សេដ្ឋកិច្ច
អន្តរជាតិ
មហាសេដ្ឋី​លំដាប់​ទី​២​លើ​លោក មិនដែល​ចាយ​លើស​៣.១៧​ដុល្លារ​សម្រាប់​អាហារ​ពេលព្រឹក​
16, Apr 2018 , 9:39 am        
រូបភាព
ដោយ: ធីតា
​លោក Warren Buffett ជា​អ្នកជំនួញ​អាមេរិក​ដ៏​ជោគជ័យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​។ បច្ចុប្បន្ន មហាសេដ្ឋី​វ័យ​៨៦​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​វាយតម្លៃ មានទ្រព្យ​សម្បត្តិ​ប្រមាណ​៧៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទោះបី​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​ទី​២​លំដាប់​ពិភពលោក [Forbes ឆ្នាំ​២០១៧] ក៏ដោយ តែ​លោក Buffett នៅតែ​ចាយវាយ​ដោយ​សន្សំសំចៃ ពោលគឺ​លោក​មិនដែល​ចំណាយ​លើស ៣.១៧​ដុល្លារ​អាមេរិក​ឡើយ​ស​ម្រា​ប់​អាហារ​ពេលព្រឹក​ម្តងៗ ។​



​លោក Warren Buffett ដែលមាន​រហស្សនាម​ថា «Oracle of Omaha» គឺជា​បុរស​ម្នាក់​ដែ​ទទួលបាន​ការគោរព​ស្រឡាញ់​បំផុត​នៅលើ​ពិភពលោក​។ ជីវិត​ប្រចាំថ្ងៃ​របស់​ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway ដែលមាន​បុត្រ​សម្ព័ន្ធ​ជាង​៦០​ក្រុមហ៊ុន​ទៀត រួមមាន Geico, Duracell, Dairy Queen ជាដើម នោះ ត្រូវបាន​បង្ហាញ​ក្នុង​វីដេអូ​ឯកសារ «Becoming Warren Buffett» របស់​ក្រុមហ៊ុន HBO និង Kunhardt Films​។​

​ឈានដល់​វ័យ​៨៦​ឆ្នាំ​ទៅហើយ មហាសេដ្ឋី​វាល់​លាន នៅតែ​រស់នៅ​ក្នុងផ្ទះ​នៅ​ក្រុង Omaha រដ្ឋ Nebraska ដែល​គាត់​បាន​ទិញ​កាលពី​ឆ្នាំ​១៩៥៨​ក្នុងតម្លៃ ៣១ ៥០០​ដុល្លារ​អាមេរិក​។ ក្នុង​ដំណើរ​ទៅ​ការិយាល័យ​ដែលមាន​រយៈពេល​៥​នាទី លោក​តែងតែ​ចូលក្នុង​ហាង McDonald សម្រាប់​អាហារ​ពេលព្រឹក​របស់ខ្លួន​។ បើតាម CNBC លោក Buffett ធ្វើបែបនេះ​រហូតមក​នា​ពេល​៥៤​ឆ្នាំ​ចុងក្រោយ​។​

​លោក​បាន​ពន្យល់​នៅក្នុង​បទ​សម្ភាស​ថា លោក​តែងតែ​សន្សំសំចៃ​សម្រាប់​អាហារ​ពេលព្រឹក ដោយ​លោក​ឲ្យ​ភរិយា​ទុក​លុយ​នៅក្នុង​រថយន្ត ប្រមាណ​ពី​២.៦១​ដុល្លារ​, ២.៩៥​ដុល្លារ ឬក៏​៣.១៧​ដុល្លារ​អាមេរិក​។​

​លោក Buffett អះអាងថា លោក​ចំណាយ​មិន​លើសពី​៣.១៧​ដុល្លារ​អាមេរិក​ឡើយ ដោយ​តម្លៃ​អាស្រ័យទៅលើ​ជម្រើស​ដែលមាន​នៅក្នុង​ហាង McDonald ។ ពេលខ្លះ លោក​ពិសារ​ជា​ឈុត​ដែលមាន​បូក​កូកាកូឡា សាច់ជ្រូក ពង​ទា ឈី​ស និង​នំ Biscuit ជាដើម​។

​ថ្វីត្បិតតែ​លោក Warren Buffett មើលទៅ​ដូចជា​ចាយ​ត្បិត​ត្រៀត​ក៏ដោយ តែ​លោក​ធ្លាប់បាន​បរិច្ចាគ​ការងារ​សប្បុរសធម៌​ប្រមាណ​២៨.៥​ពាន់​លាន​ដុល្លារ​អាមេរិក​រួចទៅហើយ​។ លោក​ក៏​ធ្លាប់​ប្រកាស​ពី​បំណង​បរិច្ចាគ​ទ្រព្យសម្បត្តិ​៩៩​ភាគរយ​ទៅ​ផ្នែក​សប្បុរសធម៌​ផងដែរ​។

​ជាមួយ​លោក Bill Gates ដែលជា​មិត្តភក្តិ​ជិតស្និទ្ធ និង​ជា​មហាសេដ្ឋី​លំដាប់​ទីមួយ​លើ​លោក នោះ លោក Warren Buffett បាន​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា The Giving Pledge ដើម្បី​ស្នើរ​ដល់​មហាសេដ្ឋី​វាល់​លាន​ទាំងអស់​នាំគ្នា​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់ខ្លួន​៕


Tag:
 Warren Buffett
  មហាសេដ្ឋី​
© រក្សាសិទ្ធិដោយ thmeythmey.com