English-Français
ជាតិ
ប្រធាន​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​៖«​ខ្ញុំ​សង្ឃឹមថា​ការរីកចម្រើន​នៅ​ភ្នំពេញ​តំណាង​ឲ្យ​ការអភិវឌ្ឍ​ទូទាំង​កម្ពុជា​»
16, May 2017 , 8:19 am        
រូបភាព
លោកស្រី Arancha Gonzalez‏ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា( រូបភាព៖ World Economic Forum)
លោកស្រី Arancha Gonzalez‏ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា( រូបភាព៖ World Economic Forum)
២០​ឆ្នាំមុន​លោកស្រី Arancha Gonzalez‏ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Center) មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងនាម​ជា​អ្នកទេសចរ ។  ក្រោយ​ត្រឡប់មក​កម្ពុជា ២០ ឆ្នាំក្រោយ​ក្នុងនាម​ជា​ប្រតិភូ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​កម្ពុជា លោកស្រី​បង្ហាញ​អារម្មណ៍​ភ្ងា​ក់​ផ្អើល​ខ្លាំង ព្រោះ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។



​សូម​ស្តាប់​សម្ភាសន៍​លម្អិត​រវាង​លោក សៅ ផល​និស្ស័យ ជាមួយ​លោកស្រី  នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Center) ៖





​លោកស្រី Arancha Gonzalez មើលឃើញ​ការអភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​,​សម្ភារៈប្រើប្រាស់​ដូចជា​រថយន្ត​ដែល​គេ​ប្រើប្រាស់ និង​តាមរយៈ​ការហូបចុក និង​ការ​ស្លៀកពាក់​របស់​ប្រជាជន​កម្ពុជា​ជាដើម​។ ថ្វី​មិនបាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ផ្សេងទៀត​ក៏ដោយ លោកស្រី​ជឿជាក់ថា អ្វីដែល​លោកស្រី​មើលឃើញ​នៅ​រាជធានី​ភ្នំពេញ​អាចជា​តំណាង​ឲ្យ​ការអភិវឌ្ឍ​ទូទាំង​កម្ពុជា​ទាំងមូល​។​


           លោកស្រីArancha Gonzalez‏ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ

​ទោះបីជា​មានការ​លើកសរសើ​រ​ពី​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា​ដូច្នេះ​ក្តី គេ​ឃើញ​មានការ​រិះគន់​ពាក់ព័ន្ធ​គម្លៀត​រវាង​អ្នកមាន​និង​អ្នកក្រ​នៅក្នុង​សង្គម​កម្ពុជា ក៏ដូចជា​ភាពក្រីក្រ​នៅតាម​ទីជនបទ​ផងដែរ​។​

​ត្រឡប់មកវិញ ក្នុងនាម​ជា​តំណាង​ឲ្យ​ស្ថាប័ន​ដែ​គូ​រដ្ឋាភិបាល​កម្ពុជា លោកស្រី​បាន​ចូលជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​១២ ឧសភា​។ លោកស្រី​បាន​ជជែក​ពី​បញ្ហាសំខាន់ៗ​ជាច្រើន​ក្នុងនោះ ពាណិជ្ជកម្ម ជួយ​ដល់​ការរីកចម្រើន​នៅ​កម្ពុជា​, កិច្ចការងារ​បន្ត​ដែល​កម្ពុជា​ត្រូវធ្វើ​ជាពិសេស​ជួយ​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​កាន់តែ​សកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​។ ក្រៅពីនេះ លោកស្រី និង​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​ជជែក​គ្នា​ផងដែរ​ពី​ការជំរុញ​ឲ្យ​ស្ត្រី​និង​ផ្តល់​អំណាច​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ចជាតិ​។ លោកស្រី​ប្រាប់​សម្តេច​ថា ការលើកស្ទួយ​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​ដូច្នេះហើយ​ទើបបានជា​កម្ពុជា​អាច​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​បែបនេះ​។

លោកស្រី Arancha Gonzalez‏ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល
ពាណិជ្ជកម្មអន្តរជាតិក្នុងឱកាសជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន( រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុ​ន សែន)

​ស្ថាប័ន​លោកស្រី​ក៏​នឹង​បន្ត​តួនាទី​ជួយ​ជ្រោមជ្រែង​កម្ពុជា​នៅពេល​ខាងមុខ​តាមរយៈ​ការជំរុញ​ការប្រកួតប្រជែង ចូលរួម​ក្នុង​ពាណិជ្ជកម្ម​សេរី​និង​លើកកម្ពស់​។ កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​នៅតែ​បន្ត​ទៅមុខទៀត​៕


Tag:
 Arancha Gonzalez
  WEF
  ASEAN
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com