កីឡាជាតិ
ជាតិ
អត្ថបទពាណិជ្ជកម្ម
Leo Cup៖ គ្រូបង្វឹក​កងពលធំ​លេខ​៣​ចាត់ទុក​ការ​ចាញ់​ក្រុម​វិសាខា​មិនមែន​ជាការ​ចាញ់​ក្រុម​កម្ពុជា​ដូចគ្នា​
16, May 2017 , 1:50 pm        
រូបភាព
​ទោះបី​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ បាន​បរាជ័យ​ក្រោម​ថ្វីដៃ​របស់​ក្រុម​វិសាខា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Leo Cup International Volleyball ប្រចាំឆ្នាំ​២០១៧​។ ប៉ុន្តែ លោក សេត ស៊ីន​ណា​រ៉ា គ្រូបង្វឹក​កងពលធំ​លេខ​៣​មិនមាន​ការសោកស្តាយ​នោះទេ ថែមទាំង​ទទួលស្គាល់​ដោយ​ក្តី​ត្រេកអរ​ទៀតផង ព្រោះ​លោក​ចាត់ទុកថា ការ​ចាញ់​នេះ​មិនមែន​ចាញ់​ក្រុម​កម្ពុជា​ដូចគ្នា​។

​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ នៅតែ​មិនអាច​បំបែក​កំណត់ត្រា​របស់ខ្លួន បន្ទាប់ពី​ក្រុម​នេះ​បន្ត​ចាញ់​ក្រុម​វិសាខា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ពានរង្វាន់ Leo Cup International Volleyball ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​១៣ ខែឧសភា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​បាន​ជួយ​ឲ្យ​ក្រុម​វិសាខា​បន្ត​គ្រង​តំណង​ជើងឯក ខណៈ​កងពលធំ​លេខ​៣​បន្ត​គ្រង​តំណែង​ជើងឯក​រង​នៃ​ពានរង្វាន់​នេះ​។ ក្រុម​ទាំងពីរ​នេះ ធា្ល​ប់​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​រួចមកហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​ពានរង្វាន់​ខេ​ម​បូ​ឌា​លី​ក​ឆ្នាំ​២០១៧ ដោយ​កាលនោះ​ក្រុម​វិសាខា​ទទួល​ជ័យជម្នះ​ទាំងពីរ​លើក​។



​តែ​យ៉ាងណា សម្រាប់​ការ​ចាញ់​លើក​នេះ​គ្រូបង្វឹក​កងពលធំ​អន្តរាគមន៍​លេខ​៣ លោក សេត ស៊ីន​ណា​រ៉ា មិន​ត្រឹមតែ​មិនមាន​ការសោកស្តាយ ឬ​អន់ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលស្គាល់​លទ្ធផល​ដោយ​ក្តី​រីករាយ ព្រោះ​លោក​ចាត់ទុកថា ការ​ចាញ់​នេះ​មិនមែន​ចាញ់​ក្រុម​កម្ពុជា​ដូចគ្នា​ដោយមាន​ការរួមចំណែក​យ៉ាង​ធំ​ពី​កីឡាករ​បរទេស​។ លោក​បាន​បញ្ជាក់ថា ប្រសិនបើ​ក្រុម​វិសាខា​មិនមាន​កីឡាករ​ថៃ​ទាំងបី​នាក់ គឺ​ក្រុម​លោក​មិន​បរាជ័យ​នោះទេ​។


            លោក សេត ស៊ីនណារ៉ា គ្រូបង្វឹកក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ

​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​គ្រូបង្វឹក​រូបនេះ​បាន​វាយតម្លៃថា វត្តមាន​របស់​កីឡាករ​ថៃ​ទាំងបី​ក្នុង​ក្រុម​វិសាខា គឺអាច​ជួយ​ក្រុម​នេះ​រហូតដល់​៨០​ភាគរយ​ក្នុង​ជ័យជម្នះ ៣-០ លើ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​។ កត្តា​ទាំងនេះ​ទើប​ធ្វើ​ឲ្យ​លោក និង​ថ្នាក់ដឹកនាំ​ក្លិប​មិនមាន​ការ​អន់ចិត្ត​ចំពោះ​លទ្ធផល​នេះ​។​

