ជាតិ
សេដ្ឋកិច្ច
តើ​ការចំណាយ​យ៉ាងដូចម្តេច​ដែល​ផ្តល់​ផល​ដល់​ជាតិខ្មែរ​ច្រើន​?
14, May 2017 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ ការចំណាយ គឺជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​។ ប៉ុន្តែ ប្រសិនបើ​ពលរដ្ឋ​នៃ​ប្រទេសមួយ​ចំណាយ​ទិញ​ទំនិញ​នាំចូល​ច្រើនជាង​ផលិតផល​នៃ​ប្រទេស​ខ្លួនឯង ពេលនោះ ផ្លែផ្កា​សេដ្ឋកិច្ច​នៃ​ប្រទេស​នោះ ក៏​មិនសូវ​ទទួលបាន​ច្រើន​ដែរ​។ តើ​អ្វី​ទៅជា​បញ្ហា​ស្នូល​នៃ​ការចំណាយ​?



​គ្មាន​នរណាម្នាក់​អាច​ទប់​ការចំណាយ​នៅក្នុង​គ្រួសារ​នីមួយៗ​បានឡើយ​។ គ្រាន់តែ​ថា គ្រួសារ​ខ្លះ ចំណាយ​ត្រឹមត្រូវ​តាម​គោលការណ៍ គ្រួសារ​ខ្លះទៀត ចំណាយ​មិនសូវ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ហិរញ្ញវត្ថុ​។ ការចំណាយ ឬ​ការប្រើប្រាស់​ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច​ពន្យល់ថា វា​គឺ​ក្បាលម៉ាស៊ីន​មួយ​ក្នុងចំណោម​ក្បាលម៉ាស៊ីន​ដទៃទៀត​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​។ និយាយ​បែប​ផ្សេង មានន័យថា បើ​គ្មាន​ការចំណាយ​ទេ សេដ្ឋកិច្ច​ក៏​មិន​ដំណើរការ​ដែរ​។ បើ​គ្មាន​អ្នកទិញ ក៏​គ្មាន​អ្នក​ផលិត​ដែរ​។

​ទោះជា​ទ្រឹស្តី​សេដ្ឋកិច្ច​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្តី តើ​ជាក់ស្តែង ការចំណាយ​មួយណា​ដែល​ផ្តល់​ផល​ច្រើន​ដល់​ខ្លួនឯង គ្រួសារ​ឯង និង​សង្គមជាតិ​ខ្លួនឯង​ច្រើន​?
​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​លោក ង៉ែត ជូ បម្រើការ​ឲ្យ​ស្ថាប័ន Emerging Markets Consulting មិន​ជំទាស់​នឹង​គំនិត​ចំណាយ​ជាទូទៅ​ទេ​។ តែ​លោក​ផ្តល់យោបល់​ថា អ្នកប្រើប្រាស់​ខ្មែរ​មិនគួរ​ចំណាយ​ច្រើន​ទៅលើ​សម្ភារ​លម្អរ​ជីវិត​ទាន់សម័យ ប្រសិនបើ​ជីវភាព​គ្រួសារ​មិនទាន់​ប្រសើរ​នៅឡើយ​នោះ​។ លោក​លើក​ជា​ឧទាហរណ៍​ថា បុគ្គល​ម្នាក់​សម្រេចចិត្ត​ទិញ​ទូរ​សព្ទ អាយ​ហ្វូ​ន មួយគ្រឿង​។ ក្នុងករណី​បើ​បុគ្គល​នេះ មាន​ប្រាក់​ទិញ​ខ្លួនឯង អ្វីៗ​នឹង​កើតឡើង​ដោយ​គ្មាន​បញ្ហា​ឡើយ​។ តែបើ​បុគ្គល​នេះ ចងការ​ប្រាក់​គេ​ទៅ​ទិញ​ទូរ​សព្ទ បុគ្គល​នោះ​ត្រូវ​បង់​ការប្រាក់​ផង ហើយ​ទូរ​សព្ទ​ក៏​ចាប់ផ្តើម​ខូច​ជា​បណ្តើរៗ​ស្រប​ពេលដែល​ម្ចាស់​កំពុង​បន្ត​បង់​រំ​លោះ​។​ល​។

​សម្រាប់​លោក ង៉ែត ជូ ការចំណាយ​ទៅលើ​ទំនិញ​បរទេស​ដូចជា អាយ​ហ្វូ​ន នេះ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ខ្មែរ ខាតបង់​ទាំង​ការប្រាក់ ខាតបង់​ទាំង​លំហូរ​ទឹកប្រាក់​ចេញទៅ​ក្រៅប្រទេស​។ លោក ជូ បន្តទៀតថា ប្រសិនបើ​បុគ្គល​នោះ ខ្ចី​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​ជប៉ុន​ដើម្បី​ទិញ​ទូរ​សព្ទ​អាមេរិក ពេលនោះ ផលប្រយោជន៍​ធំ​គឺ​បាន​ទៅ​ក្រុមហ៊ុន​ជប៉ុន​(​ការប្រាក់​) និង​ក្រុមហ៊ុន​អាមេរិក​(​អ្នក​ផលិត​)​។ ការចំណាយ​បែបនេះ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​បរទេស​រីកចម្រើន​ជាង​ខ្មែរ ព្រោះ​ទិញ​ទំនិញ​បរទេសមួយ មានន័យ​ស្មើនឹង​ជួយ​បង្កើត​ការងារ​ឲ្យ​ក្រុមហ៊ុន​បរទេស​មួយកន្លែង​។

​ការចំណាយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ផល​ច្រើន គឺ​ការជួយ​ទិញ​ទំនិញ​ដែល​ផលិត​ដោយ​អ្នកវិនិយោគ​ខ្មែរ​។ ទិញ​ផ​លិ​ផល​ខ្មែរ​មួយ​ជួយ​ផលិត​ការងារ​ជូន​ខ្មែរ​មួយកន្លែង​។ តែ​អ្វី​ដែលជា​រឿង​អកុសល គឺថា ប្រទេស​កម្ពុជា​ស្ថិតនៅ​ជា​ប្រទេស​ដែល​នាំចូល ច្រើនជាង​នាំចេញ​ដដែល​។ បើ​កម្ពុជា​ជា​ប្រទេស​នាំចូល​ច្រើនជាង​នាំចេញ ដូច្នេះ ការចំណាយ​របស់​ពល​ខ្មែរ​កាន់តែច្រើន វា​នឹង​ជំរុញ​សេដ្ឋកិច្ច​ប្រទេសក្រៅ​កាន់តែខ្លាំង ហើយ​កម្ពុជា​ខ្លួនឯង ទទួលបាន​ផល​តិចជាងគេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com