កីឡាអន្តរជាតិ
អន្តរជាតិ
Formula One៖ Hamilton ជួយ Mercedes ឈរ​លេខ​១ ក្រោយ​ឈ្នះ​នៅ​ទីលាន Spanish Grand Prix
15, May 2017 , 4:42 pm        
រូបភាព
Lewis Hamilton ឈ្នះ​ការប្រណាំង​រថយន្ត Formula One (F1) នៅ​ទីលាន​ប្រទេស​អេ​ស្ប៉ា​ញ Spanish Grand Prix ដោយ​ប្រើ​ថេរវេលា​តិចជាងគេ​។ នេះ​ជា​ជ័យជម្នះ​ទី​២​របស់ Hamilton នា​ការប្រកួត​ក្នុង​ទីលាន​ទី​៥​នៅ​រដូវ​កាល​នេះ​។​



​អ្នក​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក F1 របស់​ចក្រភព​អង់គ្លេស​ដែល​បើកបរ​ឲ្យ​ក្រុម Mercedes កីឡាករ Lewis Hamilton បាន​យកឈ្នះ​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ Sebastian Vettel នៃ​ការប្រណាំង​នៅ​ទីលាន Spanish Grand Prix  ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ Hamilton ធ្វើបាន​ក្នុង​ថេរវេលា ១​ម៉ោង ៣៥​នាទី និង​៥៦,៤៩៧​វិនាទី​។ Vettel ដែល​បើកបរ​ឲ្យ​ក្រុម Ferrari ស្ថិតនៅ​ចំណាត់​ទី​២ ហើយ​ចំណាត់ថ្នាក់​ទី​៣​បាន​ទៅ​កីឡាករ Daniel Ricciardo របស់​ក្រុម Red Bull​។​



​នេះ​ជា​ជ័យជម្នះ​លើក​ទី​២​សម្រាប់​អ្នក​ប្រណាំង​រថយន្ត​វ័យ​៣២​ឆ្នាំ​ក្នុង​រដូវ​កាល​ថ្មី​នេះ ដែល​ការ​ឈ្នះ​លើកដំបូង​ស្ថិតនៅ​ទីលាន​ប្រទេស​ចិន Chinese Grand Prix​។



​ក្រោយពី​ប្រណាំង​៥​ទីលាន​កន្លង Hamilton ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ មាន​៩៨​ពិន្ទុ​ក្នុង​តារាង F1 World Champion បណ្តោះអាសន្ន ខណៈ Vettel ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ មាន​១០៤​ពិន្ទុ​។ ប៉ុន្តែ​បើ​គិតពី​ចំណាត់ថ្នាក់​គ្រឿង​ម៉ាស៊ីន (CONSTRUCTOR STANDINGS) វិញ ក្រុម​ប្រណាំង Mercedes របស់​អាល្លឺម៉ង់ ដែល​បើកបរ​ដោយ Lewis Hamilton និង​កីឡាករ​សញ្ជាតិ​ហ្វាំ​ង​ឡង់ Valtteri Bottas មាន​១៦១​ពិន្ទុ នាំមុខ​ក្រុម​ប្រណាំង Ferrari របស់​ក្រុមហ៊ុន​អ៊ីតាលី​មាន​១៥៣​ពិន្ទុ ដែល​បើកបរ​ដោយ​កីឡាករ Sebastian Vettel និង Kimi Raikkonen​។​


                   តារាងពិន្ទុរបស់កីឡាករក្រោយការប្រណាំង៥ទីលានកន្លងមក


                   តារាងពិន្ទុរបស់ក្រុមប្រណាំងរថយន្តទាំង១០

​ការប្រកួត​បន្ទាប់​នឹងត្រូវ​ធ្វើឡើង​នៅ​ទីលាន Monaco Grand Prix ក្នុង​ទីក្រុង​មុង​តេ​កា​ឡូ ប្រទេស Manaco នា​ថ្ងៃទី​២៥​ដល់​២៨ ខែឧសភា ឆ្នាំ​២០១៧​ខាងមុខនេះ​៕


Tag:
 ប្រណាំង​រថយន្ត​F1
  Hamilton
  Vettel
© រក្សាសិទ្ធិដោយ thmeythmey.com