ជាតិ
កំពែង​ថ្មបាយក្រៀម​នៃ​ប្រាសាទបន្ទាយក្តី​កំពុង​ជួសជុល​
14, May 2017 , 10:59 am        
រូបភាព
​សៀមរាប​៖ ប្រាសាទបន្ទាយក្តី ជា​ប្រាសាទ​មួយ​ស្ថិតក្នុង​បរិវេណ​វង់​តូច​នៃ​រមណីយដ្ឋាន​អង្គរ​។ ដូច​ទៅនឹង​ប្រាសាទ​ផ្សេងៗ​ទៀត​ដែរ បន្ទាយក្តី​រង​ការ​បាក់បែក​ជាច្រើន​កន្លែង ក្នុងនោះ​មាន​ទាំង​តួ​ប្រាសាទ និង​កំពែង​ផង​។​ល​។ ដោយសារ​កំពែង​នៃ​ផ្នែក​ខ្លះ បាន​ដួលរលំ និង​បង្ក​ជា​ហានិភ័យ បច្ចុប្បន្ន​វា​បាននិងកំពុង​ជួសជុល​ឡើងវិញ ក្នុង​បំណង​លើក​តម្លៃ​នៃ​សោ​ភណ្ឌ​ភាព​ឡើងវិញ​។​



​កំពែង​ប្រាសាទបន្ទាយក្តី ដែលមាន​ទីតាំង​ស្ថិតនៅ​ទិស​ពាយព្យ (​ជាប់​កំពែង​ប្រាសាទតាព្រហ្ម​) បាននិងកំពុង​ជួសជុល​ឡើងវិញ​ដោយ​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ តាម​អ្នកជំនាញ កំពែង​នេះ​មានការ​ពុកផុយ​ខ្លាំង ទ្រៀត និង​បាន​ដួលរលំ ដែល​ទាមទារ​ឲ្យ​មានការ​សង្គ្រោះ​ជាបន្ទាន់​។​



​លោក ម៉ៅ សុខ​នី អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​បាន​ឲ្យ​ដឹងថា កំពែង ឬ​ជញ្ជាំង​ប្រាសាទបន្ទាយក្តី ដែល​កំពុង​ជួសជុល​មាន​ប្រវែង​៥,៥​ម៉ែត្រ ហើយ​អ្នកជំនាញ​បាន​រើ និង​ធ្វើ​កំណាយ​បាត​ក្រោម​ឡើងវិញ ដើម្បី​ពង្រឹង​គ្រឹះ ព្រោះថា​គ្រឹះ​ខ្សោយ​មិនអាច​ទ្រ​ជញ្ជាំង​ថ្ម​បាន​។ លោក​បញ្ជាក់ថា ដើម្បី​ធានាថា​ជញ្ជាំង​មាន​ភាពរឹងមាំ គឺ​ត្រូវ​រៀប​បាត​ឲ្យ​ជិត​ល្អ និង​ប្រើ​បច្ចេកទេស​ត្រឹមត្រូវ​ទៅតាម​បុរាណវិទ្យា​។​



​ក្នុង​ដំណើរការ​ជួសជុល​នេះដែរ អ្នកជំនាញ​បាន​ប្រើប្រាស់​ថ្ម​ចាស់ ដោយបាន​កាត់ ជ្រៀក ធ្វើយ៉ាងណា​យកមកប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព មុននឹង​យក​ថ្ម​ថ្មី​មក​ជំនួស​។ តាម​គម្រោង​ជួសជុល​នេះ នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ​។​

​ហេតុផល​ដែល​បណ្តាល​ឲ្យ​កំពែង​ប្រាសាទបន្ទាយក្តី​នៅ​ជ្រុង​ភាគ​ពាយព្យ​រង​ការខូចខាត​ប្រមាណ​ជាង​៥​ម៉ែត្រ​នោះ ដោយសារ​កត្តា​មួយចំនួន ដោយ​ក្នុងនោះ​រួមមាន​កត្តា​អាកាសធាតុ ដោយ​ថ្មបាយក្រៀម​មានការ​ពុក​ផុយ​ខ្លាំង បញ្ហា​សត្វល្អិត​ចោះ​ថ្ម បញ្ហា​ទឹក​គឺមាន​ទឹក​ហូរ​ចាក់​ចូលទៅក្នុង​បរិវេណ​ប្រាសាទ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ សុខ​នី​។​

​គួរ​បញ្ជាក់ថា កំពែង​ប្រាសាទបន្ទាយក្តី​មាន​កម្ពស់ ៣,៧០​ម៉ែត្រ សង់​ពី​ថ្មបាយក្រៀម​។ ស្ថានភាព​បច្ចុប្បន្ន​នៃ​កំពែង​នេះ​មានការ​ខូចខាត​ច្រើន ហើយ​ការជួសជុល​ក៏​មិនទាន់មាន​ដុំកំភួន​ដែរ​។ កន្លែង​ដែល​អ្នកជំនាញ​កំពុងធ្វើការ​ជួសជុល​នេះ គឺជា​ការជួសជុល​ដំណាក់កាល​ទី​២ បន្ទាប់ពី​បារាំង ដែល​ការជួសជុល​នោះ​ឃើញ​មានប្រើ​ប្រាស់​ស៊ីម៉ងត៍​ច្រើន​៕























Tag:
 ​កំពែង​
  បន្ទាយក្តី​
© រក្សាសិទ្ធិដោយ thmeythmey.com