ជាតិ
សេដ្ឋកិច្ច
កម្ពុជារក្សាកំណើនសេដ្ឋកិច្ច ៧ភាគរយ នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត AKP
× ភ្នំពេញ៖ កម្ពុជាអាចនឹងទទួលបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ដែលជាកំណើនរឹងមាំដូចបណ្ដាឆ្នាំមុនៗដែរ។ នេះបើតាមរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីសប្ដាហ៍មុន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករពីវិស័យធំៗទាំងបី ដែលជាមូលដ្ឋានសម្រាប់ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ។ បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច វិស័យកសិកម្មអាចនឹងសម្រេចបានកំណើនប្រមាណ ១,៩៦ ភាគរយនៅឆ្នាំ២០១៧ និង ១,៩៩ ភាគរយនៅឆ្នាំ២០១៨ ដោយសារកត្តាអាកាសធាតុអំណោយផល និងការបង្កើនចំណាយរបស់រដ្ឋាភិបាលលើវិស័យនេះ។
របាយការណ៍ដដែលបន្តទៀតថា វិស័យឧស្សាហកម្មអាចនឹងមានកំណើនប្រមាណ ១០,៦៦ភាគរយនៅឆ្នាំ២០១៧ និងថមថយបន្តិចមកនៅត្រឹម ១០,១១ ភាគរយ ដោយសារតែព្រឹត្តិការណ៍បោះឆ្នោតសកលដែលធ្វើឲ្យស្ទាក់ស្ទើរក្នុងការវិនិយោគ និងការថមថយនៃសេដ្ឋកិច្ចប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ប៉ុន្តែនឹងត្រូវជួយបំពេញបន្ថែមដោយកំណើនផលិតកម្មក្នុងស្រុក។ វិស័យកាត់ដេរ និងវិស័យសំណង់មានកំណើនថមថយបន្តិច តែបំពេញបន្ថែមដោយវិស័យមិនមែនកាត់ដេរ ដូចម្ហូបអាហារ និងភេសជ្ជៈ, គ្រឿងបង្គុំអេឡិចត្រូវនិច គ្រឿងបន្លាស់ និង គ្រឿងសង្ហារឹមជាដើម។
ចំពោះវិស័យសេវាកម្មអាចនឹងមានកំណើនប្រមាណ ៦,៥៣ ភាគរយនៅឆ្នាំនេះ និង ៦,៦៦ភាគរយនៅឆ្នាំក្រោយ ដោយសារកំណើននៃវិស័យទូរគមនាគមន៍ និងលក់ដុំនិងលក់រាយ ទោះបីវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ថមថយក្ដី។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅបន្តមានស្ថិរភាព និងកាន់តែរឹងមាំ។ លោកបន្តថា៖«ជាក់ស្ដែង យើងបានគ្រប់គ្រងអត្រាអតិផរណាឲ្យស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ពោលគឺប្រមាណ ៣,៥ ភាគរយក្នុងឆ្នាំ២០១៧ នេះ និងប្រមាណ ៣,៨ នៅក្នុងឆ្នាំ២០១៨ ទោះបីថ្លៃប្រេង និងម្ហូបអាហារមានការកើនឡើងបន្តិចក្ដី»។
របាយការណ៍ខាងលើបានលើកឡើងទៀតថា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមហានិភ័យចម្បងៗពីក្រៅប្រទេសដូចជា ការរឹតបន្តឹងគោលនយោបាយរូបបិយវត្ថុរបស់សហរដ្ឋអាមេរិក។ ភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អាមេរិក។ ការចាកចេញរបស់អង់គ្លេស និងភាពមិនច្បាស់លាស់នៃតំបន់អឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ការថមថយសេដ្ឋកិច្ចចិន។ ការងើបឡើងនៃតម្លៃប្រេង។ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភេវកម្ម និងបញ្ហាសន្តិសុខសកល៕
Tag:
GDP
កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com