ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​ហិរញ្ញវត្ថុ​ថា ចូរ​កុំ​ខ្ចី​បំណុល​ដើម្បី​ទិញ​វត្ថុ​សម្រាប់​លម្អជីវិត​ទាន់សម័យ
14, May 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ បើទោះបីជា​អ្នកជំនួញ ពលរដ្ឋ​ធម្មតា និង​អ្នកសេដ្ឋកិច្ច​ខ្លះ កំពុង​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ធនាគារ ឬ​ពី​មីក្រូហិរញ្ញវត្ថុ​ ក្នុង​គោលដៅ​ផ្សេងៗ​គ្នា​​ ក៏​​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ លោក ង៉ែត ជូ បម្រើការ​ឲ្យ​ស្ថាប័ន Emerging Markets Consulting អត្ថាធិប្បាយ​ជាទូទៅ​ថា បំណុល​មួយចំនួន​ ជា​បំណុល​ដែល​នាំ​ឲ្យ​ខាតបង់ ឬ​គ្រោះថ្នាក់​ទៅវិញ​ទេ​។ តើ​អ្វី​ទៅជា​បំណុល​ដែល​នាំ​ឲ្យ​ខាតបង់ ឬ​គ្រោះថ្នាក់​នោះ​?



​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ង៉ែត ជូ បម្រើការ​ឲ្យ​ស្ថាប័ន Emerging Markets Consulting  លោក​បានសរសេរថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ក្នុង​ចន្លោះ​អាយុ​៤០-៤៥​ឆ្នាំ ពួកគេ​គួរ​ចៀសវាង​នូវ​សេវា​ហិរញ្ញវត្ថុ​៣​យ៉ាង​ដែលជា រួមមាន​៖ ទី​១ គឺ​សេវា​បង់​រំ​លោះ​សម្រាប់​ជីវិត​ទាន់សម័យ ដូចជាការទិញ​រថយន្ត ម៉ូតូ ស្មា​ត​ហ្វូ​ន​។​ល​។ ការទិញ​ដែល​ធ្វើឡើង​សម្រាប់តែ​កំដរ​ជីវិត ហើយ​អ្នកទិញ​ត្រូវ​ខាត បង់​ទាំង​ការប្រាក់ និង​របស់​ក៏​ខូច​ទៅវិញ​នោះ ពលរដ្ឋ​អ្នកប្រើប្រាស់​មិនគួរ​ទិញ​វា​ទេ​។ «​នេះ គឺជា​ការខាតបង់​ដ៏​ធំ​»​។ លោក ង៉ែត ជូ បញ្ជាក់​ដូច្នេះ​ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​។

​ចំណុច​ទី​២​ដែល​អ្នកជំនាញ​ហិរញ្ញវត្ថុ​រូបនេះ​ជំរុញ​ឲ្យ​ចៀសវាង​ដែរនោះ គឺ​ការទិញ​សេវា​បង់​រំ​លោះ​គេហដ្ឋាន​រយៈពេល​វែង​ពី​១៥​ទៅ​២០​ឆ្នាំ​។ ត្រង់ចំណុច​នេះ លោក​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​វ័យក្មេង​ធ្វើ​ជំនួញ​រកប្រាក់​ចំណេញ​ឲ្យ​បាន​ជាមុនសិន មុននឹង​ទិញ​ផ្ទះ ពោល គឺ​មិនត្រូវ​ធ្វើការ​ភ្លាម ​ហើយ​ចាប់ផ្តើម​ជំពាក់​បំណុល​គេ​ភ្លាម​នោះទេ​។ លោក ង៉ែត ជូ បានដឹង​ច្បាស់​ពី​ហានិភ័យ​ក្នុង​ការធ្វើ​ជំនួញ​ដែល​អាច​ចំណេញ ឬ​ខាត​រួចហើយ​ ប៉ុន្តែ​លោក​នៅតែ​ជំរុញ​ឲ្យ​យុវជន​វ័យក្មេង​(​ក្រោយ​ការសិក្សា​ថ្នាក់​ជាន់ខ្ពស់​)​ហក់​ចូលក្នុង​ជំនួញ​ក្នុង​គ្រា​ដែល​ពួកគេ​នៅមាន​អាយុ​តិច​ល្មម​ដើម្បី​ធ្វើ​ជំនួញ​រកប្រាក់​ចំណេញ​។ និង​ចំណុច​ទី​៣ លោក ង៉ែត ជូ ជំរុញ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល​តម្រូវ​ឲ្យ​សន្សំ​រយៈពេល​វែង​ពី​១០​ទៅ​១៥​ឆ្នាំ​។​

​លោក ង៉ែត ជូ បាន​បញ្ជាក់ថា ប្រសិនបើ​លោកអ្នក​ប្រើ​សេវា​ទាំងបី​ខាងលើនេះ លោក​អ្នកនឹង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​អនុញ្ញាត​ឲ្យ​លោក​អ្នកមាន​សេរីភាព​ហិរញ្ញវត្ថុ​នៅ​វ័យ​ពី​៤០​ទៅ​៤៥​ឆ្នាំ​ទេ​។ លោក​គិតគូរ​អាយុ​ក្នុង​ចន្លោះ​ពី​៤០​ទៅ​៤៥​ឆ្នាំ ព្រោះ​លោក​គិតថា អាយុ​សង្ឃឹម​រស់នៅ​កម្ពុ​ជាមាន​ប្រហែលជា​ក្នុង​រង្វង់​៦០​ឆ្នាំ ផ្ទុយ​ពី​បរទេស​ដែល​អាយុ​សង្ឃឹម​រស់​អាចមាន​ដល់​ជិត​៨០​ឆ្នាំ​។ លោក ជូ បាន​បន្តទៀតថា ប្រសិនបើ​លោកអ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​ចន្លោះ​ពី​៤០​ទៅ​៤៥​ឆ្នាំ ពេលនោះ លោក​អ្នកមាន​ពេលវេលា​ធ្វើ​កិច្ចការ​សង្គម​ដែល​លោកអ្នក​ចង់​ធ្វើ​ដើម្បី​ជួយ​សង្គម​។

​ដំណោះស្រាយ​របស់លោក ជូ ដែល​អាច​ឲ្យ​លោកអ្នក​អាចមាន​សេរីភាព​ហិរញ្ញវត្ថុ​បាន ក្នុង​អាយុ​ចន្លោះ​ពី​៤០​ទៅ​៤៥​ឆ្នាំ គឺ​មានតែ​ការធ្វើ​ជំនួញ​ទទួលបាន​ប្រាក់ចំណេញ និង​ចៀសវាង​ការប្រើប្រាស់​សេវា​បំណុល​ណា​ដែល​នាំ​ឲ្យ​ខាត់​បង់ធំ ឬ​គ្រោះថ្នាក់​។

​សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​១៨%​ប៉ុណ្ណោះ​ដែលមាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​។ ៨២%​ផ្សេងទៀត ពួកគេ​មិនមាន​មូលដ្ឋាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com