កីឡាជាតិ
ជាតិ
កីឡាទាញព្រ័ត្ររៀបចំជើងឯកជាតិដើម្បីបង្ហាញសក្តានុពល មុនដាក់សំណើរធំៗ៣ទៅក្រសួងអប់រំ
× សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជានឹងរៀបចំជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ជាលើកដំបូង ដើម្បីបង្ហាញពីសក្តានុពលរបស់សហព័ន្ធ មុនដាក់សំណើរធំៗចំនួន៣ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ដោយមានក្លិប-សមាគមប្រមាណជា២០មកពី៨រាជធានី-ខេត្តចូលរួម។
កីឡាទាញព្រ័ត្រក្រោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំជើងឯកជាតិប្រចាំឆ្នាំ២០១៧ ដើម្បីបង្ហាញសក្តានុពលថា ខ្លួនមានធនធាន និងបច្ចេកទេសគ្រប់គ្រាន់។ ការធ្វើបែបនេះ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសរបស់កីឡាករ គ្រូបង្វឹក និងមន្ត្រីរបស់សហព័ន្ធឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ម្យ៉ាងទៀត ដើម្បីឲ្យថ្នាក់ដឹកនាំកីឡាកម្ពុជាបានឃើញពីសមត្ថភាពរបស់កីឡាករកីឡាការិនីដែលមកពីតាមបណ្តាក្លិប-សមាគមរបស់រាជធានី ខេត្តដែលចំណុះសហព័ន្ធ។ ការបង្ហាញនេះ ព្រោះសហព័ន្ធគ្រោងដាក់សំណើរទៅកាន់ក្រសួងអប់រំ យុវជន និងកីឡាសុំបញ្ចូលកីឡាទាញព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាជាតិ, សុំការប្រមូលផ្តុំកីឡាករជម្រើសជាតិ និងរៀបចំជើងឯកអាស៊ីអាគ្នេយ៍។ នេះបើតាមការអះអាងរបស់លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។
លោកបានបន្តថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាយល់ព្រមនូវសំណើរនេះ កីឡាទាញព្រ័ត្រនឹងមានការរីកចម្រើនកាន់តែខ្លាំងទាំងផ្នែកបច្ចេកទេស និងធនធានមនុស្សសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ «ខ្ញុំគិតថា សំណើទាំងនេះ ពិតជាផ្តល់ផលចំណេញច្រើនដល់សហព័ន្ធយើង ក្នុងការពង្រីកសមត្ថភាព បច្ចេកទេស និងអភិវឌ្ឍន៍ធនធានមនុស្សឲ្យកាន់តែរីកចម្រើសម្រាប់ឈានឆ្ពោះទៅជោគជ័យនាឆ្នាំ២០២៣»។ នេះជាអះអាងរបស់លោក មាស សារិន។
គួរបញ្ជាក់ថា ការប្រកួតជើងឯកជាតិឆ្នាំ២០១៧ មានក្លិប-សមាគមនចំនួន២០មកពី ខេត្តកំពត, កណ្តាល, សៀមរាប, ព្រៃវែង, ស្ទឹងត្រែង, ស្វាយរៀង, កំពង់ឆ្នាំង និងរាជធានីភ្នំពេញចូលរួម។ ការប្រកួតបែងចែកចេញជា៤៧ក្រុម មានកីឡាករកីឡាការិនីសរុប៤៧០នាក់ ដោយអត្តពលិកទាំងនេះប្រកួតលើ៥វិញ្ញាសា គឺបុរស-នារីអាយុក្រោម២៣ឆ្នាំ, បុរស-នារីអាយលើ២៣ និងចម្រុះបុរសនារីអាយុលើ២៣ឆ្នាំ។ ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧៕
Tag:
ទាញព្រ័ត្រ
មាស សារិន
ជើងថ្នាក់ជាតិឆ្នាំ២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com