ជាតិ
ឧបោសថាគារ «​ព្រះអង្គ​ងោក​» ប្រវត្តិ​បង្ហាញថា​ព្រះសង្ឃ​ភូមា​ជា​អ្នក​មក​សាងសង់​នៅលើ​ទឹកដី​ខ្មែរ​
16, Apr 2021 , 5:59 pm        
រូបភាព
​សៀមរាប​៖ ឧបោសថាគារ ឬ​វិហារ​ព្រះអង្គ​ងោក ជាទី​សក្ការបូជា​មួយកន្លែង ស្ថិតនៅ​ខាងជើង​ប្រាសាទអង្គរធំ ឬ​បាយ័ន​។ តាម​ការសិក្សា​ស្រាវជ្រាវ​ធ្វើ​ឲ្យ​គេ​ដឹង​ច្បាស់​ថា សំណង់​អាគារ​នេះ​សង់​ឡើង​តាម​រចនាប័ទ្ម​ប្រទេស​ភូមា​។ តាម​សិលាចារឹក ព្រះអង្គ​ងោក​ត្រូវបាន​សាងសង់​ដោយ​ព្រះសង្ឃ​ភូមា ដែល​បានមក​គោរព​ព្រះ​នៅ​តំបន់​អង្គរ​កាលពី​សម័យបុរាណ​។​



​ស្ថិតនៅ​ខាងជើង​ប្រាសាទបាយ័ន ព្រះអង្គ​ងោក ជា​ឧបោសថាគារ​មួយ ដែល​ប្រជាពលរដ្ឋ​តែង​ទៅ​គោរពបូជា និង​ស្គាល់​ជាទូទៅ​។ យ៉ាងណា ប្រហែល​គេ​មិនសូវ​បានដឹង​ប្រវត្តិ​ដើម​នៃ​ទី​សក្ការ​នេះ​ប៉ុន្មាន​ទេ​។ តាមពិតទៅ​វា​ជា​អារាម​មួយ​ដែល​កសាងឡើង​ដោយ​ព្រះសង្ឃ​ភូមា​។​



​ព្រះអង្គ​ងោក ជា​ឧបោសថាគារ​មួយ​ក្នុងចំណោម​ទីឋាន​ជាង​១០០​ទៀត ដែល​បាន​សាងសង់​នៅ​ក្រុង​អង្គរធំ​។ ឧបោសថាគារ ទាំងនោះ​ត្រូវគេ​ដឹងថា ត្រូវបាន​សាងសង់ និង​រៀបចំ​ឲ្យ​មាន​ចាប់ពី​សតវត្សរ៍​ទី ១៥, ១៦, ១៧ និង​បន្ត​ជាប់​មក​ក្រោយៗ​ទៀត​។ វា​ជា​រោង​ឧបោសថ​ដែល​ព្រះ​ភិក្ខុសង្ឃ​ធ្វើ​កិច្ច​ពិធី​តាម​ព្រះពុទ្ធសាសនា​។​

​នៅ​សម័យ​ក្រោយមក ឧបោសថាគារ បាន​ក្លាយជា​ព្រះវិហារ​សព្វថ្ងៃ​។ វា​ជា​ប្រភេទ​វិហារ​ដែលមាន​ទំហំ​តូច សាមញ្ញ មាន​ខឿន​ជា​ថ្មបាយក្រៀម ឬ​ថ្មភក់ មាន​ដំបូល​ក្បឿង មាន​សំណង់​ដែល​សង់​ពី​ឈើ​គ្របពីលើ ហើយ​ផ្នែក​ខាងក្រោយ​ប៉ែក​ខាងលិច​មានប​ល្ល័​ង​ព្រះ​ជី​មួយ​ធ្វើ​ពី​ថ្ម និង​ព្រះ​តូចៗ​។ អ្វី​ជាការ​កត់សម្គាល់​ទៀត​នោះ នៅ​ជុំវិញ​ឧបោសថាគារ តែងមាន​សីមា​ដូច​នៅតាម​វិហារ​បច្ចុប្បន្ន​ដែរ តែ​ជា​សីមា​ភ្លោះ ហើយ​សីមា​ភ្លោះ​នោះ​ស្ថិតនៅតាម​ទិស​ទាំង​៨ និង​មួយទៀត​នៅ​ចំ​កណ្តាល ហៅថា​សីមា​កិល​។​



​តាម​ការរៀប​រាប់រប​ស់លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​អ្នកស្រាវជ្រាវ ឧបោសថាគារ​ជា​សំណង់​និកាយ​ថេរវាទ​ថ្មី ដែល​ចូលមក​ជំនួស​សាសនា​ព្រហ្ម​ណ៍ ពេល​សម័យអង្គរ​ផុតរលត់​ទៅ​។ នេះ​ជា​របត់​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​បាន​ផ្លាស់ប្តូរ​សាសនា​ពី​ព្រហ្ម​ណ៍ (​សតវត្សរ៍​ទី​៩ ដល់​ដើម​សតវត្សរ៍​ទី​១៥) មក​ព្រះពុទ្ធសាសនា​និកាយ​ថេរវាទ​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា និកាយ​ថ្មី​នេះ​ដូច​ទៅនឹង​ព្រហ្ម​ណ៍​សាសនា​ដែរ តែ​គេ​មិន​ទាមទារ​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើ​សំណង់​ធំៗ​។ វា​ជា​សំណង់​ធម្មតា តម្រូវ​ទៅតាម​ស្ថានភាព លក្ខខណ្ឌ​នៃ​សាសនា​ថ្មី​មិន​ទាមទារ​ធំ ប៉ុន្តែ​ត្រូវមាន​របៀប និង​ស្ងប់ស្ងាត់​។​



