ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​ប្រធាន​គ​.​ជ​.​ប លោក អ៊ឹម សួស្តី ត្រូវបាន​សភា បោះឆ្នោតជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្
16, May 2017 , 8:33 am        
រូបភាព
លោក អ៊ឹម សួស្តី អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​លោក ពិត តាំង​សាន ដែល​ទើបតែ​ទទួលមរណភាព កាលពីពេល​ថ្មីៗ​នេះ​។ លោក អ៊ឹម សួស្ដី ទទួលបានសំឡេងគាំទ្រ៦៦ លើ១៦ តាមរយៈការបោះឆ្នោត ក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២0១៧នេះ។


​បើតាម​លោក ឡេង ប៉េងឡុង បេក្ខជន ដែល​បានដាក់​ពាក្យ​ទៅកាន់​រដ្ឋសភា មាន​ចំនួន​៣​រូប​។ ប៉ុន្តែ លោក អះអាងថា ក្នុងចំណោម​បេក្ខជន​ទាំង​៣​រូបនោះ គឺមាន​តែ​លោក អ៊ឹម សួស្តី តែ​ម្នាក់​ប៉ុណ្ណោះ ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ ក្នុងការ​ឈរឈ្មោះ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​មានតែ​ឯកឧត្តម អ៊ឹម សួស្តី​ទេ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​។ បេក្ខជន​២​នាក់​ទៀត មិន​គ្រប់​លក្ខខណ្ឌ​ទេ​»​។ 

​ដំបូង បេក្ខជន ត្រូវ​ទទួល​ការគាំទ្រ​ពី​តំណាងរាស្ត្រ​យ៉ាងតិច ចំនួន​១៣​រូប មុននឹង​ដាក់ពាក្យ​ទៅកាន់​រដ្ឋសភា ដើម្បី​សុំ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។ លក្ខខណ្ឌ​ផ្សេងទៀត គឺ​បេក្ខជន ត្រូវមាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើងទៅ និង​មាន​បទពិសោធ​ការងារ​យ៉ាងតិច​១៥ ឆ្នាំ​។ ម្យ៉ាងវិញទៀត បេក្ខជន ក៏​ត្រូវមាន​សញ្ញាបត្រ ចាប់ពី​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ឡើងទៅ​ផងដែរ ដើម្បី​អាច​សុំ​ឈរឈ្មោះ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់លោក ឡេង ប៉េងឡុង ដដែល​។

​មាត្រា ១៣៨ ថ្មី ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា បាន​ចែងថា​៖«​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​ជ្រើសរើស​ក្នុងចំណោម​ឥស្សរជន ដែលមាន​សញ្ញាបត្រ​ចាប់ពី​ឧត្ដមសិក្សា​ទៅ ខាងច្បាប់ ខាង​រដ្ឋបាល ខាង​ការទូត ឬ​ខាង​សេដ្ឋកិច្ច ហើយ​ពិសោធន៍​ច្រើន​ក្នុង​ការងារ​»​។​

​សូមបញ្ជាក់ថា លោក អ៊ឹម សួស្តី ធ្លាប់​ធ្វើជា​ប្រធាន​គ​.​ជ​.​ប ចំនួន​២​អាណត្តិ​។ ក្រោយពី​អស់តំណែង​ជា​ប្រធាន​គ​.​ជ​.​ប កាលពីដើមឆ្នាំ​២០១៥ លោក អ៊ឹម សួស្តី ក៏ត្រូវ​បានតែងតាំង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​។ ក្រោយមកទៀត រដ្ឋាភិបាល ក៏​ដំឡើង​លោក អ៊ឹម សួស្តី ទៅជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ពិសេស​៕

Tag:
 អ៊ឹម សួស្ដី
© រក្សាសិទ្ធិដោយ thmeythmey.com