ជាតិ
អ្នកនយោបាយ​បារាំង​ម្នាក់ ចំអក​លោក ម៉ា​ក្រុង ថា មាន​ឥរិយាបថដូច «​ខ្មែរ​»
12, May 2017 , 1:44 pm        
រូបភាព
​លោក Eric Woerth និយាយ​ចំអក​លោក ម៉ាក្រុង​ថា មានចរិតមិនល្អដូចខ្មែរ។ រូបថត Europe 1
​លោក Eric Woerth និយាយ​ចំអក​លោក ម៉ាក្រុង​ថា មានចរិតមិនល្អដូចខ្មែរ។ រូបថត Europe 1
ដោយ: រួបរួម
​ក្នុង​កម្មវិធី​ពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​ទូ​ទស្សន៍ Europe 1 កាលពី​ថ្ងៃទី​១០ ខែឧសភា លោក Eric Woerth អ្នកនយោបាយ​បារាំង​មកពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ប្រៀបធៀប​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថា​មាន​ឥរិយាបថ​ដូចជា «​ខ្មែរ​» ។ នេះ​ជាការ​ប្រៀបធៀប​បែប​អវិជ្ជមាន​។​



«​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មិនមាន​ចិត្តល្អ​ឡើយ គាត់​ជាម​នុស្ស​ពិបាក​ខ្លាំងណាស់ […] ខ្ញុំ​សង្កេតឃើញ គាត់​មាន​ឥរិយាបថ​មិន​សមរម្យ ឥរិយាបថ​ជា​ខ្មែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Eric Woerth ដែលជា​អតីតរដ្ឋមន្ត្រី​ទទួល​ថវិកា និង​បន្ទាប់មក​ផ្នែក​ការងារ​ក្រោម​រដ្ឋាភិបាល​លោក François Fillon​។​

​លោក Eric Woerth អាយុ​៦១​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​អភិបាលក្រុង Chantilly ផងដែរ​នោះ បានកត់សម្គាល់​កាយវិកា​រ​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅពេល​និយាយ​ទៅកាន់​លោក Manuel Valls ដែលជា​នាយករដ្ឋមន្ត្រី​។ «​ខ្ញុំ​ក​ម្ចេ​ច​អ្នក ខ្ញុំ​បំផ្លាញ​អ្នក […] ដូច្នេះ​ឈប់​និយាយ​អ្វីដែល​ល្អ និង​អស្ចារ្យ​»​។ នេះ​ជាស​ម្តី​របស់លោក Eric Woerth ក្នុងន័យ​សម្តៅទៅ​កាន់​លោក ម៉ា​ក្រុង​។​

​ទោះបីជា​លោក Eric Woerth និយាយ​ពាក្យ​ថា «​ខ្មែរ​» ក៏ដោយ ប៉ុន្តែ Europe 1 តាមរយៈ​គេហទំព័រ​របស់ខ្លួន បាន​កាត់​យល់ថា អ្នកនយោបាយ​រូបនោះ ចង់​សំដៅលើ «​ខ្មែរក្រហម​»​។ សម្តី​របស់លោក Eric Woerth បាន​បង្ក​ការខឹង​សម្បារ​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​ខ្មែរ​-​បារាំង រួមទាំង​ជនជាតិ​បារាំង​ផ្ទាល់​។ អ្នកខ្លះ​បាន​រិះគន់​ធ្ងន់ធ្ងរ លោក Woerth មិនទាន់​ស្គាល់​ខ្មែរ​ច្បាស់​នោះឡើយ ហើយ​ការលើកឡើង​បែបនេះ ជាការ​មើលងាយ​ជាតិខ្មែរ​ទាំងមូល​៕


Éric Woerth : Macron a "un comportement de... par Europe1fr


Tag:
 អេម៉ានុយអែល ម៉ាក្រុង
  Eric Woerth
© រក្សាសិទ្ធិដោយ thmeythmey.com