ជាតិ
ទូត​ខ្មែរ​នៅ​បារាំង​ប្រតិកម្ម​នឹង​សំដី​របស់លោក Eric Woerth ហើយទាមទារ​ឲ្យ​សុំទោស​ខ្មែរ
13, May 2017 , 7:30 am        
រូបភាព
លោក ចែម វិឌ្យ៉ា ឯកអគ្គ​រាជ​ទូត​ខ្មែរ​នៅ​បារាំង​ប្រតិកម្ម​នឹង​សំដី​របស់លោក Eric Woerth
លោក ចែម វិឌ្យ៉ា ឯកអគ្គ​រាជ​ទូត​ខ្មែរ​នៅ​បារាំង​ប្រតិកម្ម​នឹង​សំដី​របស់លោក Eric Woerth
ដោយ: រួបរួម
​លោក ចែម វី​ឌ្យ៉ា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​បារាំង​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់លោក Eric Woerth អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ​បារាំង និង​បច្ចុប្បន្ន​ជា​អភិបាលក្រុង Chantilly ដែល​បាន​ចំអក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថា មាន​ឥរិយាបថ​មិនល្អ​ដូច​ខ្មែរ​។​



​តាមរយៈ​លិខិត​មួយ​ផ្ញើ​ទៅកាន់​លោក Eric Woerth កាលពី​ថ្ងៃទី​១១ ខែឧសភា លោក ចែម វី​ឌ្យ៉ា បាន​វាយតម្លៃថា ការលើកឡើង​របស់លោក Eric គ្មានអ្វី​ពាក់ព័ន្ធ​ទាល់តែសោះ​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​បារាំង​។​

​ឯកអគ្គរាជទូត​ខ្មែរ បាន​សម្គាល់​ឃើញថា ការលើកឡើង​របស់លោក Eric Woerth មិន​ត្រឹមតែ​ខុស​ប្រធានបទ​នោះទេ តែ​ថែមទាំង​គ្មាន​មូលដ្ឋាន​ទៀត​។ សម្រាប់​លោក វា​មិនគួរ​ឲ្យ​ជឿ​សោះ​ថា មនុស្ស​ដែលមាន​ការអប់រំ​ដូច​លោក Eric បែរជា​គិតថា ព្រឹត្តិការណ៍​ធំៗ​ក្នុង​ប្រវត្តិសាស្ត្រ​បញ្ជាក់​លក្ខណៈ​ឲ្យ​ប្រជាជាតិ​មូ​យ និង​ប្រទេសមួយ​ដែល​លោក​មើលឃើញថា ជា​ប្រទេស​ត​តី​យ​លោក​។​

«​ដោយ​ក្តី​មិត្តភាព ខ្ញុំ​សូម​ណែនាំ​លោក​មេត្តា​អាន​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ក្នុង​ពិភពលោក​ឡើងវិញ […] រួច​ធ្វើ​ការសុំ​អភ័យទោស​ចំពោះ​ប្រជាជន​ខ្មែរ​»​។ នេះ​ជា​សំណេរ​ជា​ភាសា​បារាំង​របស់លោក ចែម វី​ឌ្យ៉ា ផ្ញើ​ទៅកាន់​អ្នកនយោបាយ​វ័យ​៦១​ឆ្នាំ​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ​របស់​បារាំង​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក Eric Woerth បាន​អះអាងថា លោក​បាន​អាន​សារ​ជាច្រើន ហើយ​បានដឹងថា ការលើកឡើង​របស់លោក​ដោយ​មិនបាន​រៀបចំ​មុន ក្នុង​បទ​សម្ភាស​នៅ Europe 1 បានធ្វើ​ឲ្យ​មានការ​ឈឺចាប់ ហើយ​លោក​បាន​សម្តែង​ការសោកស្តាយ​។​

​លោក​បាន​ទទួលស្គាល់ថា ការលើកឡើង​របស់លោក​ពិតជា​មិន​ត្រឹមត្រូវ ប៉ុន្តែ​វា​បាន​សំដៅលើ​សម័យកាល​មួយ​នៃ​ប្រវត្តិសាស្ត្រ មិនមែន​ប្រជាជាតិ​ទាំងមូល​នោះឡើយ​។

​ទោះបីជា Europe 1 បាន​បញ្ជាក់ថា អត្ថន័យ​ដែល​លោក Eric Woerth បាន​និយាយ​គឺ​សំដៅលើ​ខ្មែរក្រហម​ក៏ដោយ ប៉ុន្តែ​នៅក្នុង​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក Eric Woerth គិតថា ពាក្យ​នេះ ត្រូវបាន​គេ​ចាត់ទុក​ជាធម្មតា  ហើយ​អាច​ខុស​នៅក្នុង​ខ្លឹមសារ​ដែល​លោក​បាន​ប្រើ​។​

«​ប្រសិនបើ​ខ្ញុំ​បានធ្វើ​ឲ្យ​អ្នកណាម្នាក់​ឈឺចាប់​នោះ សូម​លោក​-​អ្នក​មេត្តា​ទទួលយក​ការសុំ​អភ័យទោស​អំពីខ្ញុំ​»​។ នេះ​បើតាម​ការសរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​ជឿថា ជា​របស់លោក Eric Woerth ផ្ទាល់​។

ជាមួយ​គ្នានេះ​ ពលរដ្ឋបារាំងមួយចំនួន ជាពិសេស​អ្នក​បោះ​ឆ្នោត​ឲ្យ​លោក ម៉ាក្រុង ធ្វើ​ជាប្រធានាធិបតីថ្មី ​ក៏​បាន​ប្រតិកម្មតាមរយៈ​បណ្តាញ​សង្គម​ផងដែរ ប្រសិន​បើ​លោក Woerth ប្រៀបធៀបលោក ម៉ាក្រុង ទៅនឹង​ខ្មែរក្រហម មែននោះ ពួក​គេពិតជាពិបាក​ទទួលយក៕




Tag:
 ចែម វី​ឌ្យ៉ា
  Eric Woerth
© រក្សាសិទ្ធិដោយ thmeythmey.com