ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ កុំចោទខ្ញុំថាមាននិន្នាការកចិនអី ចិនមានគំនិតផ្តួចផ្តើម និងសកម្មភាពពិតប្រាកដ សម្តេច ហ៊ុន នាវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅថ្ងៃទី ១១ខែឧសភា។ រូបថត ThmeyThmey
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងសរសើរគំនិតផ្ដួតផ្ដើមនានារបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្ដេចបានចាត់ទុកគំនិតផ្ដួចផ្ដើមរបស់ចិន ដូចជា ខ្សែក្រវ៉ាត់មួយ វិថីមួយ និងវិថីសូត្រសមុទ្រ ក៏ដូចជាការបង្កើតធនាគារ AIIB និងធនាគារ BRICS ថាបានជួយដល់ប្រទេសផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងគំនិតផ្ដួតផ្ដើមទាំងនេះ។ សម្ដេចបានមានប្រសាសន៍ដូចនេះ នៅក្នុងសន្និសីទកាសែតមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅថ្ងៃទី ១១ខែឧសភា។
«ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងជាមួយនឹងគំនិតផ្ដួតផ្ដើមរបស់ចិន ហើយនិងសកម្មភាពពិតប្រាកដរបស់ចិន»។ នេះជាលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
មុននឹងសម្ដេចនិយាយពីគំនិតផ្ដួតផ្ដើមរបស់ចិន សម្ដេចបានលើកឡើងពីសេដ្ឋកិច្ចរបស់ចិន ដែលបានជួយដល់សេដ្ឋកិច្ចសកល ក្នុងគ្រាដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងឆ្នាំ២០០៨ មុន។ សម្ដេចថា ដោយសារសេដ្ឋកិច្ចចិននៅតែអាចរក្សាជំហរបាន ខណៈសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានដួលរលំក្នុងវិបត្តិនេះ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចចិនអាចជួយសេដ្ឋកិច្ចតំបន់អាស៊ាន និងអឺរុប ព្រមទាំងតំបន់ផ្សេងទៀត។
ដោយឡែក ក្នុងក្របខណ្ឌគំនិតផ្ដួតផ្ដើមរបស់ចិន អាស៊ានអាចទាញយកអត្ថប្រយោជន៍ពីទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសនេះ។ នេះជាការគូសបញ្ជាក់របស់ សម្ដេច ហ៊ុន សែន មុននឹងសម្ដេចបន្តថា អាស៊ានបាននាំចេញផលិតផលទៅទីផ្សារចិនច្រើនជាងចិននាំចូលមកអាស៊ាន។ សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា៖« ច្បាស់ណាស់ថា ផលប្រយោជន៍បានទាំងសងខាង ប៉ុន្តែអ្នកដែលបានផលច្រើនជាងគេ គឺបណ្ដាប្រទេសអាស៊ានទៅវិញទេ ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-ចិន សម្រាប់ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បន្ទាប់ពីផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១»។
«ខ្ញុំពិតជាស្ញប់ស្ញែងភាពឈ្លាសវៃរបស់ប្រធានាធីបតី ស៊ី ជិនពីង ដែលក្នុងរយៈពេលមិនយូរប៉ុន្មានបានដាក់ចេញនូវនយោបាយដែលផ្ដល់លទ្ធភាពឲ្យប្រទេសនៅលើពិភពលោកនេះមានជម្រើសច្រើន»។ សម្ដេចបានថ្លែងបែបនេះ ជាមួយនឹងការលើកឡើងពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលធនាគារនេះស្ថិតនៅក្រោមគោលនយោបាយ ខ្សែក្រវាត់មួយ វិថីមួយ រួមទាំងធនាគារ BRICS ។ សម្ដេចនិយាយថា ធនាគារទាំងពីរនេះ នឹងចូលរួមបង្កើនទុនកាន់តែធំ ដែលបំពេញបន្ថែមលើការបញ្ចេញទុនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក ដល់តម្រូវការអភិវឌ្ឍន៍សម្រាប់ប្រទេសនានា។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា គំនិតផ្ដួតផ្ដើមរបស់ចិន ដែលត្រូវបានដាក់ចេញ តែងមានមូលនិធិសម្រាប់ទ្រទ្រង់។ «បើយើងយកផែនទីនៃគំនិតផ្ដួតផ្ដើមរបស់អាស៊ាន ឬរបស់អាស៊ី ប្រហែលយើងដាក់នៅពេញបន្ទប់មួយតែម្ដង តែគំនិតផ្ដួតផ្ដើមសុទ្ធតែអត់ថវិកាទេ ប៉ុន្តែចិនដាក់គំនិតផ្ដួតផ្ដើមហើយតែងមានថវិកាមកជាមួយតែម្ដង ដែលនោះហើយជាក្ដីសង្ឃឹមរបស់ប្រទេសនៅជុំវិញ។ ឧទាហរណ៍ មូលនិធិផ្លូវសូត្រ ដាក់ចេញ ៤០ពាន់លានដុល្លារអាមេរិក ដើម្បីឲ្យប្រទេសនានាទទួលបានផល»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ ឬវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និង គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រសតវត្សទី ២១(The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបានដាក់ចេញនៅក្នុងឆ្នាំ ២០១៣ ដោយប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង ។ គោលបំណងស្នូលនៃគំនិតផ្តួចផ្តើមនេះគឺធ្វើយ៉ាងណាកសាងចំណងសេដ្ឋកិច្ចតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបង្កើតការផ្សាភ្ជាប់ពីអាស៊ីទៅអឺរ៉ុប ឆ្លងទៅដល់អាហ្វ្រិកដោយវាផ្អែកលើផ្លូវពាណិជ្ជកម្មសម័យបុរាណ។ មកដល់ពេលបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបណ្តាប្រទេសនានាទាំងពិភពលោកច្រើនជាង ៦៥ មានទាំងអាស៊ី, អាហ្វ្រិកនិងអឺរ៉ុបផងដែរ៕
Tag:
សម្តេច ហ៊ុន សែន
WEF
ខ្សែក្រវ៉ាត់មួយ វិថីមួយ
ASEAN50
© រក្សាសិទ្ធិដោយ thmeythmey.com