមឧទ្ទាម Anti-Balaka បានវាយប្រហារលើកងកម្លាំងថែរក្សាសន្តិភាព MINUSCA ដែលបណ្តាលឲ្យកងទ័ពមួកខៀវខ្មែរ៤នាក់ស្លាប់ របួស១នាក់ រីឯទ័ពម៉ារ៉ុក បាត់ខ្លួន១នាក់ និងរបួស៧នាក់។ ជាមួយគ្នានេះ ភាគីខាងឧទ្ទាម ត្រូវបានរាយការណ៍ថា ស្លាប់៨នាក់។ លោក អ៊ឹម សំ ជាជនរងគ្រោះដែលបានទទួលមរណភាពភ្លាមៗនៅកន្លែងកើតហេតុ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
UN
អ៊ឹម សំ
កងទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម