កីឡាជាតិ
ជាតិ
លោក អេ ភូ​ថង ឡើង​សង្វៀន​ប្រកួត​ដើម្បី​យក​តម្លៃ​ខ្លួន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​នៅ​ដើមខែ​មិថុនា​
15, May 2017 , 3:14 pm        
រូបភាព
លោក អេ ភូថង បាន​ចូល​រួម​វគ្គ​បណ្តាះបណ្តាលស្តីពីការដឹកនាំនឹងគ្រប់គ្រងរបស់គ្រូបង្វឹកដល់កីឡាករ កាលពីពេល​ថ្មីៗ​កន្លងមកនេះ
លោក អេ ភូថង បាន​ចូល​រួម​វគ្គ​បណ្តាះបណ្តាលស្តីពីការដឹកនាំនឹងគ្រប់គ្រងរបស់គ្រូបង្វឹកដល់កីឡាករ កាលពីពេល​ថ្មីៗ​កន្លងមកនេះ
ដោយ:
​ក្រោយ​បាត់​មុខ​នៅលើ​សង្វៀន​ប្រកួត​អស់​រយៈពេល​ជិត​១០​ឆ្នាំ​អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រកួត​ម្តងទៀត​នា​ដើមខែ​មិថុនា ខាងមុខនេះ នៅលើ​សង្វៀន ភី​អិន​អិន​។ សម្រាប់​ការឡើង​សង្វៀន​លើក​នេះ​គ្រូ​ប្រដា​ល់វ័យ​៤៣​ឆ្នាំ​រូបនេះ ត្រូវ​ជួប​ប្រកួត​៣​ទឹក​ជាមួយ​គ្រូបង្វឹក​ប្រដាល់​ថៃ [​ដែល​មិនទាន់​បង្ហើប​ឈ្មោះ​] លើ​ប្រភេទ​ទម្ងន់​១០០​គីឡូក្រាម​។ លោក អេ ភូ​ថង នឹង​យក​ថវិកា​ដែល​បានមកពី​ការឡើង​សង្វៀន​របស់ខ្លួន​ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ដល់​កុមារ​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​។​



​នា​ថ្ងៃទី​៤ ខែមិថុនា ខាងមុខនេះ អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ជង្គង់​ហោះ​កែង​ឆេះ អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រកួត​របស់ ភី​អិន​អិន ដើម្បី​យក​ថវិកា​ដែល​បានមកពី​ការឡើង​សង្វៀន​ធ្វើជា​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ សម្រាប់​ការឡើង​សង្វៀន​លើក​នេះ អេ ភូ​ថង ត្រូវ​ជួប​ប្រកួត​បី​ទឹក​លើ​ប្រភេទ​ទម្ងន់​១០០​គីឡូក្រាម តែ​មិនទាន់​ដឹង​ជួប​ជាមួយ​កីឡាករ​រូប​ណា​នោះទេ គ្រាន់តែ​ដឹងថា ជា​ជនជាតិ​ថៃ​។ នេះ​បើ​យោងតាម​លោក អេ ភូ​ថង​។

​គ្រូបង្វឹក​វ័យ​៤៣​ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា តាំងពី​លោក​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់ គឺ​មិន​ធ្លាប់ធ្វើ​អ្វីមួយ​ដើម្បី​ចូលរួមចំណែក​ក្នុង​អំពើ​មនុស្សធម៌​នោះទេ ពោលគឺ​នេះ​ជា​លើកទីមួយ​សម្រាប់​អតីត​កីឡាករ​ជើង​ខ្លាំង​រូបនេះ​។ តែ​យ៉ាងណា លោក​បាន​អះអាងថា លោក​ចង់​ធ្វើ​សកម្មភាព​បែបនេះ​ជាច្រើនលើក​រួចមកហើយ តែ​ពុំមាន​ស្ថាប័ន​ណាមួយ​អនុញ្ញាត​ឲ្យ​រៀបចំ​។​

«​ទោះបី​ឥឡូវ​ខ្ញុំ​ធាត់​ដុះ​ក្បាល់ពោះ តែ​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​ជួយ​ដល់​សង្គម ដូច្នេះ​ដោយសារ​មិន​ដឺ​ង​ថា មាន​វិធីសាស្ត្រ​អ្វី​ជួយ​ដល់​ក្មេងៗ​មានតែ​រៀបចំ​កម្មវិធី​ឲ្យ​ខ្ញុំ​បាន​ឡើង​ប្រកួត ហើយ​ថវិកា​ឧបត្ថម្ភ​របស់​យើង យើង​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៅ ដើម្បី​ជួយ​ដល់​ក្មេងៗ​នៅតាម​ខេត្ត​។ មិន​ថា​កូន​គេ ឬ​កូន​ខ្ញុំ​នោះទេ​នៅពេល​ជួប​បញ្ហា​ខ្វះខាត ត្រូវតែ​ស្វែងរក​កន្លែង​ណា​ដែល​ព្យាបាល​មិន​អស់​លុយ ដូច្នេះ​ខ្ញុំ​គិតថា ដើម្បី​ជួយ​ដល់​ក្មេងៗ​ទាំងនោះ​មានតែ​ខ្ញុំ​ធ្វើ​តាមរយៈ​មន្ទីរ​គន្ធ​បុ​បា្ផ​នោះទេ​»​។ នេះ​ជាស​ម្តី លោក អេ ភូ​ថង​។

​ទោះបី​ការប្រកួត​នេះ​ធ្វើឡើង​ក្រោមរូបភាព​មនុស្សធម៌ តែ​អតីត​កីឡាករ​ដែលមាន​ដើមកំណើត​មកពី​ខេត្តកោះកុង​រូបនេះ​អះអាងថា លោក​នឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថ​ភាពមិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខកចិត្ត​នោះទេ​។ លោក​បាន​បន្ថែមថា ទោះបី​មាន​អាយុ​ច្រើន ហើយ​រាង​ធាត់​ជាង​មុខ​ខ្លាំង​ក៏ដោយ ប៉ុន្តែ​បច្ចេកទេស និង​កម្លាំង​មិន​ថមថយ​នោះទេ​។​

​គួរ​បញ្ជាក់ថា លោក អេ ភូ​ថង បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​តាំងពី​អាយុ​៨​ឆ្នាំ ហើយ​បាន​ឡើង​សង្វៀន​ប្រកួត​នៅ​អាយុ​១២​ឆ្នាំ គិត​ត្រឹម​ឆ្នាំ​២០០៨ ដែល​លោក​ឈប់​ឡើង​សង្វៀន កីឡាករ​រូបនេះ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​ចំនួន​ជាង​៥០០​ដង​។ បច្ចុប្បន្ន​លោក​ជា​មន្ត្រី​ចៅក្រម អាជ្ញាកណ្តាល និង​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ហើយក៏​ជា​ស្ថាបនិក​ក្លិប​ប្រដាល់ អេ ភូ​ថង កីឡា​ផងដែរ​។

​អតីត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​រូបនេះ បាន​សំណូមពរ​ដល់​ទស្សនិកជន ក៏ដូចជា​សប្បុរសជន​ជូន​រួម​ទស្សនាការ​ប្រកួត​នេះ​ឲ្យ​បាន​ច្រើន​កុះករ ជាពិសេស​ចូលរួមចំណែក​បរិច្ចាគ​ថវិកា ដើម្បី​ចូល​ចំណែក​ជួយ​ដល់​កុមារ​ក្រីក្រ​នៅតាម​ជនបទ​តាមរយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ លោក​បាន​បញ្ជាក់ថា អ្នកទស្សនា​មិន​ត្រឹមតែ​បាន​ទស្សនាការ​ប្រកួត​ដ៏​ជក់ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួមចំណែក​ក្នុង​អំពើ​មនុស្សធម៌​ទៀតផង​៕ 

Tag:
 ប្រដាល់​
  អេ ភូ​ថង
© រក្សាសិទ្ធិដោយ thmeythmey.com