«​កូនក្រុម​របស់ខ្ញុំ​លេង​បានល្អ តែដោយសារ​សមត្ថភាព​យើង​សម្រាប់តែ​លេង​ក្នុងប្រទេស អ៊ីចឹង​នៅពេល​ក្រុម​វិសាខា​គេ​យក​ជម្រើសជាតិ​ថៃ​ចំនួន​៣​រូប​ឲ្យ​លេង​ជាមួយ​យើង គឺ​យើង​ជូ​ប​ការលំបាក​។ តែ​យ៉ាងណា សម្រាប់​ការ​ចាញ់​នេះ គឺ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​មិនបាន​ចាញ់​ក្រុម​កម្ពុជា​ដូចគ្នា​គឺមាន​កីឡាករ​ថៃ​៣​រូប​។ ប្រសិនបើ​កម្ពុជា​ដូចគ្នា ខ្ញុំ​មិនអាច​បរាជ័យ​បាន​នោះទេ ព្រោះ​កីឡាករ​ថៃ​៣​រូបនេះ​ជួយ​វិសាខា​បាន​ច្រើនណាស់​រហូត​៨០​ភាគរយ​»​។ នេះ​ជាការ​លើកឡើង​របស់ សេត ស៊ីន​ណា​រ៉ា​។​

​ជាមួយគ្នានេះ គ្រូបង្វឹក​ក្រុម​វិសាខា លោក សាន សុ​ក្រិ​ត្យ ទទួលស្គាល់​ចំពោះ​ការលើកឡើង​របស់​គ្រូបង្វឹក​កងពលធំ​អន្តរាគមន៍​លេខ​៣​ថា កីឡាករ​ថៃ​ទាំងបី​រូបនេះ​ពិតជា​ជួយ​ក្រុម​របស់លោក​បាន​ច្រើន​មែន​ក្នុងការ​យកឈ្នះ​ក្រុម​កងពលធំ​លេខ​៣ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​នេះ​។ «​ខ្ញុំ​គិតថា គាត់​ជួយ​បាន​ច្រើន​ពី​៦០​ទៅ​៧០​ភាគរយ​។ គាត់​ជួយ​ដឹកនាំ​ក្រុម​លេង​ទាំងអស់ ជាពិសេស​គាត់​ជួយ​ដឹកនាំ​កីឡាករ​លេង​បានល្អ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក សាន សុ​ក្រិ​ត្យ​។


                            លោក សាន សុក្រិត្យ គ្រូបង្វឹកក្រុមវិសាខា

​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា ទោះបី​មិនមាន​កីឡាករ​ថៃ​ទាំងបី ក៏​មិនមាន​បញ្ហា​អ្វី​សម្រាប់​ក្រុម​លោក​នោះដែរ ព្រោះ​ក្រុម​វិសាខា​ធ្លាប់​យកឈ្នះ​ក្រុម​នេះ​ពីរលើក​រូ​ច​មកហើយ គ្រាន់តែ​ការប្រកួត​មាន​លក្ខណ​លំបាក​ជាង​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ លោក​បាន​ចាត់ទុកថា ការយក​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឲ្យ​មក​ចូលរួម​លេង​ជាមួយ​ក្រុម​កម្ពុជា គឺ​កម្ពុជា​ទទួលផល​ប្រយោជន៍​ច្រើន​តាមរយៈ​ការទទួលបាន​បទពិសោធ​ន៍ និង​បច្ចេកទេស​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ 

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ក្រុម Vinh Long របស់​វៀតណាម​បាន​យកឈ្នះ​ក្រុម​កំពង់ចាម ៣-២​។ ក្នុងនោះ​ក្រុម​ជើងឯក​វិសាខា​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៤០​លាន​រៀល​, ក្រុម​លេខ​២​កងពលធំ​លេខ​៣​ទទួលបាន​១៦​លាន​រៀល​, ក្រុម Vinh Long បាន​៨​លាន​រៀល និង​ក្រុម​កំពង់ចាម​៤​លាន​រៀល​៕







(អត្ថបទពាណិជ្ជកម្ម)


Tag:
 បាល់ទះ​
  Leo Cup 2017
  សេត ស៊ីន​ណា​រ៉ា​
  សាន សុ​ក្រិ​ត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com