ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មានតម្លៃ ២,៨ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦
13, May 2017 , 8:59 am        
រូបភាព
តំបន់​សេដ្ឋកិច្ច​ពិសេស
តំបន់​សេដ្ឋកិច្ច​ពិសេស
ដោយ:
​ភ្នំពេញ​៖ ទំហំ​ទឹកប្រាក់​ជួញដូរ​ពាណិជ្ជកម្ម​រប​ស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុ​ជាមាន​ចំនួន ២,៨៣ ពាន់​លាន​ដុល្លារ កើនឡើង ១,២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ នេះ​បើតាម​របាយការណ៍​ដែល​លើកឡើង​ដោយ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅក្នុង​ពិធី​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃែ​រី វើ​ល​ប្រ៊ី​ដ  នៅ​ថ្ងៃទី​៩​ខែឧសភា​។​



​បើតាម លោក វ​ង្សី វិស្សុត ចាប់តាំងពី​ការបង្កើត​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឆ្នាំ​២០០៥ រហូតមកដល់​បច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ស​នៅ​ទូទាំងប្រទេស​ចំនួន ៤៥ កន្លែង​។ ក្នុងចំណោម​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១២ កំពុងមាន​ដំណើរការ​យ៉ាងសកម្ម ដែលមាន​ក្រុមហ៊ុន​ជាង ២៦០ វិនិយោគ​ក្នុង​តំបន់​សេដ្ឋ​ពិសេស​ទាំងនេះ និង​បានផ្ដល់​ការងារ​ជាង ៨,៦​ម៉ឺន​នាក់ ។ ចំនួន​នេះ​មិនទាន់​បូក​បញ្ចូល​ការងារ​ថ្មី​ពី ២​ម៉ឺន ទៅ​២,៥​ម៉ឺន​នាក់​ទៀត ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃែ​រី វើ​ល​ប្រ៊ី​ដ នឹង​បង្កើត​ជូន​ពលរដ្ឋ​។​

​លោក វ​ង្សី វិស្សុត បន្ថែមថា ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជារួម​បាន​ឈានដល់​ចំនួន ២,៨៣​ពាន់​លាន​ដុល្លារ​នេះ ដោយ​ក្នុងនោះ​ការនាំ​ចូល​មាន​ចំនួន ១,៤១ ពាន់​លាន​ដុល្លារ និង​ការនាំចេញ​មានតម្លៃ ១,៤២ ពាន់​លាន​ដុល្លារ​។ លោក​បន្ត​យ៉ាង​ដូច្នេះ​ទៀតថា​៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជ​កម្មនេះ នឹង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ នៅ​ឆ្នាំ​ខាងមុខៗ​ទៀត​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​មានតម្លៃ ២១,៩៣ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦ កើនឡើង ៤,១៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ ក្នុងនោះ ការនាំចេញ​មាន​ទំហំ​ប្រាក់ ៩,៨៦ ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​ចំនួន​ជាង ១២ ពាន់​លាន​ដុល្លារ​៕


Tag:
 តំបន់​សេដ្ឋកិច្ច​ពិសេស​
  វ​ង្សី វិស្សុត​
© រក្សាសិទ្ធិដោយ thmeythmey.com