កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ផ្តោតលើពាន Europa League លែងខ្វល់ Top 4 នៅ EPL
× អ្នកចាត់ការទូទៅលោក Jose Mourinho និយាយថា Manchester United ផ្តោតខ្លាំងលើពាន UEFA Europa League ជាងចំណាត់ថ្នាក់លេខ៤នៅ Premier League គឺជារឿងធម្មតា ព្រោះយើងត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានលំដាប់២របស់អឺរ៉ុបនេះ ហើយបានកៅអី Champions League រដូវកាលក្រោយតែម្តង។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ៥៤ឆ្នាំរូបនេះ បញ្ជាក់ថាលោកចង់បានកៅអីនៅ Champions League រដូវកាលក្រោយខ្លាំងណាស់ ដូច្នេះ Man Utd ត្រូវឈ្នះពាន Europa League ឲ្យបានដាច់ខាត ប្រសើរជាងដណ្តើមចំណាត់ថ្នាក់លេខ៤ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ បិសាចក្រហមអស់ឱកាសទៅហើយដើម្បីបាន Top 4 ក្រោយចាញ់ Arsenal កាលពីសប្តាហ៍មុនដែលធ្វើឲ្យមានគម្លាតពិន្ទុឆ្ងាយពី Manchester City រហូត៤ពិន្ទុ និងលើស១ប្រកួតទៀត។
វាជារឿងធម្មតាទេសម្រាប់អ្នកចាត់ការដែលមានរហស្សនាម The Special One ដែលសម្រេចផ្តោតតែលើការប្រកួតពានលំដាប់ទី២របស់អឺរ៉ុបនោះ។
Man Utd នឹងត្រូវបើកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃព្រហស្បតិ៍នេះវេលាម៉ោង២:០៥នាទី ដើម្បីទទួលក្រុម Celta Vigo ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។
សម្រាប់ការប្រកួតជើងទី២នេះ បិសាចក្រហមមានប្រៀបជាងដោយមាន១គ្រាប់នាំមុខមុន ពីជ័យជម្នះ១-០ កាលពីប្រកួតជើងទី១ នៅទឹកដី Balaídos របស់ Celta Vigo។
រីឯការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២មួយគូទៀត Lyon ត្រូវទទួលស្វាគមន៍ Ajax វិញនៅកីឡដ្ឋាន Parc Olympique Lyonnais។ Ajax របស់ហូឡង់ រំពឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រលំដាប់ទី២របស់អឺរ៉ុបជាលើកដំបូងនារយៈពេល២១ឆ្នាំចុងក្រោយ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមពីបារាំង Lyon ក្នុងលទ្ធផល ៤-១ កាលពីជើងទីមួយ១។
Manchester United និង Lyon សុទ្ធិតែជាក្រុមមានប្រៀបជាងគូប្រកួតរៀងៗខ្លួននៅជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ដូច្នេះតើក្រុមណាដែលអាចឈានទៅប្រកួតផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Friends Arena ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ៕
Tag:
បាល់ទាត់
Europa League
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com