ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ជប៉ុន​ចង់​វិនិយោគ​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ដើម្បី​ទាក់ទាញ​ទេសចរ​វ័យ​ចំណាស់​ពី​ប្រទេស​ខ្លួន​
10, May 2017 , 8:19 pm        
រូបភាព
ជប៉ុន (រូបពីក្រសួងពាណិជ្ជកម្ម)
ជប៉ុន (រូបពីក្រសួងពាណិជ្ជកម្ម)
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ជប៉ុន Vkirirum Resort បាន​ចាប់អារម្មណ៍​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន ដែល​ចូលនិវត្តន៍​ឲ្យ​មក​កម្សាន្ត​ក្នុង​រយៈពេល​វែង​នៅ​រមណី​ដ្ឋា​ន​នេះ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្ស​ព​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។​



​លោក TAKESHI IZUKU ប្រធាន​ក្រុមហ៊ុន Vkirirum Resort បាន​ជួប​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម  លោក ប៉ាន សូរ​ស័ក្ដិ នៅ​ថ្ងៃទី​៩​ខែឧសភា ដើម្បី​ពិភាក្សា​លើ​សំណើសុំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​នៅ​ឧទ្យាន​ជាតិ​គិ​រិ​រម្យ​។ ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្ដិ បាន​ស្វាគមន៍​លើ​គម្រោង​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​។ លោក​ឲ្យ​ដឹងថា ឧទ្យាន​ជាតិ​គិរី​រម្យ​នេះ ត្រូវបាន​សព្វព្រះរាជហឫទ័យ​ដឹកនាំ​អភិវឌ្ឍន៍​ដោយ​ព្រះ​បរម​រតនៈ​កោដ្ឋ​សម្ដេចព្រះ​នរោត្តម​សីហនុ ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន តាំងពី​ចន្លោះ​ទសវត្សរ៍​៦០ ទៅ​ទសវត្សរ៍ ៧០ មក​ម្លេះ​។​

 រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូបនេះ បានស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​រៀបចំ​ផែនការមេ​ស្ដីពី​ការថែរក្សា​បរិស្ថាន និង​ការអភិរក្ស​សត្វព្រៃ​ឲ្យ​ស្របតាម​បទ​ស្ថាន​ស្ដង់ដារ ដើម្បី​ស្នើសុំ​ការគាំទ្រ​បន្ថែម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជប៉ុន​ចំនួន​ជាង ១៩​ម៉ឺន​នាក់ ដែល​ឈរ​នៅ​លេខ​រៀង​ទី​៧ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​មក​កម្ពុ​ជាជាង ៥​លាន​នាក់ នៅក្នុង​ឆ្នាំ​២០១៦ ។ ហើយ​កាលពីពេល​ថ្មីៗ​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ជួប​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ដើម្បី​ជម្រាប​ពី​គម្រោង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជប៉ុន​មក​កម្ពុជា​៕


Tag:
 ទេសចរណ៍​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com