​ការស្រាវជ្រាវ​របស់លោក អ៊ឹម សុខ​រិទ្ធី និង​ភស្តុតាង​នៃ​សំណង់​ឧបោសថាគារ​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​មានការ​បកស្រាយ​ផ្ទុយ​ពី​ទស្សនៈវិទូ​បរទេស ដែលថា​អង្គរ​ត្រូវបាន​គេបោះបង់​ចោល និង​ត្រូវបាន​រកឃើញ​វិញ​នៅ​សម័យ​ក្រោយមក​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ក្រោយ​សម័យអង្គរ​ផុត​ទៅ គឺ​នៅមាន​មនុស្ស​បន្ត​រស់នៅ​ជា​ហូរហែរ ទោះជា​អង្គរ​លែង​ជា​រាជធានី​នៃ​នគរ​ខ្មែរ​ក៏ពិតមែន តែ​វា​ជា​អាណាខេត្ត​មួយ​នៅ​សម័យ​នោះ​។ តាម​ភស្តុ​ង​តាង​ដដែល​បាន​បង្ហាញថា មនុស្ស​បន្ត​រស់នៅ​ក្រុង​អង្គរ ហើយ​មានលទ្ធភាព​ធ្វើ​សំណង់​ធ្វើ​ពី​ថ្ម​ជាង​១០០ និង​នៅ​តំបន់​ផ្សេងទៀត​។​



​សម្រាប់​ឧបោសថាគារ «​ព្រ​អង្គ​ងោក​» វិញ លោក អ៊ឹម សុខ​រិទ្ធី បាន​លើក​ភស្តុតាង​ចំនួន​៣ ដែល​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា មាន​ភាពខុសគ្នា​ទៅនឹង​ទម្រង់ និង​រចនាប័ទ្ម​ខ្មែរ​។ ទីមួយ សីមា​ភ្លោះ​ដែល​នៅ​ជុំវិញ​ខឿន មាន​ទំហំ​ធំ​ជាង​សីមា​ភ្លោះ​នៅ​កន្លែង​ដទៃ​។ ទី​ពីរ នៅលើ​សីមា​ភ្លោះ​ផ្នែក​ខាងលិច មាន​សរសេរ​អក្សរ​ថ្ម​ជា​ភាសា​ភូមា​។ និង​ទី​បី ទម្រង់​បដិមា​មាន​ទម្រង់ និង​សិល្បៈ​មិន​ដូច​ខ្មែរ​ទាំងស្រុង គឺ​រាង​អោន​បន្តិច រាង​ងោក ដូច្នោះ​ហើយ​ទើប​អ្នកភូមិ​ហៅថា ព្រះអង្គ​ងោក​ជាប់​មក​។​



​លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ទៀតថា តាម​ការស្រាវជ្រាវ និង​បកប្រែ​ភាសា​ភូមា​នៅលើ​សីមា​ភ្លោះ​ខាងលើ គឺ​យល់ថា ជា​ឧបោសថាគារ​ដែល​សង់​ដោយ​ព្រះសង្ឃ​ដែល​និមន្ត​មកពី​ភូមា ក្នុង​បំណង​ដើម្បី​សំពះ​ព្រះ​។ តាម​ទម្រង់​សិល្បៈ និង​សន្លឹក​សីមា ធ្វើ​ឲ្យ​គេ​ដឹង​ទៀតថា ឧបោសថាគារ​ព្រះអង្គ​ងោក ប្រហែល​សង់​នៅ​ចុង​សតវត្សរ៍​ទី​១៦ ដើម​សតវត្សរ៍​ទី​១៧​។

​មកដល់​បច្ចុប្បន្ននេះ ឧបោសថាគារ​ព្រះអង្គ​ងោក គឺ​ដូច​ទៅនឹង​អារាម​ដទៃទៀត​ដែរ តែងមាន​អ្នក​ទៅ​គោរពបូជា​ជាធម្មតា​។ ហើយ​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​ថ្មី គឺ​កាល​ចុងឆ្នាំ​២០១៦ វត្តមាន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា (​ភូមា​) ទៅកាន់​ព្រះអង្គ​ងោក​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​នោះ គណៈប្រតិភូ​ទាំងអស់​យល់ថា ជា​រូប​បដិមា​ភូមា​ដូច​អ្នកស្រាវជ្រាវ​យល់​យ៉ាង​ដូច្នោះ​ដែរ​៕


















Tag:
 ​ព្រះអង្គ​ងោក​
  អង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com