សេដ្ឋកិច្ច
អន្តរជាតិ
មហាសេដ្ឋីលំដាប់ទី២លើលោក មិនដែលចាយលើស៣.១៧ដុល្លារសម្រាប់អាហារពេលព្រឹក
× លោក Warren Buffett ជាអ្នកជំនួញអាមេរិកដ៏ជោគជ័យម្នាក់ក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន មហាសេដ្ឋីវ័យ៨៦ឆ្នាំរូបនេះ ត្រូវបានគេវាយតម្លៃ មានទ្រព្យសម្បត្តិប្រមាណ៧៤ពាន់លានដុល្លារអាមេរិក។ ទោះបីជាប់ឈ្មោះជាមហាសេដ្ឋីទី២លំដាប់ពិភពលោក [Forbes ឆ្នាំ២០១៧] ក៏ដោយ តែលោក Buffett នៅតែចាយវាយដោយសន្សំសំចៃ ពោលគឺលោកមិនដែលចំណាយលើស ៣.១៧ដុល្លារអាមេរិកឡើយសម្រាប់អាហារពេលព្រឹកម្តងៗ ។
លោក Warren Buffett ដែលមានរហស្សនាមថា «Oracle of Omaha» គឺជាបុរសម្នាក់ដែទទួលបានការគោរពស្រឡាញ់បំផុតនៅលើពិភពលោក។ ជីវិតប្រចាំថ្ងៃរបស់ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway ដែលមានបុត្រសម្ព័ន្ធជាង៦០ក្រុមហ៊ុនទៀត រួមមាន Geico, Duracell, Dairy Queen ជាដើម នោះ ត្រូវបានបង្ហាញក្នុងវីដេអូឯកសារ «Becoming Warren Buffett» របស់ក្រុមហ៊ុន HBO និង Kunhardt Films។
ឈានដល់វ័យ៨៦ឆ្នាំទៅហើយ មហាសេដ្ឋីវាល់លាន នៅតែរស់នៅក្នុងផ្ទះនៅក្រុង Omaha រដ្ឋ Nebraska ដែលគាត់បានទិញកាលពីឆ្នាំ១៩៥៨ក្នុងតម្លៃ ៣១ ៥០០ដុល្លារអាមេរិក។ ក្នុងដំណើរទៅការិយាល័យដែលមានរយៈពេល៥នាទី លោកតែងតែចូលក្នុងហាង McDonald សម្រាប់អាហារពេលព្រឹករបស់ខ្លួន។ បើតាម CNBC លោក Buffett ធ្វើបែបនេះរហូតមកនាពេល៥៤ឆ្នាំចុងក្រោយ។
លោកបានពន្យល់នៅក្នុងបទសម្ភាសថា លោកតែងតែសន្សំសំចៃសម្រាប់អាហារពេលព្រឹក ដោយលោកឲ្យភរិយាទុកលុយនៅក្នុងរថយន្ត ប្រមាណពី២.៦១ដុល្លារ, ២.៩៥ដុល្លារ ឬក៏៣.១៧ដុល្លារអាមេរិក។
លោក Buffett អះអាងថា លោកចំណាយមិនលើសពី៣.១៧ដុល្លារអាមេរិកឡើយ ដោយតម្លៃអាស្រ័យទៅលើជម្រើសដែលមាននៅក្នុងហាង McDonald ។ ពេលខ្លះ លោកពិសារជាឈុតដែលមានបូកកូកាកូឡា សាច់ជ្រូក ពងទា ឈីស និងនំ Biscuit ជាដើម។
ថ្វីត្បិតតែលោក Warren Buffett មើលទៅដូចជាចាយត្បិតត្រៀតក៏ដោយ តែលោកធ្លាប់បានបរិច្ចាគការងារសប្បុរសធម៌ប្រមាណ២៨.៥ពាន់លានដុល្លារអាមេរិករួចទៅហើយ។ លោកក៏ធ្លាប់ប្រកាសពីបំណងបរិច្ចាគទ្រព្យសម្បត្តិ៩៩ភាគរយទៅផ្នែកសប្បុរសធម៌ផងដែរ។
ជាមួយលោក Bill Gates ដែលជាមិត្តភក្តិជិតស្និទ្ធ និងជាមហាសេដ្ឋីលំដាប់ទីមួយលើលោក នោះ លោក Warren Buffett បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា The Giving Pledge ដើម្បីស្នើរដល់មហាសេដ្ឋីវាល់លានទាំងអស់នាំគ្នាបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន៕
Tag:
Warren Buffett
មហាសេដ្ឋី
© រក្សាសិទ្ធិដោយ thmeythmey.com